អន្តរជាតិ
លោក មូ​ហ្កា​បេ ទៅពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី​លើកដំបូង​ក្រោយ​ធ្លាក់​ពី​តំណែង​
14, Dec 2017 , 10:54 am        
រូបភាព
អតីតប្រធានាធិបតីស៊ីមបាវ៉េ លោក រ៉ូបឺត មូហ្កាបេ នាកិច្ច​ប្រជុំមួយនៅតំបន់អាហ្វ្រិក។ រូបថត AFP
អតីតប្រធានាធិបតីស៊ីមបាវ៉េ លោក រ៉ូបឺត មូហ្កាបេ នាកិច្ច​ប្រជុំមួយនៅតំបន់អាហ្វ្រិក។ រូបថត AFP
ដោយ: ថ្មីៗ
​អតីត​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​វ័យ ៩២​ឆ្នាំ រ៉ូបឺត មូ​ហ្កា​បេ បាន​អញ្ជើញ​ទៅពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី​នៅ​សប្តាហ៍​នេះ​។ វា​ដំណើរ​ទៅ​ក្រៅព្រទេស​ជា​លើកដំបូង​បំផុត​របស់​មេដឹកនាំ​រូបនេះ ក្រោយ​ត្រូវគេ​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​នោះ​។



​អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក រ៉ូបឺត មូ​ហ្កា​បេ ចាប់ផ្តើម​ចាក​ចេញពី​ប្រទេស​នៅ​សប្តាហ៍​នេះ​ដើម្បី​ធ្វើទៅ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ដើម្បី​ពិនិត្យ​សុខភាព​។ វា​ជា​ដំណើរ​ទៅ​ក្រៅប្រទេស​លើកដំបូង​របស់លោក​ចាប់តាំងពី​ត្រូវបាន​គេ​ទម្លាក់​ពី​តំណែង​ចុងខែ​វិច្ឆិកា​កន្លងមកនេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក មូ​ហ្កា​បេ ចាក​ចេញពី​ស៊ីម​បា​វ៉េ​កាលពី​ថ្ងៃ​ចន្ទ​ដោយមាន​ភរិយា​ខ្លួន និង​មនុស្ស​ជំនិត​ជាច្រើន​នាក់​ផង​។ ក្នុង​ដំណើរ​ទៅ​សិង្ហ​បុរី​នេះ​លោក​ក៏​ឆ្លៀត​ចូល​ម៉ាឡេស៊ី​ផងដែរ​ដើម្បី​សួរសុខទុក្ខ​កូនស្រី​របស់ខ្លួន​ដែល​រៀបនឹង​សម្រាលកូន​ទី​ពីរ​របស់ខ្លួន​នៅ​ទីនោះ​ផង​។​

​មន្ត្រី​ស៊ីម​បា​វ៉េ​ម្នាក់​ដែលជា​អ្នកទទួលខុសត្រូវ​រៀបចំ​សន្តិសុខ​ជូន​អតីត​មេដឹកនាំ និង​មិនបាន​បង្ហាញ​អតីត​សញ្ញាណ​បានបញ្ជាក់​ដូច្នេះ​៖« គាត់​តែ​ធ្វើដំណើរ​ជា​ទម្លាប់​ទៅហើយ​ទៅពិនិត្យ​ជំងឺ​នៅ​សិង្ហ​បុរី​នោះ​។ គាត់​ត្រូវ​ដល់ពេល​ត្រួតពិនិត្យ​ជំងឺ​ទៀត​ប៉ុន្តែ​ដោយសារ​បញ្ហា​កើតឡើង​ពីរ​ឬ​បី​សប្តាហ៍​មុននេះ​ធ្វើ​ឲ្យ​គាត់​មិនអាច​ចេញទៅ​រួច​»​។​

​ពេល​លោក មូ​ហ្កា​បេ អវត្តមាន​នេះ គណបក្សកាន់អំណាច ZANU PF បានសម្រេច​ប្រកាស​គាំទ្រ​ប្រធានាធិបតី Emmerson Mnangagwa ជា​មេបក្ស​បន្តទៀត និង​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ​ផងដែរ​។​

​ពាក់ព័ន្ធ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​ក្រៅប្រទេស​នេះ មន្ត្រី​សន្តិសុខ​របស់លោក មូ​ហ្កា​បេ មិនបាន​បញ្ជាក់​ឡើយ​ថា លោក​បានធ្វើ​ដំណើរ​ដោយ​របៀប​ណា​នោះ ប៉ុន្តែ​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា លោក​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​ដោយ​យន្តហោះ​រដ្ឋ​។​

​ថ្វីបើ​អស់តំណែង​ក៏ដោយ លោក មូ​ហ្កា​បេ នៅមាន​អភ័យឯកសិទ្ធិ​ដែល​រួច​ផុតពី​ការកាត់ទោស និង​មាន​ការធានា​សន្តិសុខ និង​សុវត្ថិភាព​ពេញលេញ​។ វា​ជា​លក្ខខណ្ឌ​មួយ​ជា​ថ្នូរ​នឹង​ការចុះ​ចេញពី​តំណែង​របស់​មេដឹកនាំ​ផ្តាច់ការ​នេះដែរ​។ ប៉ុន្តែ​ប្រជាជន​ស៊ីម​បា​វ៉េ​ភាគច្រើន​ហាក់​មិន​ពេញ​ចិត្តនឹង​លក្ខខណ្ឌ​នេះ​ទាល់តែសោះ​ហើយ​គេ​ចោទថា លោ​កមូ​ហ្កា​បេ កេង​ប្រ​វញ្ច​រដ្ឋ និង​បំផ្លាញ​សេដ្ឋកិច្ចជាតិ​ក្នុងពេល​លោក​មានអំណាច​៕


Tag:
 រ៉ូបឺត​ម៉ូ​ហ្កា​បេ​
  សិង្ហ​បុរី​
  ស៊ីម​បា​វ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com