អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ផ្តាំ​ប្រទេស​ឯទៀត​៖​មិនបាច់​បង្រៀន​អាមេរិក​រឿង​ដោះស្រាយ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ទេ​
09, Dec 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ការពារ​ការសម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ រឿង​ប្តូរ​ទីតាំង​ស្ថានទូត​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ លោកស្រី​ផ្តាំ​ប្រទេស​ដែល​រិះគន់​អាមេរិក​ថា មិនចាំបាច់​នាំគ្នា​បង្រៀន​អាមេរិក​ទេ​រឿង​ដោះស្រាយ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​។

 
​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បន្ត​ថ្កោលទោស​អាមេរិក និង​ស្នើ​ឲ្យ​មហាអំណាច​មួយ​នេះ​ពិចារណា​ឡើងវិញ​រឿង​ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នោះ​។ ទោះជា​មានការ​ថ្កោលទោស​ក្តី អាមេរិក​មិនបាន​ទទួលយក​ពាក្យស្នើសុំ និង​ពិចារណា​ពី​ការ​ថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ​នេះឡើយ​។ 
 
​បេសកជន​ពិសេស​របស់​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ព្យាយាម​ការពារ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក្នុង​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​សុក្រ ទី ៨ ខែធ្នូ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី​បាន​ព្យាយាម​វាយប្រហារ​អង្គការសហប្រជាជាតិ និង​ប្រទេស​ដែល​រិះគន់​អាមេរិក​វិញទៀត​។​
 
​តំណាង​ក្រុង​វ៉ាស៊ីនតោន​ក្នុង​អង្គការសហប្រជាជាតិ​រូបនេះ​បាន​អះអាងថា វា​ជា​រឿង​ធម្មតា​សម្រាប់​ការដាក់​តាំងទី​ស្ថានទូត​នៅ​រដ្ឋធានី​របស់​ប្រទេស​ផ្សេងទៀត​ជា​មិត្ត ហើយ​បើ​និយាយ​ពី​បញ្ហា​កសាង​សន្តិភាព​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន អង្គការសហប្រជាជាតិ​ឯណោះ​ទេ​ដែល​បង្ក​ផលប៉ះពាល់​ខ្លាំងជាងគេ​។ 
 
​លោកស្រី Haley បានបញ្ជាក់​ដូច្នេះ​៖«​អង្គការសហប្រជាជាតិ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណើរ​កសាង​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ច្រើនជាង​ជួយ​ជ្រោមជ្រែង​។ អង្គការសហប្រជាជាតិ​បានក្លាយ​កម្លាំង​អ​រី​ភាព​មួយ​ដែល​ប្រឆាំង​អ៊ីស្រាអែល​ខ្លាំងជាងគេ​លើ​ពិភពលោក​»​។ 
 
​ក្រៅពី​រិះគន់​អង្គការសហប្រជាជាតិ លោកស្រី​បាន​ងាក​ទៅ​រិះគន់​ប្រទេស​ឯទៀត​ដែល​ថ្កោលទោស​អាមេរិក​វិញ​ម្តង ហើយ​លោកស្រី​បញ្ជាក់ថា អាមេរិក​មិនត្រូវ​ការ​អ្នក​បង្រៀន​ឡើយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នោះ​។  
 
«​អាមេរិក​មិន​ត្រូវការ​ការបង្រៀន ឬ​ណែនាំ​ពី​បណ្តា​ប្រទេស​ដែល​មិនមាន​ការជឿទុកចិត្ត​ពេល​និយាយ​ដល់​រឿង​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ប្រកបដោយ​យុត្តិធម៌​នោះ​»​។ លោកស្រី Haley បានប្រកាស​ដូច្នេះ​។ 
 
​តាមពិតទៅ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ខ្លាំង​ក្នុងចំណោម​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន បានប្រកាសថា ប៉ា​ឡេ​ស្ទី​ន​ឈប់​ទទួល​អាមេរិក​ជា​សន្ធាន​ការី​ឥតមាន​លម្អៀង​ទៀតហើយ ហើយ​ប៉ា​ឡេ​ស្ទី​លែង​និយាយ​ជាមួយ​អាមេរិក​រហូតដល់​មានការ​សម្រេចចិត្ត​។ 
 
​ក្រៅពីនេះ​គេ​ឃើញ​មាន​ចលនា​បាតុកម្ម​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ផងដែរ​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវបាន​កាន់កាប់​ដោយ​អ៊ីស្រាអែល​។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់​ម្នាក់​ត្រូវបាន​ទាហាន​អ៊ីស្រាអែល​បាញ់​ស្លាប់​ក្នុងពេល​បា​តុម្ម ហើយ​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស​៕ 
 

Tag:
 អាមេរិក​
  Nikki Haley
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  អ៊ីស្រាអែល​
 ​ប៉ា​ឡេ​ស្ទី​ន
© រក្សាសិទ្ធិដោយ thmeythmey.com