អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​រង​ការរិះគន់​ខ្លាំង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ដោយសារ​ការ​រើ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​
09, Dec 2017 , 7:39 pm        
រូបភាព
កិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខស្ដីពីបញ្ហាហ្ស៊េរុយសាឡិម (រូបភាព៖ Xinhua)
កិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខស្ដីពីបញ្ហាហ្ស៊េរុយសាឡិម (រូបភាព៖ Xinhua)
​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៨ ខែធ្នូ បាននាំគ្នា​រិះគន់​អាមេរិក​ខ្លាំង​ជុំវិញ​ការប្រកាស​រើ​ស្ថានទូត​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ ការប្រកាស​ពី​សំណាក់​ប្រធាន​ធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​រង​ការ​ថ្កោលទោស​ខ្លាំង និង​បង្ក​ជា​បាតុកម្ម​នៅ​ស្ទើរ​គ្រប់កន្លែង ជាពិសេស​នៅតាម​ប្រទេស​កាន់សាសនា​ឥស្លាម​។ យ៉ាងណាក្ដី អាមេរិក​និយាយ​ការពារ​ខ្លួន​ថា ការ​រើ​ស្ថានទូត​នេះ មិនមែនជា​ការទទួល​ស្គាល់​ព្រំដែន​ឡើយ ហើយ​អាមេរិក​នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ដោះស្រាយ​វិបត្តិ​នេះ​ដដែល​។​

 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​កោះប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី​៨ ខែធ្នូ ដើម្បី​ពិភាក្សា​បញ្ហា​នៃ​ការប្ដូរ​ស្ថានទូត​អាមេរិក​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ សមាជិក​ចំនួន​៨​ប្រទេស បានស្នើ​កោះប្រជុំ​បន្ទាន់​នេះ ខណៈដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់នាក់​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​តំបន់​ត្រើយ​ខាងកើត ហ្គា​ហ្សា និង​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ផងដែរ​។​
 
​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាច្រើន និង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប អាស៊ី មជ្ឈិមបូព៌ា បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាន់​ទៅនឹង​ការប្រកាស​របស់លោក ត្រាំ  ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ លោក ត្រាំ មិនបាន​ខ្វា​យ​ខ្វា​យ​នឹង​ការព្រមាន​របស់​សហគម​ន៍​អន្តរជាតិ​អ្វី​ឡើយ ហើយក៏​ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល និង​រៀបចំ​រើ​ស្ថានទូត​របស់ខ្លួន​ទៅកាន់​ទីក្រុង​នេះ​ទៀតផង​។ 
 
​លោក Nickolay Mladenov អ្នកសម្របសម្រួល​ពិសេស​អង្គការសហប្រជាជាតិ​សម្រាប់​ការចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ចាត់ទុក​ការ​សកម្មភាព​របស់​អា​មេ​រិ​ក​ជាការ​បំពាន​ដំណើការ​ស្វែងរក​សន្តិភាព​ក្នុង​តំបន់ ហើយ​ដែល​អាច​បង្ក​ជា​អំពើហិង្សា​ធ្ងន់ធ្ងរ​ផង​។ ចំណែក​តំណាង​ប៉ា​ឡេ​ស្ទី​ន​វិញ និយាយថា ការសម្រេចចិត្ត​របស់​លោក ត្រាំ ជាការ​រំលោភសិទ្ធិ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​បាន​ប្រាប់​ឲ្យ​អាមេរិក​ពិចារណា​ទង្វើ​របស់ខ្លួន​ឡើងវិញ​។​
 
​យ៉ាងណាមិញ ក្នុង​កិច្ចប្រជុំ​បន្ទាន់​ដដែល តំណាង​អាមេរិក​បាន​ទាត់ចោល​ការប្រកាន់​ទាំងអស់​លើ​អាមេរិក​។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley និយាយថា វា​ជា​រឿង​ធម្មតា​ដែល​ស្ថានទូត​បរទេស​ប្ដូរ​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដែលជា​ទីតាំង​អាគារ​សភា​អ៊ីស្រាអែល អាគារ​រដ្ឋាភិបាល វិមាន​ប្រធានាធិបតី និង​ស្ថាប័នរដ្ឋ​ផ្សេងទៀត​។ 
 
​បើតាម​សារព័ត៌មាន Al Jazeera លោកស្រី Haley បាន​ពន្យល់ថា ជាមួយនឹង​ការសម្រេចចិត្ត​របស់លោក ត្រាំ អាមេរិក​មិនបាន​និយាយ​ដល់​ការកំណត់​ព្រំដែន​អ្វី​ទេ ហើយ​មិន​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ការគ្រប់គ្រង​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែរ​។ លោកស្រី​បានប្រកាស​ជំហរ​របស់​អាមេរិក​ក្នុង​បន្ត​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ហើយ​ក៏បាន​និយាយ​ឌឺដង​ថា កន្លងមក អង្គការសហប្រជាជាតិ​បង្កបញ្ហា​ច្រើនជាង​ព្យាយាម​បញ្ចប់​ជម្លោះ​៕ 

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន
© រក្សាសិទ្ធិដោយ thmeythmey.com