អន្តរជាតិ
អាមេរិក​-​ហ្វីលីពីន សន្យា​ធ្វើការ​រួមគ្នា​បញ្ចប់​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​
06, Dec 2017 , 10:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​ព្រមព្រៀង និង​ប្តេជ្ញាចិត្ត​ជាថ្មី​បន្ថែម​ក្នុងការ​ធ្វើការ​រួមគ្នា​លើ​វិស័យ​ការពារជាតិ សេដ្ឋកិច្ច និង​សន្តិសុខ​ក្នុង​តំបន់​ជាដើម ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ក៏​ស្ថិតនៅក្នុង​ក្តីបារម្ភ​រួម ដែល​ភាគី​ទាំងពីរ ព្រមព្រៀង​ដោះស្រាយ​រួមគ្នា​ផងដែរ ។



​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​ហ្វីលីពីន នៅ​ថ្ងៃទី​១ ធ្នូ បាន​បើក​កិច្ចប្រជុំ​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ទ្វេភាគី​មួយ​នៅក្នុង​ក្រុង​វ៉ាស៊ីនតោន ដោយ​ភាគី​ទាំងពីរ ផ្តោតលើ​យន្តការ និង​បញ្ហា​ជាច្រើន​រួមទាំង​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ សន្តិសុខ និង​សេដ្ឋកិច្ច ។ កិច្ចប្រជុំ​នេះ អាច​ប្រព្រឹត្តឡើង​បាន បន្ទាប់ពី​មាន​ជំនួប​មួយ​មុន រវាង​ប្រមុខរដ្ឋ​ទាំងពីរ ដែល​បាន​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ក្នុង​ក្រុង​ម៉ានីល​កន្លងទៅ ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ក្នុងជំនួប​នោះដែរ មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំងពីរ បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​នីតិរដ្ឋ សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន​ជាដើម ។ ភាគី​អាមេរិក ក៏បាន​សរសើរ​ពី​ភាព​ដឹកនាំ​របស់​ប្រធានាធិបតី​ហ្វីលីពីន​ក្នុងការ​វាយកម្ទេច​ក្រុម​ភេ​វរ​ករ​នៅ​រដ្ឋ Mindanao និង​ថែមទាំង​សន្យា​បន្ត​គាំទ្រ​ហ្វីលីពីន​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម និង​ស្តា​នីតិសម្បទា​នៅ​រដ្ឋ Marawi ផងដែរ ។​

​អ្វីដែល​គួរកត់សម្គាល់​នោះ បន្ថែម​ពី​ការជជែក​លើ​ទំនាក់ទំនង​ទ្វេភាគី អាមេរិក និង​ហ្វីលីពីន ក៏បាន​ជជែក​ពី​ក្តីបារម្ភ​រួម​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​សន្តិសុខ​នៅក្នុង​តំបន់ និង​ថែមទាំង​សន្យា​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ចប់​បញ្ហា​បង្កដោយ​កូរ៉េខាងជើង ដែល​ភាគី​ទាំងពីរ ពណ៌នា​ថា ជាការ​បាញ់​សាកល្បង​មី​សីល និង​កម្មវិធី​នុយក្លេអ៊ែរ​គឺជា​សកម្មភាព​ខុសច្បាប់​នោះ ។ ការប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ការគោរព​ច្បាប់​អន្តរជាតិ ពាក់ព័ន្ធ​រឿង​សមុទ្រ​ចិន​ខាងត្បូង ក៏ត្រូវ​បានលើកឡើង​ផងដែរ ។

​គួរ​ជម្រាប​ផងដែរ ហ្វីលីពីន គឺជា​ដៃ​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​មួយ​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ ទំនាក់ទំនង​ប្រទេស​ទាំងពីរ ហាក់​បាន​ឃ្លាតឆ្ងាយ​ពីគ្នា​បន្តិច បន្ទាប់ពី​ប្រមុខរដ្ឋ​ហ្វីលីពីន​ថ្មី លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ ឡើងកាន់តំណែង ។ ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ មានរឿង​ថ្នាំងថ្នាក់​ជាមួយនឹង​អាមេរិក ដ្បិត​អាមេរិក បាន​ប្រឆាំងនឹង​គោលនយោបាយ​អាទិភាព​របស់លោក​លើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ។ និន្នាការ​ទៅរក​ចិន​របស់​ហ្វីលីពីន ក៏​ជា​ចំណែក​មួយ​ផងដែរ ៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com