ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិកសភា​១៥៨​រូប​ពី​ជាង​២០​ប្រទេស សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ឲ្យ​បក្សប្រឆាំង ដំណើរការ​ឡើងវិញ​
05, Dec 2017 , 5:38 pm        
រូបភាព
ទីស្នាក់ការ CNRP ក្រោយតុលាការកំពូល​ប្រកាសរំលាយ។ រូបថត AFP
ទីស្នាក់ការ CNRP ក្រោយតុលាការកំពូល​ប្រកាសរំលាយ។ រូបថត AFP
​ភ្នំពេញ​៖ សមាជិកសភា​១៥៨​រូប មកពី​ជាង​២០​ប្រទេស បានរួម​គ្នា​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨​។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្សកាន់អំណាច ឆ្លើយតប​ថា រដ្ឋាភិបាល​កម្ពុជា មិន​យកចិត្តទុកដាក់​នឹង​សំណើ​នេះឡើយ ហើយក៏​ឆ្លៀត​ប្រាប់​ទៅ​សមាជិកសភា​ទាំងនោះ ឲ្យ​រក​វិធី​ដោះស្រាយ​ភាពវឹកវរ​ក្នុងប្រទេស​របស់ខ្លួន​វិញ ល្អ​ជាង​។



​ការបន្ត​ឃុំខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការរំលាយចោល​ពី​សំណាក់​តុលាការ​កំពូល ធ្វើ​ឲ្យ​ការ​ឈឺឆ្អាល​របស់​សហគម​ន៍​អន្តរជាតិ កាន់តែ​រីក​សុះសាយ​។ សមាជិកសភា១៥៨រូប មកពី​ប្រទេស​ចំនួន​២៣ ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី អាហ្វ្រិក​ខាងត្បូង អ៊ីតាលី អា​លឺ្ល​ម៉​ង់ បារាំង កាណាដា អង់គ្លេស អេ​ស្ប៉ា​ញ និង​ស៊ុយអែត ជាដើម  បាន​ព្រមព្រៀង​ជាមួយគ្នា សរសេរ​លិខិត​ចំហ​មួយ ដើម្បី​សំដៅទៅ​កាន់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយផ្ទាល់​តែម្តង​។​

​គោលបំណង​ធំ​បំផុត​ក្នុង​លិខិត​ចំហ​របស់​សមាជិកសភា​ទាំងនោះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ស​ម្តេច ហ៊ុន សែន ទម្លាក់​ចោទប្រកាន់ ហើយ​ដោះលែង​ឲ្យ​លោក កឹម សុខា និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ផ្សេងទៀត ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​លុបចោល​នូវ​សេចក្តីសម្រេច​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ សមាជិក​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ ដែល​មកពី​បណ្តា​ប្រទេស​ខាងលើ បាន​សរសេរ​ក្នុង​លិខិត​ចំហ​យ៉ាង​ដូច្នេះ​៖«​ពួកយើង ជឿជាក់​យ៉ាង​មុតមាំ​ថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ការបន្ត​ឃុំខ្លួន​លោក កឹម សុខា នឹងធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ មិនមាន​ភាព​ត្រឹ​ត្រូវ​និង​យុត្តិធម៌​ជាដាច់ខាត​»​។

​ក្រៅពី​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរ​ដូចដើម  នៅមាន​ចំណុច​ធំៗ​មួយទៀត ដែល​ពួកគេ​ចង់បាន គឺ​ការអនុញ្ញាត​ឲ្យ​មន្ត្រី​ទាំងអស់​នៃ​គណបក្ស​នេះ រាប់​ចាប់តាំងពី​សមាជិក​រដ្ឋ​សភា សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា បោះឆ្នោត​ឲ្យ ចូល​បំពេញការងារ​វិញ​។

​លើសពីនេះ សមាជិក​សភាព​ខាងលើ ថែមទាំង​ស្នើ​ឲ្យ​លុបចោល​នូវ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តី​គណបក្សនយោបាយ ដែល​ត្រូវបាន​កែប្រែ​ដោយ​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​កាល​ពី​កន្លងទៅ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សហការ​ឲ្យ​បានល្អ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ធានា​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២0១៨ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

​លិខិត​ចំហ​ខាងលើ ត្រូវបាន​ចុះផ្សាយ​ក្នុង​គេហរ​ទំព័រ​របស់​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ។ ការចុះផ្សាយ​របស់​សមា​ជិ​ក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស នៅក្នុង​គេហទំព័​របស់ខ្លួន បាន​ឲ្យ​ដឹងថា លិខិត​ចំហ ដែល​ចុះហត្ថលេខា​ដោយ​សមាជិកសភា​ទាំង​១៥៨​រូប ត្រូវបាន​បញ្ជូន​ទៅកាន់​សម្តេច ហ៊ុន សែន នៅ​ព្រឹក​ពីថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២0១៧​។

​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ក៏​ជា​ស្ថាប័ន​មួយ ដែល​បានចេញ​សេចក្តីថ្លែងការណ៍ ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​ក្នុងចំណោម​សមាជិកសភា​ខាងលើ ដែល​ចូលរួម​ចុះហត្ថលេខា​លើ​លិខិត​ចំហ នៅ​ថ្ងៃទី​៤ ខែធ្នូ​នេះ ក៏​ទំនង​ជាមាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ផងដែរ​។

​សំណើ​របស់​តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា បាន​រង​ការ​សើចចំអក​ពី​សំណាក់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។ លោក សុខ ឥសាន បាន​សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) យ៉ាង​ដូច្នេះ​ថា​៖«​គួរ​ឲ្យ​អៀនខ្មាស​ខ្លាំងណាស់ ដែល​មុននឹង​និយាយ សមាជិកសភា​ទាំងនោះ មិនបាន​សិក្សា​ច្បាប់ ឲ្យ​បានច្បាស់លាស់ ជាមុនសិន​»​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​ហៅ​សមាជិកសភា​ទាំងនោះ ជាពិសេស​សំដៅ​ទៅលើ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ថា​ជា​បណ្តុំ​នៃ​សមាជិកសភា ដែល​មកពី​គណបក្សប្រឆាំង ដូចគ្នា​ទៅនឹង​សមាជិកសភា​ខាង​គណបក្សប្រឆាំង នៅ​កម្ពុជា​ដែរ​។ ដូច្នេះ លោក ក៏​អះអាងថា រដ្ឋាភិបាល​កម្ពុជា មិន​យកចិត្តទុកដាក់​នឹង​ការដាក់​គំនាប​របស់​សមាជិកសភា​ខាង​គណបក្សប្រឆាំង ដែល​មកពី​បណ្តា​ប្រទេស​ទាំង​នោះទេ​។

​លោក សុខ ឥសាន ធ្វើជា​សួរ​ទៅកាន់​សមាជិក​សមាជិក​សភា​ទាំងនោះ​ថា ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន មានបាន​បង្រៀន​ឲ្យ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​ដែរ​ទេ​? បន្ទាប់មក លោក ក៏​ប្រាប់​សមាជិកសភា​ទាំងនោះ ឲ្យ​គិតគូរ​ដោះស្រាយ​បញ្ហា ដែល​កំពុង​កើតមាន​ក្នុងប្រទេស​របស់ខ្លួន​វិញ ទើប​ប្រសើរ​ជាង​។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ខាងលើ បញ្ជាក់ថា រាល់​ការបង្គាប់បញ្ជា​ពី​សមាជិកសភា​ទាំងនោះ មិនមាន​ប្រយោជន៍​អ្វី​ឡើយ សម្រាប់​កម្ពុជា​។ លោក បន្ថែម​ចុង​ក្រោ​ថា រដ្ឋាភិបាល​កម្ពុជា សុខចិត្ត​យក​ពេលវេលា​ដ៏​មានតម្លៃ ទៅ​អភិ​វ​ឌ្ឈ​ប្រទេស និង​បម្រើ​ផល​ប្រ​យោ​ជ​ន៏​របស់​ប្រជាជន​។

​ក្រោយ​លោក កឹម សុខា ជាប់ឃុំ​ក្នុង​ពន្ធនាគារ ជាពិសេស​ក​ក្រោយ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រីជាន់ខ្ពស់​និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ភាគច្រើន​នៃ​គណបក្ស​នេះ បាននាំគ្នា ចាក​ចេញពី​កម្ពុជា ទៅ​បន្តសកម្មភាព​នយោបាយ​នៅក្រៅ​ប្រទេស និង​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ សង្កេតឃើញ​ក្រុមប្រឆាំង​ទាំងនោះ ដោយមាន​លោក សម រង្ស៊ី ជា​ចម្បង បាន​ខិតខំ​ធ្វើ​កិច្ចការ​ផ្នែក​ការទូត ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ធ្វើយ៉ាងណា ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​ភាពល្អប្រសើរ​ឡើងវិញ ខណៈ​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។

​ម្យ៉ាងទៀត ក្រុមប្រឆាំង​ទាំងនោះ បាន​ព្យាយាម​ប្រកាស​ជំហរ​របស់ខ្លួន​ពី​ក្រៅប្រទេស​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​រចនាសម្ព័ន្ធ​ដដែល ដោយនៅ​ប្រកាន់​ភ្ជាប់​ថា ពួកគេ នៅតែ​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕


Tag:
 CNRP
  APHR
  កឹម សុខា​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com