កីឡាជាតិ
ជាតិ
Hun Sen Cup៖ ណាហ្គា​វើ​ល និង​ស្វាយរៀង​ឡើងទៅ​ប៉ះគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​៣
18, Dec 2017 , 2:14 pm        
រូបភាព
ដោយ:
​ក្រោយ​ទម្លាក់​គូប្រជែង​រៀងៗ​ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ក្នុងនោះ​ណាហ្គា​វើ​ល​ទម្លាក់​បឹងកេត រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​ទម្លាក់​អគ្គិសនី​កម្ពុជា​រួចមក ក្រុម​ទាំងពីរ​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុម​ទាំងពីរ​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ តាំងពី​បង្កើត​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំ​២០០៧​។ តែ​វា​ជា​លើក​ទី​៥ និង​ទី​៦​សម្រាប់​ណាហ្គា​វើ​ល​(​ណាហ្គា​ខ​ប​) និង​ព្រះខ័ន​រាជ​ស្វាយរៀង​(​ព្រះខ័ន​រាជ​)​ដែល​បង្ហាញខ្លួន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។



​ចាប់ពី​ឆ្នាំ​២០០៧​នៃ​ការបង្កើត​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន វា​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​ណាហ្គា​វើ​ល​បាន​ឡើងទៅ​ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ឆ្នាំនេះ​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ពីរលើក​រួចមកហើយ​នៅ​ឆ្នាំ​២០១២ និង ២០១៥ ដោយ​លទ្ធផល​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ ២-១ ទាំងពីរ​ប្រកួត​ដូចគ្នា​។



​ការឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ក្រុម​ទាំងពីរ​ឆ្នាំនេះ វា​លើក​ទី​៥​សម្រាប់​ណាហ្គា​វើ​ល និង​លើក​ទី​៦​សម្រាប់​ព្រះរាជ​ស្វាយរៀង​។ ប៉ុន្តែ​ព្រះខ័ន​រាជ​ស្វាយរៀង​ធ្លាប់​គ្រង​ជើងឯក​ពានរង្វាន់​នេះ​បាន​៣​លើក​(២០១១, ២០១២, ២០១៥) ឯ​ណាហ្គា​វើ​ល​បានតែ​១​លើក​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៣ ក្រោយ​ឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៥-៣​។

​មុន​ឡើងមក​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ ក្រុម​ណាហ្គា​វើ​ល​បាន​ទម្លាក់​បឹងកេត​ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៤-២  ក្នុងនោះ​ជើង​ទី​១​ណាហ្គា​វើ​ល​យកឈ្នះ​បឹងកេត ១-០ និង​ជើង​ទី​២​ឈ្នះ ៣-២​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ទម្លាក់​ក្រុម​អគ្គិសនី​កម្ពុជា​ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៦-៤ ក្នុងនោះ​ជើង​ទី​១​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ២-២ និង​ជើង​ទី​២​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​អគ្គិសនី ៤-២​។

​ក្រុម​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន តាំងពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ រួមមាន​ក្រុម​ខេមរា​កីឡា​ជា​ក្រុម​គ្រង​ជើងឯក​ឆ្នាំ​ដំបូង​គេ​ក្រោយ​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ដោយ​បាល់​១១​ម៉ែត្រ ៤-២ បន្ទាប់ពី​ក្រុម​ទាំង​រក្សា​លទ្ធផល​ស្មើ ១-១​។ បន្ទាប់មក​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​គ្រង​ជើងឯក​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​ឆ្នាំ​២០០៨ និង ២០០៩ ក្រោយ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ១-០ ដូចគ្នា​។



​នៅ​ឆ្នាំ​២០១០​ក្រុម​ក្រសួងការពារជាតិ​គ្រង​ជើងឯក​ជា​លើកដំបូង​របស់ខ្លួន​ក្រោយ​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ៣-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ឆ្នាំ​២០១១ និង ២០១២ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ក្រសោប​យក​ជើងឯក​ទាំង​ពីរ​ឆ្នាំក្រោយ​យកឈ្នះ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ២-០ និង​ណាហ្គា​វើ​ល ២-១ តាម​លំដាប់​។ ណាហ្គា​វើ​ល​ក្រោយ​យកឈ្នះ​ទ័ព ៥-៣ បាន​គ្រង​ជើងឯក​ឆ្នាំ​២០១៣ ជា​លើកដំបូង​របស់ខ្លួន មុន​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​គ្រង​ជើងឯក​ឆ្នាំ​២០១៤ ក្រោយ​យកឈ្នះ​បៀ​ល​ប្រាយ ២-០​។

​នៅ​ឆ្នាំ​២០១៥ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើក​ទី​៣​ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល ២-១ មុន​ក្រសួងការពារជាតិ​យកឈ្នះ​ខ្លួន​ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ៦-៥(១-១) ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់​នេះ​នៅ​ឆ្នាំ​២០១៦៕


Tag:
 បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com