ជាតិ
កិច្ចប្រជុំពេញអង្គ​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​២៤ ផ្តោតលើ​ការងារ​អភិរក្ស និង​បញ្ហា​សំណង់​ខុសច្បាប់​
13, Dec 2017 , 11:52 am        
រូបភាព
​សៀមរាប​៖ កិច្ចប្រជុំពេញអង្គលើកទី២៤ និងផ្នែកបច្ចេកទេសលើកទី២៩ នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ  កំពុងដំណើរការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​នេះ​។ បទ​បង្ហាញ​សំខាន់ៗ ក្នុង​កិច្ចប្រជុំ​នេះ ផ្តោតលើ​ការងារ​អភិរក្ស ជួសជុល ដំណើរការ​រុះរើ​សំណង់​ខុសច្បាប់​។​ល​។



​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៣ ដែលជា​ថ្ងៃទី​១​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ គឺជា​កិច្ចប្រជុំ​ថ្នាក់​បច្ចេកទេស​។ កិច្ចប្រជុំ​បច្ចេកទេស​នេះ ដើម្បីឱ្យ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ពិនិត្យឡើងវិញ រាល់​អនុសាសន៍ ដែល​ដាក់​ក្នុង​កិច្ចប្រជុំ​លើក​មុន ហើយ​អ្នកបច្ចេកទេស នឹង​បង្ហាញ​រាល់​ការអនុវត្ត និង​បំពេញបន្ថែម​រាល់​ចំណុច​ខ្វះខាត​។ 



​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​លោកស្រី ភឿង ស​កុ​ណា បាន​ប្រាប់​ក្រុម អ្នកសារព័ត៌មាន​ថា ថ្ងៃទី​២ នៃ​កិច្ចប្រជុំ​នេះ គឺ​អ្នកបច្ចេកទេស​នឹង រាយការណ៍​ពី​លទ្ធផល​នៃ​អនុសាសន៍​នានា របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ រួម​នឹង​ការ ធ្វើ​បទ​បង្ហាញ​មួយចំនួនទៀត រួមមាន ការលុបបំបាត់​សំណង់​ខុសច្បាប់ ក្នុង​រមណីយដ្ឋាន​អង្គរ ជាដើម​។​



​គួរ​បញ្ជាក់ថា បទ​បង្ហាញ​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​អាស៊ី​ស៊ី​អង្គរ​លើក​ទី​២៤ រួមមាន ការ​អ​ភ​រិ​ក្ស និង​ជួសជុល​តាម​ប្រាសាទ មាន​ប្រាសាទតាព្រហ្ម អកយំ បន្ទាយក្តី អង្គរវត្ត បាយ័ន​។ ក្នុងនោះ ក៏មាន​ការបង្ហាញ​ពី​គម្រោង​ស្រាវជ្រាវ​ផ្លូវ​ដឹក​ថ្ម នា​សម័យបុរាណ​ផងដែរ​។ កិច្ចប្រជុំ​នេះ ធ្វើ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៣ និង​១៤ ខែធ្នូ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ ជាង​២០០​នាក់​។ សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ គឺ​លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៕




Tag:
 អាយ​ស៊ី​ស៊ី​-​អង្គរ​
 ​ អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com