កីឡាអន្តរជាតិ
អន្តរជាតិ
ពូ​ទីន ការពារ​អត្ត​ព​លិ​ក​ខ្លួន​ដែល​រង​ការ​ចោទ​ពីបទ​ប្រើ​សារធាតុ​ហាមឃាត់
15, Dec 2017 , 1:42 pm        
រូបភាព
រូបភាព ពីAFP
រូបភាព ពីAFP
​ប្រធានាធិបតី​រុស្ស៊ី លោក​វ៉្លា​ឌី​មៀរ ពូ​ទីន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែធ្នូ​ថា រុស្ស៊ី​ត្រៀមខ្លួន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​អត្ត​ព​លិ​ក​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​សារធាតុ​ហាមឃាត់​នៅក្នុង​តុលាការ បើទោះបី​ប្រទេស​នេះ​សហការ​ជាមួយ​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក (WADA) និង គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ក៏ដោយ​។​



​អត្ត​ព​លិ​ក​រុស្ស៊ី ត្រូវបាន​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) សម្រេច​ហាមឃាត់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង ដោយសារតែ​រកឃើញថា​បាន​ប្រើ​សារធាតុ​ហាមឃាត់​។ មន្ត្រី​កីឡា​សំខាន់ៗ​របស់​រុស្ស៊ី​ក៏ត្រូវ​បានដាក់​ពិន័យ​ចំ​ពោះ​កំហុស​នេះដែរ ប៉ុន្តែ​អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​ស្អាតស្អំ នៅតែមាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដដែល​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​បំផុត គឺ​ក្រោម​ទង់​អ​ព្យា​ក្រឹត្យ​។ ករណី​ខាងលើ ត្រូវបាន​ភាគី​រុស្ស៊ី​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​ដើម្បី​តវ៉ា​ពី​ការដាក់ពិន័យ​ដ៏​ធ្ងន់ធ្ងរ​នេះដែរ​។​

«​តើ​យើង​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ WADA និង IOC ដោយ​របៀប​ណា​?»​។ នេះ​ជាការ​លើកឡើង​របស់លោក ពូ​ទីន ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​របស់លោក​។​



​លោក​បន្ថែមទៀតថា​៖«​យើង​នឹង​ធ្វើការ​ជាមួយ​ពួកគេ​ដោយ​ស្ងប់ស្ងាត់​ដើម្បី​ដកចេញ​បញ្ហា​ដែល​យើង​មាន ប៉ុន្តែ​ជាការ​ពិត​យើង​ធ្វើការ​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​អត្ត​ព​លិ​ក​របស់​យើង​រួមទាំង​នៅក្នុង​តុលាការស៊ីវិល​ផងដែរ​។ ខ្ញុំ​ដឹងថា​មន្ត្រី​កីឡា​អន្ដរជាតិ​ជាច្រើន​មិន​ចង់​ធ្វើបែបនេះ​ទេ ប៉ុន្តែ​តើ​យើង​អាចធ្វើ​អ្វី​បាន​? យើង​នឹងត្រូវ​បង្ខំ​ឲ្យ​អត្ត​ព​លិ​ករ​បស់​យើង​ក្រោកឈរឡើង​ដើម្បី​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​នៅក្នុង​តុលាការស៊ីវិល​»​។​

​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន ក៏បាន​ទទួលស្គាល់ថា​រឿងអាស្រូវ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ពិតជា​កើតឡើង​ក្នុងចំណោម​អត្ត​ព​លិ​ក​រុស្ស៊ី​មែន ប៉ុន្តែ​ការដាក់ពិន័យ​យ៉ាង​តឹងរឹង​នេះ​គឺជា​ហេតុផល​នយោបាយ និង​ជាការ​ប្រមាថ​ដ៏​ធំ​សម្រាប់​រុស្ស៊ី​៕


Tag:
 អូឡាំពិក​
  វ្ល៉ា​ឌី​មៀរ​ពូ​ទីន​
  សារធាតុ​ហាមឃាត់​
  IOC
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com