កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូជម្រើសជាតិអូស្ត្រាលី លោក Postecoglou ទៅដឹកនាំក្លិប Yokohama នៅ J-League
× អតីតអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី លោក Ange Postecoglou នឹងឡើងដឹកនាំក្រុម Yokohama F-Marinos នៃលីកបាល់ទាត់កំពូលជប៉ុន J-League នៅរដូវកាលក្រោយ។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវការ AFC។
អ្នកចាត់ការសញ្ជាតិក្រិក-អូស្ត្រាលី វ័យ៥២ឆ្នាំដែលលាលែងពីតំណែងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអូស្ត្រាលីកាលពីខែវិច្ចិកា កន្លងទៅ ក្រោយជួយក្រុមកង់គូរូ បានកៅអីទៅ World Cup 2018 នៅរុស្ស៊ី ត្រូវបានក្លិប Yokohama F-Marinos ប្រកាសឲ្យឡើងដឹកនាំក្រុមជំនួសអ្នកចាត់ការសញ្ជាតិបារាំង Erick Mombaerts ដែលត្រឡប់ទៅដឹកនាំក្រុមនៅអឺរ៉ុបវិញនៅចុងបញ្ចប់រដូវកាលនេះ។
«ខ្ញុំរំភើបណាស់ដែលបានផ្លាស់មកកាន់ប្រទេសជប៉ុន និងត្រលប់ទៅដឹកនាំក្រុមបាល់ទាត់ក្នុងលីកវិញ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំធ្វើការជាមួយកីឡាករវ័យក្មេងនៅទីនេះ»។ នេះជាការលើកឡើងរបស់លោក Postecoglou។
ក្លិប Yokohama F-Marinos ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន City Football Group (CFG) ដែលមានម្ចាស់រួមជាមួយក្លិប Manchester City នៃក្របខណ្ឌ Premier League ហើយក៏ជាម្ចាស់ក្លិប New York City នៃលីកកំពូលអាមេរិក (MLS) ក្លិប Melbourne City នៅអូស្ត្រាលី និងក្លិប Atletico Torque របស់អ៊ុយរូហ្គាយ។
Yokohama F-Marinos បានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងក្របខណ្ឌ J-League កាលពីរដូវកាលមុន ដោយតាមពីក្រោយ១៣ពិន្ទុពីក្រុមម្ចាស់ជើងឯក Kawasaki៕
Tag:
បាល់ទាត់
Ange Postecoglou
Yokohama F-Marinos
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com