ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាង​កម្ពុជា​នៅ UN ប្រាប់​ប្រទេសនានា​ថា ប្រជាធិបតេយ្យ ចាក់ឫស​យ៉ាងជ្រៅ​នៅ​កម្ពុជា​
19, Dec 2017 , 3:13 pm        
រូបភាព
លោក ទុយ រី ឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ស្ថិតក្នុងកិច្ចប្រជុំកាលពីកន្លងមក
លោក ទុយ រី ឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ស្ថិតក្នុងកិច្ចប្រជុំកាលពីកន្លងមក
​ភ្នំពេញ​៖ តំណាង​កម្ពុជា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ប្រកាស​ការពារ​ថា រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត​ជាង​ពេលណា​ទាំងអស់ ក្នុងការ​ប្រកាន់យក​ល​ទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី​ពហុបក្ស​។ ការប្រកាស​បែបនេះ ចាត់ទុកជា​ការឆ្លើយតប​នឹង​សហគមន៍​អន្តរជាតិ ដែល​មើលឃើញ​បញ្ច្រាស់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ដើរ​ថយក្រោយ​។



​ស្របពេល​សហគមន៍​អន្តរជាតិ កំពុង​ថ្កោលទោស​និង​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ មកលើ​រដ្ឋា​ភិ​បា​កម្ពុជា ក្រោម​ហេតុផលថា​ធ្វើ​ឲ្យ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ធ្លាក់ចុះ​យ៉ាងគំហុក ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ (UN) ក៏បាន​ចេញមក​បកស្រាយ​ផ្ទុយ​នឹង​ការមើលឃើញ​បែប​អវិជ្ជមាន​នេះ​។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន មាន​គណបក្ស​ប្រមាណ​៣៥ បាន​ចុះបញ្ជី​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​។ ដោយសារ​តែមាន​គណបក្ស​ជាច្រើន កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា គេ​អាច​មើលឃើញថា លំហ​ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ពហុបក្ស កំពុង​ចាក់ឫស​យ៉ាងជ្រៅ​នៅ​កម្ពុជា​»​។​

​ការអះអាង​បែបនេះ របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា គឺធ្វើឡើង​តាមរយៈ​កំណត់ទូតមួយ ដែល​ផ្ញើ​ទៅកាន់​កិច្ចពិភាក្សា​ស្តីពី «​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​» នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ ដែល​រៀបចំ​ដោយ​ស្ថាន​បេស​កកម្ម​អចិន្ត្រៃយ៍​នៃ​សហរដ្ឋអាមេរិក និង​ស្ថាន​បេស​កកម្ម​អចិន្ត្រៃយ៍​នៃ​សហភាព​អឺរ៉ុប ហើយ​មានការ​ចូលរួម​ពី​ស្ថាន​បេស​កកម្ម​អចិន្ត្រៃយ៍​នៃ​បណ្តា​ប្រទេស​នានា​។ មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កញ្ញា កឹម មនោ​វិទ្យា ដែលជា​កូនស្រី​ច្បង​របស់លោក កឹម សុខា ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះដែរ​។

​កំណត់ទូត​របស់​ស្ថាន​បេស​កកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា  ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ប្រតិកម្ម​ខ្លាំងៗ នឹង​កិច្ចពិភាក្សា​នោះ ដោយ​ចាត់ទុកថា មាន​គោលបំណង​ផ្តល់ព័ត៌មាន​មិន​ពិត និង​បង្ក​ឲ្យ​មានការ​យល់ច្រឡំ​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ខ្លឹមសារ​ក្នុង​​កំណត់ទូត​នោះ បាន​សង្កត់ធ្ងន់ៗ​បែបនេះ​ថា​៖«​ស្ថាន​បេស​កកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា សូម​តវ៉ា និង​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​នឹង​ការពិភាក្សា​បែបនេះ ដែល​រៀបចំឡើង​ក្រោម​ហេតុផល​នយោបាយ និង​មាន​ចេតនា​យ៉ាងច្បាស់​ក្នុងការ​បំភាន់​សាធារណៈមតិ​។ អាកប្បកិរិយា​ដ៏​ក្រអឺតក្រទម និង​គ្មាន​ការគោរព​បែបនេះ ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ប្រទេស​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដែល​ផ្ទុយ​នឹង​មាត្រា​២ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»​។

​តាមរយៈ​​កំណត់ទូត​​របស់ខ្លួន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា បាន​ព្យាយាម​លើកយក​ទិដ្ឋភាព​សំខាន់ៗ ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា ដែល​រួមមាន ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ការហាមឃាត់​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ទៅ​បំភ្លឺ​និង​ពន្យល់​ដល់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​បណ្តា​ប្រទេស​ទាំងអស់ ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​ខាងលើ​។

​សម្រាប់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា វិធានការ​ទាំងនោះ គឺធ្វើឡើង​ដោយ​ស្របទៅតាម​ច្បាប់​កម្ពុជា ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​រក្សា​សន្តិសុខ​ជាតិ​ទាំងមូល​។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា មិនអាច​ទទួលយកបាន​ឡើយ ដែល​រដ្ឋាភិបាល​កម្ពុជា បែរជា​រង​នូវ​ការរិះគន់​យ៉ាង​អយុត្តិធម៌​ទៅវិញ ដោយ​គ្រាន់តែ​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​ការពារ​អធិបតេយ្យ និង​សន្តិសុខ​ជាតិ​បែបនេះ​។​

​ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មករក​ភាពល្អប្រសើរ ជាពិសេស​ការអនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយចោល ធ្វើ​សកម្មភាព​ឡើងវិញ និង​ការដោះលែង​លោក កឹម សុខា សហគមន៍​អន្តរជាតិ ដោយមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម បានដាក់​ទណ្ឌកម្ម​ជាប​ណ្តើ​រៗ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​រួមមាន ការផ្តាច់​ជំនួយ​លើ​ការបោះឆ្នោត ការ​រឹតបន្តឹង​លើ​ទិដ្ឋាការ និង​គម្រោង​បង្កក​ទ្រព្យសម្បតិ្ត ដែល​ផ្ញើ​នៅក្រៅ​ប្រទេស ជាអាទិ៍​។ ប្រទេស​ធំៗ​ទាំងពីរ ថែមទាំង​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត នៅ​ឆ្នាំ​២0១៨ ផងដែរ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​។

​រហូតមកដល់​ពេលនេះ ទណ្ឌកម្ម​ខាងលើ នៅ​មិនទាន់មាន​ឥទ្ធិពល ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើតាម​ការចង់បានរ​បស់​សហគមន៍​អន្តរជាតិ​នោះទេ​។ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​ជារឿយៗ​ថា ត្រូវតែ​រក្សា​អធិបតេយ្យ​របស់ខ្លួន​ឲ្យ​បាន ដោយ​មិន​ឲ្យ​ប្រទេស​ណាមួយ មក​លូកលាន់​ចូល​ផ្ទៃក្នុង ឬ​បង្គាប់បញ្ជា​ឲ្យ​ធ្វើ​នេះ​ឬ​ធ្វើ​នោះ ជាដាច់ខាត​៕


Tag:
 តំណាង​កម្ពុជា​
  CNRP
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com