ជាតិ
អាមេរិក ព្រមាន​ថា នឹងមាន​វិធានការ​បន្ថែម​លើ​កម្ពុជា បើ​មិន​ទទួលយក​សំណើ​ខ្លួន​
14, Dec 2017 , 11:46 am        
រូបភាព
លោក Patrick Murphy ឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ (ខាងឆ្វេង) លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ខាងស្ដាំ)
លោក Patrick Murphy ឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ (ខាងឆ្វេង) លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ខាងស្ដាំ)
​ភ្នំពេញ​៖ មកដល់ពេលនេះ អាមេរិក បាន​រឹតបន្តឹង​ការផ្ដល់​ទិ​ដ្ឋ​ការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ អាមេរិក ក៏បាន​ព្រមាន​ពី​វិធាន​ការបន្ថែម​លើ​កម្ពុជា​ដែរ បើសិនជា​រដ្ឋាភិបាល មិន​ព្រម​សម្រួល​ឲ្យ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស ត្រឡប់មក​សភាព​ដើម​វិញ​។ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ការដាក់​សម្ពាធ​របស់​អាមេរិក​នេះ ប្រៀបដូចជា​ការសម្លាប់​ប្រជាធិបតេយ្យ​កម្ពុជា​ទៅវិញ​ទេ​។​



​ឧបការី​រង​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍ លោក W. Patrick Murphy មានការ​ព្រួយបារម្ភ​ចំពោះ​ការរំលាយ​គណបក្សប្រឆាំង ការគោរព​សិទ្ធិមនុស្ស សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ ក្នុង​ដំណើ​ទស្សនកិច្ច​ឥត​ព្រាងទុក​នៅ​កម្ពុជា លោក W. Patrick Murphy បាន​លើកយក​ក្តី​ព្រួយបារម្ភ​ទាំងនេះ ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង និង​លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​។ លោក W. Patrick Murphy ចាត់ទុកថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​សព្វថ្ងៃ កំពុង​ដើរ​ថយ​ក្រោយពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ «​យើង​ជឿជាក់ថា រដ្ឋាភិបាល​កម្ពុជា​នៅមាន​ឱកាស​ត្រឡប់មក​ក្រោយ ហើយ​ដើរ​លើផ្លូវ​ត្រូវ​វិញ ដើម្បី​ឈានចូល​ទៅ​ឆ្នាំ​២០១៨ និង​រៀបចំ​ដំណើរការ​បោះឆ្នោត​មួយ​ដែលមាន​លក្ខណៈ​ស្របច្បាប់​»​។ នេះ​ការបញ្ជាក់​របស់លោក Patrick Murphy​។​

​លោក​ឧបការី​រង​រូបនេះ ក៏បាន​រំ​ឮ​ក​ពី​មូល​ហេតុដែល​អាមេរិក រឹតបន្តឹង​ការផ្ដល់​ទិ​ដ្ឋ​ការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល សម្រួល​ស្ថានភាព​នយោបាយ បើកផ្លូវ​ឲ្យ​គណបក្សប្រឆាំង​មានឱកាស​ចូលរួម​បោះឆ្នោត​ឡើងវិញ​។ ប៉ុន្តែ​លោក Patrick Murphy ក៏បាន​ព្រមាន​ពី​វិធាន​ការបន្ថែម​លើ​កម្ពុជា​ដែរ បើសិនជា​រដ្ឋាភិបាល មិន​ព្រម​ទទួលយក​សំណើ​អាមេរិក ដែល​ស្នើ​ឲ្យ​សម្រួល​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស ត្រឡប់មក​សភាព​ដើម​វិញ​នេះ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត ដែល​រៀបចំ​នៅក្នុង​គេហដ្ឋាន​របស់​អនុទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​យើង​នឹងមាន​វិធានការ និង​យន្ត​ការដែល​យើង​អាច​នឹងធ្វើ​ការពិចារណា​បន្ថែមទៀត​មកលើ​កម្ពុ​ជា​។ ខ្ញុំ​នឹងមិន​បញ្ចេញ​ឬ​បង្ហាញ​វិធានការ​ទាំងនោះ នាពេលនេះ​ទេ​។ ប៉ុន្តែ​សារ​របស់​យើង​ដែល​ផ្ដល់​ដល់​កម្ពុជា​នោះ​គឺ​ការ​ត្រឡប់ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​បែបនេះ បាន​នាំ​ឲ្យ​ភាពស្របច្បាប់​នៃ​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ វា​ស្ថិតក្នុង​គ្រោះ​ហានិភ័យ​»​។​

​អម​ជាមួយ​ការព្រលយ​រឿង​វិធានការ​បន្ថែម​នេះ លោក W. Patrick Murphy ក៏បាន​រំ​ឮ​ក​ពី​ការផ្ដល់​ជំនួយ​មនុស្សធម៌​របស់​អាមេរិក ដែល​បាន​ចំណាយ​ជាង​១​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ សម្រាប់​ជួយ​ទ្រទ្រង់​លើ​វិស័យ​អប់រំ បរិស្ថាន វប្បធម៌ សកម្មភាព​ដោះមីន និង​សង្គម​ស៊ីវិល​ជាដើម​។​

​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន ធ្លាប់បាន​និយាយថា វិធានការ​របស់​អាមេរិក គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​ពិភពលោក​ងឿងឆ្ងល់ អំពី​ការចូលរួម​របស់​អាមេរិក ក្នុង​កិច្ចពង្រឹង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​។ សម្រាប់​លោក ផៃ ស៊ី​ផាន សកម្មភាព​អាមេរិក​បែបនេះ វា​ជាការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​អយុត្តិធម៌​។​

​លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​រាល់​សេចក្តីថ្លែងការណ៍​អាមេរិក បង្ហាញ​ពី​បំណង​ពិតប្រាកដ​នៃ​ការបំផ្លាញ​ទំនាក់ទំនង​ល្អ រួមទាំង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​សហរដ្ឋអាមេរិក​-​កម្ពុជា​។​រីឯ បង្ខំ​អោយ​កម្ពុជា​ប្រឆាំង​នឹង​តុលាការ​ប្រឆាំង និងរ​ដ្ធ​សភា គឺជា​ការប្រឆាំង និង​នីតិរដ្ឋ​តែប៉ុណ្ណោះ ផ្ទុយ​ពី​ឆន្ទៈ​កម្ពុជា ដែល​ប្រឺ​ង​ប្រែង​ពង្រឹង​ជា​រៀងរាល់ថ្ងៃ​»​។​

​តែ​យ៉ាងណា​លោក W. Patrick Murphy ទទួលស្គាល់ថា ទំនាក់ទំនង​រវាង​អាមេរិក​-​កម្ពុជា ហាក់​មានការ​ប៉ះទង្គិច​គ្នា​បន្តិច​មែន ចំពោះ​ការយល់ច្រឡំ​គ្នា​រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​លោក Patrick Murphy មាន​សុទិដ្ឋិនិយម​ថា ទង្វើ​របស់​អាមេរិក គឺ​ចង់​ឲ្យ​កម្ពុជា ដើរ​លើផ្លូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ប៉ុណ្ណោះ​៕


Tag:
 អាមេរិក​
 ​ កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com