ជាតិ
ជួង ច័ន្ទ​លក្ខិណា វ័យ​១៥​ឆ្នាំ​និពន្ធ​សៀវភៅ​ជា​ភាសា​អង់គ្លេស ដើម្បីឱ្យ​យុវជន​ពិចារណា
24, Dec 2017 , 10:19 am        
រូបភាព
ភ្នំពេញ​៖ ព្រោះ​តែមាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​បែកបាក់​មិត្តភក្តិ និង​មាន​បញ្ហា​ក្នុង​គ្រួសារ កុមារី ជួង ច័ន្ទ​លក្ខិណា អាយុ​១៥​ឆ្នាំ បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា “Behind the perfect smile (​នៅ​ពីក្រោយ​ស្នាមញញឹម​ដ៏​ឥតខ្ចោះ​មួយ​)” ។ សៀវភៅ​នេះ​បាន​ដាក់លក់​នៅក្នុង​ថ្ងៃ​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៦ កន្លងទៅនេះ និង​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន​ពី​អ្នកទិញ​។​



​ក្រោយពី​មានការ​លើកទឹកចិត្ត​ពី​ប្រធាន​ក្រុម​អ្នកនិពន្ធ​វ័យក្មេង ឱ្យ​បោះពុម្ព​ជា​សៀរ​ភៅ កុមារី ជួង ច័ន្ទ​លក្ខិណា ក៏បាន​ផ្តើម​ចងក្រង​សំណៅ​ដើម​ឱ្យចេញ​ជា​សៀវភៅ​តែម្ដង​។ នាង​រៀបរៀង​សៀវភៅ​នេះ​ឡើង  ក្រោយពី​មាន​វិបត្តិ​គ្រួសារ និង​ក្រោយមក​បាន​រង​សម្ពាធ​ពី​ការបែកបាក់​មិត្តភក្តិ​ដ៏​ល្អ​របស់​នាង​។ អនុស្សាវរីយ​ល្អៗ និង​ការឈឺចាប់​ទាំងឡាយ​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​កូនសៀវភៅ​ប្រចាំថ្ងៃ​របស់​នាង​។ "​ខ្ញុំ​បាន​កត់​រឿងរ៉ាវ​ដែល​ខ្ញុំ​ចាំ​ហូរហែ​។ ខ្ញុំ​រង​សម្ពាធ​ច្រើនណាស់​។ ប៉ា​ម៉ាក់​ខ្ញុំ​លែងលះគ្នា មិត្តភក្តិ​ដ៏​ល្អ ក៏​បែកបាក់ ហើយ​កាលណោះ គ្រូ​ក៏​ធ្វើបាប​ខ្ញុំ​ខ្លាំង​ទៀត ខ្ញុំ​ពិតជា​ពិបាកចិត្ត​ខ្លាំងណាស់​”​។​
 


​ដើមហេតុ​ចំបង​ដែល​ធ្វើឱ្យ​ក្មេងស្រី​ម្នាក់នេះ សរសេរ​សៀវភៅ​“Behind the perfect smile នេះ​ឡើង​គឺ​ដោយសារ​នាង​បែក​ពី​មិត្តស្រី​របស់​នាង​។ មិត្ត​ម្នាក់​នោះ​រស់នៅ​សហរដ្ឋអាមេរិក​មាន​អាយុ​ស្រករ​នឹង​នាង​ដែរ​។ ហើយ​មូលហេតុ​នៅ​ពីក្រោយ​ការបែកបាក់​គ្នា​នេះ កុមារី​រៀន​ថ្នាក់​ទី​១០​រូបនេះ មិនបាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ​។ នាង​ដឹង​ត្រឹម​ថា មិត្ត​ល្អ​របស់​នាង មាន​មិត្ត​ថ្មី​ម្នាក់ទៀត ហើយ​មិត្ត​ថ្មី​នោះ មិន​ចូលចិត្ត​នាង ជាហេតុ​ធ្វើឱ្យ​មិត្ត​របស់​នាង​ត្រូវ​ដើរ​ចេញពី​នាង​។ "​ខ្ញុំ​អត់​បានដឹង​មូលហេតុ​ច្បាស់ ខ្ញុំ​បាន​ព្យាយាម​សួរ​គាត់​ដែរ តែ​គាត់​គ្រាន់តែ​ប្រាប់ថា មិត្ត​ថ្មី​របស់គាត់​មិន​ចូលចិត្ត​ខ្ញុំ​ទេ​។ ខ្ញុំ​គិតថា​ប្រាកដជា​មានរឿង​នៅ​ពីក្រោយ​ហ្នឹង​ទៀត តែ​ខ្ញុំ​មិនដឹងថា​រឿង​អី​"​។​
 


​សៀវភៅ “Behind the perfect smile” បាន​និយាយ​អំពី សេចក្តីស្រលាញ់ ការលើកទឹកចិត្ត មិត្តភាព និង​ការ​ងប់​ង​ល់​។ កុមារី​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​រូបនេះ​បាន​និយាយថា​៖"​សៀវភៅ​នេះ​ចង់​បង្ហាញថា អ្វីដែល​យើង​គិត​វា​មិន​សុទ្ធតែ​ត្រូវ​ទេ ហើយ​ពេលដែល​មានរឿង​មិនល្អ​កើត​លើ​ខ្លួន​យើង​ផ្ទួនៗ​ក៏ដោយ យើង​ត្រូវ​ជម្នះ​គ្រប់យ៉ាង​។ ត្រូវ​គិតថា ស្ថានភាព​លំបាក​យ៉ាងណា ក៏​នៅតែមាន​ច្រកចេញ​មួយ​ដ៏​ប្រសើរ​ដែរ​»​។​
 
​លោក លី ដា​រា ប្រធាន​ក្រុម​អ្នកនិពន្ធ​វ័យក្មេង និង​ជា​អ្នក​កែសម្រួល​សៀវភៅ “Behind the perfect smile”  បានឱ្យដឹងថា អត្ថន័យ​ក្នុង​សៀវភៅ​មួយ​ក្បាល​នេះ ត្រូវ​នឹង​យុវវ័យ​ភាគច្រើន​។ លោក​ទទួលស្គាល់ថា តាំងពី​លោក​អាន​សៀវភៅ​បាន​ប្រមាណ ៧៧៩ ក្បាល​មក សៀវភៅ​មួយ​ក្បាល​នេះ លោក​ស្រួល​អាន​ជាងគេ ហើយ​ធ្វើឱ្យ​លោក​ចង់ដឹងថា​រឿង​នោះ​នឹង​បញ្ចប់​ដោយ​របៀប​ណា​។​
 
​ថ្វីដ្បិតតែ​លក្ខិណា​ត្រូវ​រស់ក្នុង​ស្ថានភាព​គ្រួសារ​មាន​វិបត្តិ មិនបាន​រស់​ក្បែរ​ម្ដាយ​ឪពុក ដោយនៅ​ជាមួយ​ជីដូន និង​ត្រូវ​បែកបាក់​មិត្តភក្តិ ព្រមទាំង​មាន​សម្ភា​ធ​ពី​សាលា​ក៏ដោយ ក៏​ក្មេងស្រី​វ័យ​១៥​ឆ្នាំ​រូបនេះ នៅតែ​មិន​បោះបង់ចោល​ការសិក្សា ហើយ​ថែមទាំង​ខឹ​ត​ខំប្រឹងប្រែង​ទ្វេដង​។ ជាងនេះទៅទៀត​នាង​បានកំណត់​គោលដៅ​ក្នុង​ជីវិត និង​ការសិក្សា​បាន​យ៉ាង​ច្បាស់លាស់​។​
 



​លក្ខិណា បញ្ជាក់ថា នាង​ចង់បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស សិង្ហ​បុរី ថ្នាក់​វិទ្យាល័យ​ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​។ នាង​បាន​ស្រាវជ្រាវ​ពី​តម្រូវការ​ខាង​សាលា​ចង់បាន និង​ព្យាយាម​ពង្រឹង​ចំណេះដឹង​ផ្នែក​គណិតវិទ្យា​រហូត​ប្រឡង​ជាប់​សិស្ស​ពូកែ​គណិតវិទ្យា ទូទាំង​រាជធានី​ក្នុង​ឆ្នាំ​២០១៦ ក្នុង​ចំណាត់ថ្នាក់​លេខ​៤ ។ នាង​ក៏​ទើបតែ​បញ្ចប់​ការសិក្សា​ភាសា​អង់គ្លេស​វគ្គ​ខ្លី នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ACE​ផងដែរ​។

កុមារី​ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ និង​ម្ដាយ​ជា​ជនជាតិខ្មែរ​កាត់​ថៃ​រូបនេះ​បន្ថែមថា តាំងពី​តូច​មក​ជីដូន​តែងតែ​ប្រាប់​ឱ្យ​នាង​ខំរៀន​។ "​ខ្ញុំ​រៀន​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦ ជាប់​លេខ​១​រហូត ហើយពី​ថ្នាក់​ទី​៧ ដល់ទី​១០​នេះ ខ្ញុំ​ជាប់​ចំណាត់ថ្នាក់​ចន្លោះ​ពី​លេខ​១​ដល់​លេខ​៤​ឆ្លាស់គ្នា​។ ខ្ញុំ​រៀន​បាន​លទ្ធផល​បែបនេះ​ដោយសារតែ យាយ​របស់ខ្ញុំ​គាត់​តែងតែ​ប្រាប់​ខ្ញុំ​ឱ្យ​ខំរៀន ហើយ​ពន្យល់​ពី​ផលប្រយោជន៍​នៃ​ការសិក្សា​"​។ លក្ខិណា​រំ​ឮ​ក​ពី​ការសិក្សា​របស់​នាង​។​
 
​ពេលទំនេរ លក្ខិណា​ចូលចិត្ត​អាន​សៀវភៅ​វិទ្យាសាស្ត្រ​ដែល​ទាក់ទង​នឹង​ភពផែនដី ប្រលោមលោក ស្ដាប់​ចម្រៀង ជា​ភាសា​អង់គ្លេស​។ ប៉ុន្តែ​លក្ខិណា បញ្ជាក់ថា​ទៅ​ថ្ងៃ​អនាគត នាង​មានបំណង​ចង់​ធ្វើការ​ផ្នែក​សុខាភិបាល​៕

Tag:
 ជួង ច័ន្ទ​លក្ខិណា​
 ​និពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com