ជាតិ
គ​.​ជ​.​ប បង្កើត​ក្រុម​ប្រតិកម្ម​រហ័ស ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​បង្ខូចឈ្មោះ​ខ្លួន​
06, Dec 2017 , 7:39 pm        
រូបភាព
លោក សោម សូរីដា ក្លាយជាប្រធាន​ក្រុម​ប្រតិកម្ម​រហ័ស​របស់គ.ជ.ប
លោក សោម សូរីដា ក្លាយជាប្រធាន​ក្រុម​ប្រតិកម្ម​រហ័ស​របស់គ.ជ.ប
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីសម្រេច​មួយ ស្តីពី​ការបង្កើត​ក្រុម​ប្រតិកម្ម​រហ័ស ដើម្បី​ទប់ស្កាត់​និង​វាយបក​រាល់​ចំណុច​អវិជ្ជមាន​។ ក្រុម​ប្រតិកម្ម​រហ័ស​នេះ មាន​លោក សោម សូ​រី​ដា ដែល​បច្ចុប្បន្ន​មាន​ឋានៈ​ជា​អគ្គលេខាធិការរង​គ​.​ជ​.​ប ធ្វើជា​ប្រធាន រួមទាំង​អនុ​ប្រ​ប្រធាន​១​រូប និង​សមាជិក​៥​រូប​ទៀត​។



​ភារកិច្ច​ចម្បង​របស់​ក្រុម​ប្រតិកម្ម​រហ័ស គឺ​ការប្រមូល​ព័ត៌មាន ដែល​ចុះ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​យកទៅ​វិភាគ ហើយ​ស្វែងរក​ចំណុច​អវិជ្ជមាន​ទាំងឡាយ ដូចជា ការ​ការ​បង្ខូច​កិត្តិយស​គ​.​ជ​.​ប រួមទាំង​ការធ្វើ​ឲ្យ​មានការ​យល់ច្រឡំ ការ​បំ​ភ័​ន្ធ​សាធារណមតិ ការធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យ និង​មិន​ទុកចិត្ត លើ​ការរៀបចំ​ការបោះឆ្នោត​។ ក្រោយ​ទទួលបាន​ព័ត៌មាន អវិជ្ជមាន​បែបនេះហើយ ក្រុម​ប្រតិកម្ម​រហ័ស ត្រូវ​បំភ្លឺ​ត្រឡប់​ទៅវិញ​។

​ក្រុម​ប្រតិកម្ម​រហ័ស​នេះ ត្រូវបាន​បង្កើតឡើង ក្រោយ​មានការ​វាយប្រហារ​ពី​មជ្ឈដ្ឋាន​នានា ទៅ​លើគ​.​ជ​.​ប ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ សាធារណជន​មួយចំនួន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​និង​ចែក​រំលាយ​ព័ត៌មាន​នានា ដោយ​រិះគន់ថា គ​.​ជ​.​ប លែងមាន​ឯករាជ្យ​ទៀតហើយ ហើយក៏​មិនអាច​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ ឲ្យ​បាន​ត្រឹមត្រូវ​និង​យុត្តិធម៌​ដែរ ដោយសារ​អនុប្រធាន​គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន  និង​សមាជិក​២​រូប គឺ​លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង ដែល​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លាលែង​។

​មិនយូរប៉ុន្មាន គ​.​ជ​.​ប ក៏​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​នោះ បញ្ជាក់ថា គ​.​ជ​.​ប នៅតែមាន​ឯករាជ្យ ទោះជា​សមាជិក​ណា លាលែង​ក៏ដោយ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប ប្រកាសថា នឹង​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ដោយ​គ្មាន​បុគ្គល​ឬ​ស្ថាប័ន​ណាមួយ អាច​បង្គាប់បញ្ជា​ខ្លួន​បានឡើយ​៕


Tag:
 គជប​
  ក្រុម​ប្រតិកម្ម​រហ័ស
© រក្សាសិទ្ធិដោយ thmeythmey.com