ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ធ្វើបាតុកម្ម​ទាមទារ​ដោះ​លែង​លោក កឹម សុខា តែ​CPP ថា គ្មាន​ប្រយោជន៍​
11, Dec 2017 , 11:21 am        
រូបភាព
ក្រុមបាតុករខ្មែរ នៅមុខសេតវិមានប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១0 ខែធ្នូ ឆ្នាំ២0១៧ ដើម្បីជំរុញឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្ក្គោះជាតិ។ រូបភាពពីគណនីហ្វេសបុកឈ្មោះ Vann Ho
ក្រុមបាតុករខ្មែរ នៅមុខសេតវិមានប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១0 ខែធ្នូ ឆ្នាំ២0១៧ ដើម្បីជំរុញឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្ក្គោះជាតិ។ រូបភាពពីគណនីហ្វេសបុកឈ្មោះ Vann Ho
​ភ្នំពេញ​៖ ក្រុម​អ្នកប្រឆាំង រួមទាំង​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក កំពុង​ធ្វើ​មហា​បាតុកម្ម នៅ​នៅ​ថ្ងៃទី​១០ ធ្នូ​នេះ  ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ថា យុទ្ធនាការ​នេះ គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។​



​ពលរដ្ឋ​ខ្មែរ និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក បាន​យក​ថ្ងៃទី​១0 ខែធ្នូ ឆ្នាំ​២0១៧​នេះ ដែលជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៩ ធ្វើបាតុកម្ម​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ផ្សេងទៀត ។ ជាពិសេស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផងដែរ​។ ការប្រមូលផ្តុំ​និង​ការរៀបចំ​មហា​បាតុកម្ម​នេះ គឺ​ពួកគេ ​នាំគ្នា​ធ្វើ​នៅមុខ​សេត​វិមាន​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែម្តង​។ នេះ​បើតាម​វី​ដែ​អូ​ឃ្លី​ប ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា​។​

​តាម​វីដេអូ​ឃ្លី​ប​នេះ មាន​សកម្មភាព​ស្រែក​ទាមទារ​នៅមុខ​សេត​វិមាន​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ដូច្នេះ​៖«​សុំ​ដោះលែង​ឯកឧត្តម កឹម សុខា និង​អ្នកទោសនយោបាយ​ទាំងអស់ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ សុំ​អនុញ្ញាត​ឲ្យ​ឯកឧត្តម សម រង្ស៊ី  ចូល​ប្រទេស​កម្ពុជា​វិញ​»​។

​ការទាមទារ​ឲ្យ​អាមេរិក​ជួយ​អន្តរាគមន៍​មកលើ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា មានការ​ចូលរួម​ពី​សំណាក់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ លោក អ៊ូ ច័ន្ទ​ឫទ្ធិ កញ្ញា កឹម មនោ​វិទ្យា ជាដើម​។​

​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា បាន​បន្ថែមថា​៖«​នៅ​ថ្ងៃទី​១៣ ធ្នូ ខ្ញុំ​នឹង​ទៅ​ជួប​អង្គការសហប្រជាជាតិ និយាយ​រួម​ទៅ​ជួប​ប្រធានការិយាល័យ​ទទួលបន្ទុក​កិច្ចការ​អាស៊ី​របស់លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ។ ហើយ​នៅ​ថ្ងៃទី​១៩ ធ្នូ ខ្ញុំ​នឹង​ជួប​ជាមួយ​សមាជិក​តំណាង​ប្រទេស​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ញូវយ៉ក​ខាងមុខ​ផងដែរ ដើម្បី​លើក​អំពី​ការបំពាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែលជា​កាត​ព្វ​របស់​UN​ត្រូវ​ដោះស្រាយ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ចាត់ទុក​សកម្មភាព​ទាមទារ​នៅក្រៅ​ប្រទេស​នេះ គ្រាន់តែ​ជា​យុទ្ធនា​ការដើរ​ឱប​ជើង​បរទេស ដែល​គ្មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​ឡើយ​។ តាមរយៈ​បណ្ដាញ​សង្គម Telegram លោក សុខ ឥសាន បាន​សរសេរ​ដូច្នេះ​ថា​៖«​សម រង្សី និង​បក្សពួក​បានធ្វើ​យុទ្ធនា​ការដើរ​ឧ​ប​ដៃជើង​បរទេស ជា​ចៅហ្វាយនាយ ឲ្យ​ជួយ​ខ្លួន និង​ដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បាន​រួចខ្លួន បានមក​ធ្វើ​នយោបាយ​ឡើងវិញ ។ ប៉ុន្តែ​ជា​លទ្ធផល គឺ​សូន្យ មាន​ព្ញ​តែ​ពាក្យសំដី​បន្ទរ​ពី​បរទេស​មួយចំនួន​តូច​ប៉ុណ្ណោះ ។ ដូច្នេះ​មានន័យថា​គ្មាន​បរទេស​ណា​ឈឺឆ្អាល​រឿង​សម រង្សី និង កឹម សុខា ក្បត់ជាតិ និង​ល្មើសច្បាប់​ទេ ។ បរទេស​មួយចំនួន​នោះ​ភាគច្រើន​សុទ្ធតែ​ពួក​ប្រឆាំង​នៅ​ប្រទេស​នីមួយៗ​។ ចំណែក​រដ្ឋាភិបាល​គេ នៅតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ដដែល​»​។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពលរដ្ឋ​ខ្មែរ​រស់នៅ​បណ្តា​ប្រទេស​បារាំង អូស្ត្រាលី ជាដើម បាននាំគ្នា​ទាមទារ​ឲ្យ​មានការ​អន្តរាគមន៍​ដោះលែង​លោក កឹម សុខា និង​ស្រោចស្រង់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ។ យ៉ាងណាក៏ដោយ ការខិតខំ​របស់​ក្រុម​អ្នកប្រឆាំង រួមទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយសមុទ្រ តាមរយៈ​ការធ្វើ​បាតុកម្ម​និង​ការសុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ នៅ​មិនទាន់​លេចចេញ​ជា​ផល​វិជ្ជមាន​ណាមួយ​សម្រាប់​ពួកគេ​ឡើយ​។

​តំណាងរាស្ត្រ​និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បី​បន្តធ្វើ​សកម្មភាព​នយោបាយ​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ឲ្យ​មាន​អគ្គលេខាធិការ​រដ្ឋ​ផ្លូវការ​មួយ​នៅក្រៅ​ប្រទេស ដើម្បី​ធ្វើជា​កន្លែងជួបជុំគ្នា ក្រោយពី​ពួកគេ ត្រូវបាន​ហាម​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​៕


Tag:
 CNRP
  កឹម សុខា​
  បាតុកម្ម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com