អន្តរជាតិ
ម៉ាឡេស៊ី​មិន​ខ្លាច​អាមេរិក​កាត់​ជំនួយ ក្រោយ​បោះឆ្នោត​ថ្កោលទោស​អាមេរិក​រឿង​ហ្ស៊េ​រុយ​សា​ឡិ​ម
23, Dec 2017 , 7:00 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Ahmad Zahid Hamidi (រូបភាព៖ Xinhua)
ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Ahmad Zahid Hamidi (រូបភាព៖ Xinhua)
​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា បានប្រកាសថា ម៉ាឡេស៊ី​មិន​ញញើត​ការគំរាមកំហែង​កាត់​ជំនួយ​របស់​អា​មេ​រិ​កឡើ​យ បន្ទាប់ពី​បាន​គាំទ្រ​សេចក្ដីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​ការសម្រេចចិត្តរ​ប​ស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។



ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ ដែល​បាន​បោះឆ្នោត​ថ្កោលទោស​អាមេរិក​។​
 
«​ពួកគេ​យកលុយ​ពី​អាមេរិក​រាប់លាន អាច​រាប់ពាន់​លាន​ដុល្លារ​ទៀត ហើយ​ពួកគេ​នាំគ្នា​បោះឆ្នោត​ប្រឆាំង​យើង​។ ល្អ​! យើង​កំពុង​រង់ចាំ​មើល​ការបោះឆ្នោត​។ ឲ្យ​ពួកគេ​បោះឆ្នោត​ប្រឆាំង​យើង​ទៅ​។ យើង​នឹង​សន្សំ​លុយ​បាន​ច្រើន​។  យើង​មិនដែល​ខ្វល់​ឡើយ​»​។ នេះ​ជាស​ម្តី​ព្រមាន​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ មុន​ការបោះឆ្នោត​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​សម្ដី​គំរាម​នេះ​មិន​ទទួលបាន​ផល​ទេ ដោយ​ប្រទេស​ចំនួន​១២៨​បាន​រិះគន់​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​។​
 
​ម៉ាឡេស៊ី ដែល​ចេញមុខ​រិះគន់​អាមេរិក​តាំងពី​លោក ត្រាំ ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​មក​នោះ ក៏​បោះឆ្នោត​គាំទ្រ​ដែរ និង​មិន​ខ្វល់ខ្វាយ​ខាតបង់​ជំនួយ​ទឹកប្រាក់​របស់​អា​មេ​រិ​កឡើ​យ​។ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Ahmad Zahid Hamidi បានប្រកាសថា ការ​គំរាម​ផ្ដាច់ជំនួយ​របស់​អាមេរិក មិនអាច​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ព្រឺព្រួច​ឡើយ ទោះជា​ម៉ាឡេស៊ី​ទទួល​ជំនួយ​បច្ចេកទេស​យោធា​ពី​អាមេរិក​ក្ដី​។​
 
​ថ្លែង​នាឱកាស​ការជួបជុំ​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃទី​២២ ខែធ្នូ លោក Hamidi អះអាងថា ម៉ាឡេស៊ី​មិនមែនជា​ប្រទេស​ទទួល​ជំនួយ​ធំដុំ​របស់​អាមេរិក​ឡើយ ទោះជា​បានទទួល​ជំនួយ​ផ្នែក​សន្តិសុខ និង​វិស័យ​ការពារជាតិ​ក៏ដោយចុះ​។ «​អាមេរិក​មិនគួរ​ប្រើប្រាស់​ការ​គំរាម​ដូច្នេះ​ឡើយ ព្រោះ​សេចក្ដីសម្រេច​របស់​មហា​សន្និបាត​ជា​គំនិត​របស់​សហគមន៍​អន្តរជាតិ​ទាំងមូល ហើយ​សមាជិក​ទាំងអស់​គួរតែ​គោរព​តាម​»​។ នេះ​ជា​សម្ដី​របស់លោក Hamidi ផ្សាយ​ដោយសារ​ព័ត៌មាន Bernama​។​
 
​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែធ្នូ សមាជិក​អង្គការសហប្រជាជាតិ​ចំនួន ១២៨ បាន​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដែល​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ ប្រទេស​ចំនួន​ប្រាំបួន​មាន​អាមេរិក និង​អ៊ីស្រាអែល​ផង​នោះបាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​នេះ​។ ប្រទេស​ដែល​បោះឆ្នោត​ប្រឆាំង​សេចក្ដីសម្រេច​ទាំងនោះ គឺជា​ប្រទេស​កោះ​តូចៗ ក្រីក្រ ហើយ​ពឹង​ផ្អែកលើ​ជំនួយ​អាមេរិក​យ៉ាងខ្លាំង​។  
 
 
​ប្រទេស​៣៥​នាំគ្នា​បោះ​អនុប្បវាទ​ក្នុងនោះ​មាន​សម្ព័ន្ធមិត្ត​អាមេរិក​ដូចជា​កាណាដា និង​អូស្ត្រាលី​ផងដែរ​។ ប្រទេស​នៅ​សេសសល់ គឺ​អវត្តមាន​ពី​កិច្ចប្រជុំ​បន្ទាន់​តែម្ដង​។ ទោះជា​សេចក្ដីសម្រេច​នេះ​គ្មាន​អំណាច​ចាប់បង្ខំ​ឲ្យ​អនុវត្ត​ក្ដី តែ​វា​បានបង្ហាញ​ពី​ការមិន​ពេញ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ការប្រកាស​របស់លោក ត្រាំ ដែល​កំពុង​បង្ក​ជា​ហិង្សា​កាន់តែខ្លាំង​៕    
 
 

Tag:
 ​ម៉ាឡេស៊ី​
  អាមេរិក​
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com