អន្តរជាតិ
អាមេរិក​ប្រាប់​រុស្ស៊ី​ថា អ៊ុយ​ក្រែ​ន​ជា​ឆ្អឹង​ទទឹង​ក​នៃ​ទំនាក់ទំនង​ទ្វេភាគី​
08, Dec 2017 , 2:46 pm        
រូបភាព
រូបភាព៖ TASS
រូបភាព៖ TASS
​រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក រិច ធី​ល័​រ​សិន បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov នៅក្រៅ​កិច្ចប្រជុំ​អង្គការ​សម្រាប់​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) ក្នុង​ទីក្រុង​វី​យ៉ែ​ន​។ ស្ថានការណ៍​នៅ​ស៊ី​រី វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​នៅ​អាមេរិក ជា​របៀបវារៈ​សំខាន់​នៃ​ជំនួប​នេះ​។ លោក ធី​ល័​រ​សិន ហាក់​បង្ហាញ​ជំហរ​តឹងរ៉ឹង​ដាក់​រុស្ស៊ី ខុសពី​លោក ដូ​ណា​ល់ ត្រាំ ជា​មេ​កើយ​របស់ខ្លួន​ដែល​ចង់បាន​ទំនាក់ទំនង​ទ្វេភាគី​ល្អ​ឡើងវិញ​។​



​ទំនាក់ទំនង​រវាង​មហាអំណាច​អាមេរិក និង​រុស្ស៊ី ល្អក់កករ​កាន់តែខ្លាំង ទោះជា​លោក ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​និយាយ​លើកសរសើរ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្លាយជា​ប្រធានាធិបតី​ក្ដី​។ សំណុំរឿង​ជាច្រើន​បាន​ខ្ទាស់​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​បញ្ហា​អ៊ុយ​ក្រែ​ន វិបត្តិ​នៅ​ស៊ី​រី និង​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​រៀងៗ​ខ្លួន​។ ក្រុង​វ៉ា​ស៊ិន​តោន​បានដាក់​លក្ខខណ្ឌ​ជាច្រើន​ឲ្យ​រុស្ស៊ី​ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ ប៉ុន្តែ​អ្វីៗ​កាន់តែ​ស្មុគស្មាញ​ទៅៗ​។​

​ចំពោះមុខ​រដ្ឋមន្ត្រីការបរទេស​នៃ​អង្គការ OSCE រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​ចោទ​រុស្ស៊ី​ចំៗ​ថា ស្ថិតនៅ​ពីក្រោយ​ការកើនឡើង​អំពើហិង្សា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​បានស្នើ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ទង្វើ​របស់ខ្លួន​ជាបន្ទាន់​។ ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី​៧ ខែធ្នូ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បញ្ជាក់ថា អាមេរិក​បង្ហាញ​ពី​ជំហរ​របស់ខ្លួន​តាំងពីដើម​មក ហើយ​ទង្វើ​របស់​រុស្ស៊ី​នេះហើយ​ដែល​រាំងស្ទះ​ដល់​ការស្តារ​ទំនាក់ទំនង​ឡើងវិញ​។

​ក្រុម​លោកខាងលិច​បាន​ចោទ​រុស្ស៊ី​ថា បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​កម្លាំង​រដ្ឋាភិបាល​ក្រុង​គៀវ​តាំងពី​ឆ្នាំ​២០១៤ មក និង​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង​មួយ​ម៉ឺន​នាក់​ហើយ​។ ក្នុងជំនួប​ដដែល​នោះ លោក ធី​ល័​រ​សិន ក៏​ទម្លាក់កំហុស​លើ​រុស្ស៊ី​ចំពោះ​ការជួយ​ហ្វឹកហ្វឺន បំពាក់អាវុធ និង​ថែមទាំង​ជួយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ទៅទៀត​។ លោក​បាន​យក​របាយការណ៍​របស់​អ្នកសង្កេតការណ៍​នៃ​អង្គការ OSCE ដើម្បី​រុញ​កំហុស​ដាក់​រុស្ស៊ី​។  

​ប៉ុន្តែ​រុស្ស៊ី​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងនេះ និង​បដិសេធ​ផ្គត់ផ្គង់​សព្វាវុធ​ទៅ​ក្រុម​សកម្មជន​ផ្ដាច់ខ្លួន​ទាំង​នោះដែរ​។ ជាការ​ឆ្លើយ​តបសម្ដី​ចោទប្រកាន់​របស់​សមភា​គី​អាមេរិក រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov និយាយថា ការទទួលខុសត្រូវ​ទាំងអស់​ត្រូវ​ធ្លា​ក់លើ​អ៊ុយ​ក្រែ​ន នៅពេល​គេ​និយាយ​ពី​អំពើហិង្សា​នៅ​ភាគ​ខាងកើត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ជាមួយនឹង​ការចោទប្រកាន់​ខាងលើ​នោះ អាមេរិក​បានដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​លើ​រុស្ស៊ី សំដៅ​បង្ខំ​ឲ្យ​រុស្ស៊ី​ដោះដៃ​ពី​ក្រុម​ឧទ្ទាម​។ ទណ្ឌ​កម្មនេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ល្វីង​ជូរចត់ ហើយ​ថែមទាំង​ប៉ះពាល់​ដល់​ការចរចា​បញ្ចប់​បញ្ហា​ទៅទៀត​។ ក្នុងជំនួប​ទ្វេភាគី​នៅ​ថ្ងៃទី​៧ ខែធ្នូ ប្រមុខ​ការទូត​រុស្ស៊ី​បានបញ្ជាក់​ច្បាស់ៗ​ថា កិច្ចព្រមព្រៀង Minsk ជា​ផ្លូវ​ចេញ​តែមួយគត់​សម្រាប់​វិបត្តិ​អ៊ុយ​ក្រែ​ន ដែល​ភាគី​ទាំងអស់​ត្រូវគោរព​តាម​ឲ្យ​ខ្ជាប់ខ្ជួន​៕



Tag:
 អាមេរិក​
  រុស្សី​
  អ៊ុយ​ក្រែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com