កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ange Postecoglou លាលែង ក្រោយ​ជួយ​អូស្ត្រាលី​បាន​កៅអី World Cup
22, Nov 2017 , 5:06 pm        
រូបភាព
លោក Ange Postecoglou មានទឹកមុខស្រងូតស្រងាត់នាសន្និសីទសារព័ត៌មាន​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា។ រូបថត AFP
លោក Ange Postecoglou មានទឹកមុខស្រងូតស្រងាត់នាសន្និសីទសារព័ត៌មាន​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា។ រូបថត AFP
​លោក Marc Wilmots និង លោក Giampiero Ventura បាន​អស់​តួនាទី​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ និង​អ៊ីតាលី រៀងៗ​ខ្លួន ក្រោយ​ពួកលោក​បរាជ័យ​ក្នុងការ​ដឹកនាំ​ក្រុម​ឲ្យ​ទទួលបាន​កៅអី World Cup នៅ​រុស្ស៊ី​។ លោក Ange Postecoglou ជា​គ្រូបង្វឹក​ទី​៣​ដែល​បាន​ចាក​ចេញពី​ជម្រើសជាតិ ប៉ុន្តែ​ការចាកចេញ​នេះ ធ្វើឡើង​៦​ថ្ងៃក្រោយ​ពេលដែល​លោក​បាន​ជួយ​ឲ្យ​អូស្ត្រាលី ទទួល​កៅអី​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ នៅ​ទឹកដី​ខ្លាឃ្មុំ​ទឹកកក​។



​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី លោក Ange Postecoglou បានប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​ជួយ​ក្រុម​នេះ​បាន​កៅអី​ឡើងទៅ​ប្រកួត FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ អ្នកចាត់ការ​សញ្ជាតិ​ក្រិ​ក​-​អូស្ត្រាលី វ័យ ៥២​ឆ្នាំ​រូបនេះ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិន​នៅ​បន្ត​ដឹកនាំ​ក្រុម​អូស្ត្រាលី​ទៅ​ប្រកួត​ពានរង្វាន់​លំដាប់​ពិភពលោក​នោះទេ ហើយ​ការចាកចេញ​នៅពេលនេះ គឺ​ដើម្បី​ឲ្យ​ក្រុម​មាន​ពេលវេលា​ច្រើន​ស្វែងរក​អ្នកចាត់ការ​ថ្មី​នាំ​ក្រុម​ទៅ រុស្ស៊ី​ឆ្នាំក្រោយ​។​
 
​ការប្រកាស​នេះ​បានធ្វើ​ឡើង​នៅ​ចុងបញ្ចប់​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ក្នុងនាម​ជា​អ្នកចាត់ការ​អូស្ត្រាលី ហើយ​បានបញ្ចប់​ភាពស្រពេចស្រពិល​អស់រ​យៈ​ពេល​ជាច្រើន​សប្តាហ៍​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​រូបលោក​នឹងត្រូវ​ចាកចេញ បើទោះបី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​ក្រុម​ទៅ World Cup នៅ​ឆ្នាំ ២០១៨ ក៏ដោយ​។​

Postecoglou មិនបាន​បង្ហាញ​ពី​មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​ចុះចេញ​ពី​តំណែង ឬ​ប្រកាស​គម្រោង​ណាមួយ​នាពេល​អនាគត​នោះទេ ដោយ​គ្រាន់តែ​លើកឡើងថា​នេះ​ជា "​ពេល​ត្រឹមត្រូវ​" ដើម្បី​ចាកចេញ​ពី​ក្រុម​ប៉ុណ្ណោះ​។

​លើសពីនេះ លោក​ក៏បាន​ច្រានចោល​នូវ​សំណួរ​ថា​តើ​គាត់​ធ្លា​ប់រង​ផលប៉ះពាល់​ពី​ការរិះគន់​ពី​បណ្តាញសារព័ត៌មាន និង​បាន​បដិសេធ​ការប៉ះទង្គិច​ណាមួយ​ជាមួយ​ស្ថាប័ន​គ្រប់គ្រង​ថែមទៀត​ផង​។​

​អូស្ត្រាលីធ្លាប់​ឡើងទៅ World Cup ៤​ដង​រួចមកហើយ មុនពេល លោក Postecoglou ​ជួយ​ក្រុម​ក្នុង​ទ្វីបអាស៊ី​មួយ​នេះ​ឈ្នះ​ការប្រកួត Play-off លើ​ក្រុម ហុង​ឌូ​រ៉ា​ស​ដើម្បី​មាន​វត្តមាន​ជា​លើក​ទី​៥​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​៕



Tag:
 បាល់ទាត់​
  FIFA World Cup
  អូស្ត្រាលី​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com