ជាតិ
បទសម្ភាសន៍
The Perspectives Cambodia ជា​វេទិកា​បណ្តុះ​គំនិត​វិជ្ជមាន និង​បង្កើន​សាមគ្គី​រវាង​យុវជន
24, Dec 2017 , 6:00 pm        
រូបភាព
ដោយ:
កម្មវិធី The Perspectives Cambodia ជា​វេទិកា​សង្គម​មួយ​ដែល​បណ្តុះ​ស្មារតី​សាមគ្គីភាព និង​មានគំនិត​វិជ្ជមាន​ក្នុងសង្គម  ដើម្បី​ឲ្យ​យុវជន​អាច​រស់នៅ​ជាមួយគ្នា ក្នុង​ភាព​ផ្សេងគ្នា​ និង​ចម្រុះ​គ្នា​នៃ​គំនិត និង​ការយល់ឃើញ​ប្រកបដោយ​សីលធម៌ គុណធម៌ និង​ការទទួលខុសត្រូវ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ហួ តុលា សមាជិក​ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​កម្មវិធី​នេះ ដែល​បាន​បន្តថា​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី​២ នឹង​ចាប់ផ្តើម​នៅពេល​ឆាប់ៗ ហើយ​ដំណើរការ​នៃ​ការ​ជ្រើស​បេក្ខជន ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែធ្នូ​ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ហួ តុលា បាន​គូសបញ្ជាក់ថា យុវជន​អាច​បង្កើន​សមត្ថភាព និង​បទពិសោធន៍​របស់ខ្លួន តាមរយៈ​ការជជែក​ដេញដោល តស៊ូ​មតិ ផ្លាស់ប្តូរ​គំនិត និង​ការស្រាវជ្រាវ​លើ​បញ្ហា​រួមមួយ ហើយ​ពួកគេ​គឹជា​អ្នក​បន្តវេន និង​អ្នកដឹកនាំ​ដ៏​ល្អ​នា​ថ្ងៃ​អនាគត​។





​សូម​អាន​បទ​សម្ភាស រវាង​លោក ទីន សុខ​លីម អ្នកយកព័ត៌មាន នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ហួ តុលា ដូចតទៅ​៖
 
​លោក ទីន សុខ​លីម​៖ ខ្ញុំ​ចង់​ឲ្យ​លោក​រៀបរាប់​ខ្លះៗ ពី​កត្តា​ដែល​ជំរុញ​ឲ្យ​បង្កើត​កម្មវិធី « The Perspectives Cambodia» នេះ​ឡើង​? 
 
​លោក ហួ តុលា​៖ មាន​ហេតុផល​មួយចំនួន​ដែល​ខ្ញុំ​បង្កើត​កម្មវិធី​នេះ​ឡើង​។ ទី​១. ខ្ញុំ​មើលឃើញថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យុវជន​យើង​កាន់តែច្រើន​ទៅៗ​បាន​បញ្ចេញ​មតិយោបល់​អំពី​ស្ថានភាព​នានា​ក្នុងសង្គម​របស់​តាម​បណ្តាញ​សង្គម និង​តាម​ទម្រង់​ផ្សេងៗ ប៉ុន្តែ​ពេលខ្លះ​ការបញ្ចេញ​គំនិត ឬ​យោបល់​ទាំងនោះ មាន​ចំណុច​ខ្វះខាត គឺ​ខ្វះ​ការគិត ការស្រាវជ្រាវ វិភាគ និង​ការទទួលខុសត្រូវ ពិសេស​គឺ​ការប្រើ​ភាសា​មិន​សមរម្យ អសុរោះ ដែល​នាំ​ឲ្យ​បាត់​សាមគ្គីភាព​។ ទី​២ ខ្ញុំ​ចង់ឃើញ​សង្គម​ខ្មែរ ជាពិសេស​យុវជន​ជំនាន់​នេះ មានចំណេះដឹង​ជា​មូលដ្ឋាន និង​មាន​ស្មារតី​សាមគ្គីភាព និង​ចង់​បណ្តុះ​គំនិត​វិជ្ជមាន​ក្នុងសង្គម  ដើម្បី​ឲ្យ​ពួកគាត់​អាច​រស់នៅ​ជាមួយគ្នា ក្នុង​ភាព​ផ្សេងគ្នា និង​ចម្រុះ​គ្នា​នៃ​គំនិត និង​ការយល់ឃើញ​ប្រកបដោយ​សីលធម៌ គុណធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់​។ ទី​៣ យើង​ចង់​ផ្តល់ឱកាស​ដល់​យុវជន​ដែល​សមត្ថភាព អាច​ប្រើប្រាស់ គំនិត ទស្សនៈ សមត្ថភាព និង​បទពិសោធ​របស់ខ្លួន ចែករំលែក​ទៅកាន់​យុវជន​ដូចគ្នា ក៏ដូចជា​សង្គម​ទាំងមូល តាមរយៈ​ការជជែក​ដេញដោល លើ​ស្ថានភាព ឬ​វិស័យ​នានា ក្នុង​គោលដៅ​ផ្ញើ​សារ​ជូន​សាធារណជន  ជាពិសេស ស្ថាប័ន ឬ​អង្គភាព​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ បង្កើន​ការយកចិត្តទុកដាក់ លើ​ការអនុវត្ត​គោលនយោបាយ​ជាតិ និង​សង្គម​។​
 
​លោក ទីន សុខ​លីម​៖ តើ​អ្វី​ជា​លទ្ធផល​នៃ​ការរៀបចំ​រដូវ​កាល​លើក​ទី​១? ដោយឡែក​សម្រាប់​ការរៀបចំ​« The Perspectives Cambodia » រដូវ​កាល​លើក​ទី​២​នេះ នឹងមាន​អ្វីខ្លះ​ខុសប្លែក​ពី​ឆ្នាំមុន​? 
 
​លោក ហួ តុលា​៖ លទ្ធផល​ធំ​២ ក្នុង​រដូវ​កាល​ទី​១ ដែល​យើង​ទទួលបាន គឺ​ទី​១​យើង​ជា​កូន​ខ្មែរ អាចបង្កើត​ឲ្យ​មាន​វេទិកា​សង្គម​ដ៏​ធំ​មួយ និង​បាន​កសាង បណ្តុះ​សមត្ថភាព​យុវជន​កម្ពុជា​ដែល​ឆ្នើម មាន​ក្លាហាន និង​ស័ក្តិ​សមជា​អ្នក​បន្តវេន ជា​អនាគត​អ្នកដឹកនាំ​ដ៏​ល្អ​សម្រាប់​ជាតិ​យើង​ជាច្រើនរូប​។ ទី​២ យើង​ទទួលបាន​ការគាំទ្រ និង​ចូលរួម​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រុមហ៊ុន​ឯកជន ជាពិសេស​ពី​សំណាក់​យុវជន និង​មហាជន ដែលជា​កត្តា​ជំរុញ​លើកទឹកចិត្ត​ក្រុមការងារ ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្លួន រៀបចំ​កម្មវិធី​រដូវ​កាល​ទី​២​នេះ​ឲ្យ​កាន់តែ​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​យុវជន និង​សង្គមជាតិ​។ ដោយឡែក រដូវ​កាល​ទី​២​នេះ យើង​មាន​កម្មវិធី​ថ្មី​ប្លែក​១​ទៀត គឺ The Perspectives Cambodia Talk ដែល​បន្ថែម​លើ​កម្មវិធី​២​ដែលមាន​ស្រាប់​។ កម្មវិធី The Perspectives Cambodia Talk នឹងត្រូវ​បង្ហាញខ្លួន ជាមួយនឹង​ការរៀបចំ​ទម្រង់​ទៅតាម​បទដ្ឋាន​តំបន់ និង​ពិភពលោក ដែល​បេក្ខជន ក៏ដូចជា​យុវជន​ទូទៅ នឹង​ទទួលបាន​ចំណេះដឹង  បទពិសោធ​ល្អៗ​បន្ថែមទៀត ពី​វាគ្មិន​ជំនាញ​តាម​វិស័យ​នានា​។​
 
​លោក ទីន សុខ​លីម​៖ តើ​បេក្ខជន​ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ សម្រាប់​ដាក់ពាក្យ​ប្រកួត​កម្មវិធី​នេះ​?
 
​លោក ហួ តុលា​៖ បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ​ចន្លោះ ១៨​ដល់​២៥​ឆ្នាំ មកពី​ស្ថាប័ន​សិក្សា​រដ្ឋ ឬ​ឯកជន​។ បេក្ខជន​ត្រូវគោរព និង​អនុវត្តតាម​លក្ខខណ្ឌ​កម្មវិធី ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ សុជីវធម៌​ល្អ និង​សេចក្តីថ្លៃថ្នូរ និង​ត្រូវមាន​ឆន្ទៈ​ខ្ពស់ និង​មាន​ស្មារតី​ចូលរួម​ជួយ​សង្គមជាតិ​ពិតប្រាកដ   មាន​សេចក្តីក្លាហាន ភាពជឿជាក់ និង​សាមគ្គីភាព​។ 
 
​លោក ទីន សុខ​លីម​៖  តើ​គម្រោង​នេះ មានកម្ម​វិធី​សំខាន់​អ្វីខ្លះ​?​
 
​លោក ហួ តុលា​៖ ដំបូង​យើង​នឹង​ផ្សព្វផ្សាយ​តាម​បណ្តា​សកលវិទ្យា​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជ្រើស​រើសយក​បេក្ខជន តែ​៨០​នាក់​ប៉ុណ្ណោះ​។ បន្ទាប់មក​យើង​មាន​កម្មវិធី​តម្រង់ទិស ការបណ្តុះបណ្តាល​បច្ចេក​ទេស​ជជែក​ពិភាក្សា ការនិយាយ​ជា​សាធារណៈ និង​ការងារ​ក្រុម មានកម្ម​វិធី​បោះជំរំ​ចិត្ត ជំរំ​កាយ និង​ជំរំ​សាមគ្គី រួចហើយ​ជា​កម្មវិធី The Perspectives Cambodia Talk មុននឹង​ឈានដល់​ការប្រកួត​ជម្រុះ រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​លោក ទីន សុខ​លីម​៖  បេក្ខជន​ដែល​បាន​ចូលរួម​ការប្រកួត​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​?
 
​លោក ហួ តុលា​៖ អត្ថប្រយោជន៍​ដែល​បេក្ខជន​នឹង​ទទួលបាន មាន​ធំៗ​៣​។ ទី​១ មាន​ទំនុកចិត្ត ភាពក្លាហាន សេចក្តីថ្លៃថ្នូរ សាមគ្គីភាព និង​សីលធម៌​ស័​ក្កិ​សមជា​អ្នក​បន្តវេន និង​ជា​អនាគត​អ្នកដឹកនាំ​ដ៏​ល្អ​។ ទី​២ សមត្ថភាព និង​បទពិសោធ​លើ​ជំនាញ​តស៊ូ​មតិ ការនិយាយ​ជា​សាធារណៈ​កើនឡើង ជាមួយនឹង​ការសិក្សា​ស្រាវជ្រាវ វិភាគ ស្វែងយល់​ពី​មូលដ្ឋាន​នៃ​ដំណោះស្រាយ​ទៅលើ​បញ្ហា​នានា​ក្នុងសង្គម ពិសេស       បណ្តុះ​ផ្នត់គំនិត​វិជ្ជមាន​ក្នុងការ​រស់នៅ​ជាមួយគ្នា ក្នុង​ភាព​ផ្សេងគ្នា និង​ចម្រុះ​គ្នា​នៃ​គំនិត​ប្រកបដោយ​ភាពត្រឹមត្រូវ​។ ទី​៣ ក្លាយ​ជ័យលាភី​របស់​កម្មវិធី​ជាមួយនឹង​រង្វាន់​ពិសេសៗ ក្លាយជា​និមិត្តរូប និង​ការទទួលបាន​ឱកាស​ជាច្រើន​ផងដែរ​។ 
 
​លោក ទីន សុខ​លីម​៖ តើ​លោក​មានការ​រំពឹងទុក​បែបណា ចំពោះ​កម្មវិធី​នេះ​? 
 


​លោក ហួ តុលា​៖
ការរំពឹងទុក​របស់​យើង ក៏ដូចជា​ក្រុមប្រឹក្សាភិបាល ក្រុមការងារ​រៀបចំ​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់ រំពឹងថា​យុវជន នឹង​ទទួលបាន​ភាពជោគជ័យ ក្នុង​ការកសាង​ទំនុកចិត្ត ការជឿជាក់ និង​បង្កើន សមត្ថភាព​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ការរីកចម្រើន​របស់​ប្រទេសជាតិ ស្របតាម​ការរីកចម្រើន​ក្នុង​តំបន់ និង​ពិភពលោក​។ ម្យ៉ាងទៀត ខ្ញុំ​សង្ឃឹមថា សង្គម​ខ្មែរ ពិសេស​យុវជន​ជំនាន់​នេះ មានចំណេះដឹង និង​មាន​ស្មារតី​សាមគ្គីភាព  ក៏ដូចជា​សង្ឃឹមថា​កម្ម​វិធី​នេះ នឹង​កាន់តែ​ទទួលបាន​ការសហការ​គាំទ្រ​កាន់តែច្រើន ដើម្បី​ជាការ​រួមចំណែក​ពង្រឹង​សមត្ថភាព និង​បទពិសោធន៍​របស់​យុវជន​កម្ពុជា​៕

Tag:
 ហួ តុលា​
 The Perspectives Cambodia
 ​ពិភាក្សា
© រក្សាសិទ្ធិដោយ thmeythmey.com