អន្តរជាតិ
ប្រមុខ​ការទូត​អាល្លឺម៉ង់​៖ ឋានៈ​បងធំ​ពិភពលោក​របស់​អាមេរិក​កំពុង​រសាត់​ឆ្ងាយ ដោយសារ ត្រាំ
06, Dec 2017 , 3:39 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី​៥ ខែធ្នូ បាន​និយាយថា សណ្ដាប់ធ្នាប់​ពិភពលោក​បាន​ប្រែប្រួល​អស់ហើយ ចាប់តាំងពី​ការឡើង​កាន់អំណាច​រប​ស់លោក ដូ​ណា​ល់ ត្រាំ ។ ចំណែកឯ​ឋានៈ​បងធំ​ពិភពលោក​របស់​អាមេរិក​ក៏​រសាត់​ទៅ​ឆ្ងាយ​ដែរ​ដោយសារ​នយោបាយ​របស់​រដ្ឋបាល​លោក ត្រាំ ដែល​ឲ្យ​តម្លៃ​ខ្លាំងពេក​លើ​ផលប្រយោជន៍​អាមេរិក មិន​គិត​ប្រយោជន៍​រួម និង​ភ្លេច​តួនាទី​ជា​មហាអំណាច​។ ក្នុងន័យនេះ ប្រមុខ​ការទូត​អាល្លឺម៉ង់​អះអាងថា អាល្លឺម៉ង់​ត្រូវតែមាន​ជំហរ​ខ្លួនឯង​។​



​ក្រោយ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ បង្ក​ជាការ​ផ្លាស់ប្ដូរ​ដ៏​ធំ​លើ​ពិភពលោក​។ អាមេរិក​ចាប់ផ្ដើម​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង ដើរ​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ដកខ្លួន​ពី​ការចរចា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជន​ចំណាកស្រុក បោះបង់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​។ ក្រោម​រដ្ឋបាល​លោក ត្រាំ អាមេរិក​លែង​សូវ​គិត​ប្រយោជន៍​រួម ដែល​នេះ​បង្ក​ការបារម្ភ​ខ្លាំង​ក្នុងចំណោម​សម្ព័ន្ធមិត្ត​អាមេរិក​។​

​អាល្លឺម៉ង់ ដែលជា​សម្ព័ន្ធមិត្ត​តំបន់​អឺរ៉ុប​របស់​អាមេរិក ក៏​ហាក់​អស់ជំនឿ​លើ​មិត្ត​របស់ខ្លួន​ដែរ និង​មើលឃើញ​ពី​ការធ្លាក់ចុះ​ឥទ្ធិពល​អាមេរិក​លើ​ឆាក​អន្តរជាតិ​។ នាឱកាស​វេទិកា​គោលនយោបាយ​ការបរទេស​ក្នុង​ទីក្រុង​បែរ​ឡាំង ថ្ងៃទី​៥ ខែធ្នូ ប្រមុខ​ការទូត​អាល្លឺម៉ង់ Sigmar Gabriel និយាយថា ឧ​ត្ត​មា​នុ​ភាព​របស់​អាមេរិក​កំពុង​ក្លាយជា​ប្រវត្តិសាស្ត្រ​ហើយ​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ ។ នេះ​បើតាម​សារព័ត៌មាន RT ។​

​ប្រមុខ​ការទូត​អាល្លឺម៉ង់​រូបនេះ​បញ្ជាក់ថា ការដកខ្លួន​របស់​អា​មេ​រិ​ក​ពី​តួនាទី​ដ៏​សំខាន់​ជា​អ្នកធានា​យន្តការ​ពហុភាគី​លោកខាងលិច ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សណ្ដាប់​ធ្នាប់​ពិភពលោក ដែល​បង្ក​ផលប៉ះពាល់​ភ្លាមៗ​ដល់​អាល្លឺម៉ង់ និង​អឺរ៉ុប​។ ដោយហេតុនេះ លោក Gabriel អះអាងថា អាល្លឺម៉ង់​លែង​អាចញាក់​តាម​អាមេរិក​ទៀត តែ​ត្រូវមាន​នយោបាយ​ផ្ទាល់ខ្លួន​។ បើតាម​សម្ដី​នេះ អាល្លឺម៉ង់​នឹង​គិត​ប្រយោជន៍​ខ្លួន​សិន ទោះជា​វា​អាច​ប៉ះពាល់​អាមេរិក​ក្ដី​។​

​ជាមួយគ្នា​នោះ មន្ត្រីការទូត​ជាន់ខ្ពស់​ដដែល​នេះ ក៏​ចោទ​អាមេរិក​ថា  ឈប់​មើលឃើញ​ពិភពលោក​សហគម​ន៍ស​កល​ទៀតហើយ តែ​ជាស​ង្វៀន​ប្រយុទ្ធ ដែល​ប្រទេស​ទាំងអស់​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក Gabriel បានស្នើ​ឲ្យ​អឺរ៉ុប​មាន​ជំហរ​របស់ខ្លួន ដើម្បី​ការពារ​ប្រយោជន៍​រួម និង​ក្លាយជា​មហាអំណាច​មួយ ដ្បិត​អង្គការ​តំបន់​នេះ​ហាក់​លែងមាន​ទឹកមាត់ប្រៃ​ដែរ សូម្បីតែ​ក្នុងចំណោម​សមាជិក​របស់ខ្លួន​ក៏ដោយ​។​

​តាមពិត​ទៅនោះ ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​តំបន់​អឺរ៉ុប​ចាប់ផ្ដើម​រង្គោះរង្គើ​ខ្លាំង តាំងពី​លោក ត្រាំ ចូល​ដឹកនាំ​អាមេរិក​។ ជាការ​សន្យា​ពេល​ឃោសនា​រក​សំឡេងឆ្នោត លោក ត្រាំ បានទាមទារ​ឲ្យ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​មកពី​អឺរ៉ុប បង់ប្រាក់​សម្រាប់​ការចំណាយ​របស់​អង្គការ​យោធា​នេះ ព្រោះ​អាមេរិក​ចេញថ្លៃ​ចំណាយ​ច្រើនជាងគេ​រហូតមក​។ លោក ត្រាំ ក៏​ប្រុង​ហែក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ដែល​អឺរ៉ុប​គាំទ្រ​ទៀតផង​៕       


Tag:
 អាល្លឺម៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com