អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ថ្កោលទោស​អាមេរិក​ដែល​ត្រៀម​បំពាក់អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ភាគ​ខាង​កើត​
24, Dec 2017 , 4:46 pm        
រូបភាព
​រដ្ឋាភិបាល​រុស្ស៊ី​បាន​ថ្កោលទោស​អាមេរិក​ដែល​ចង់​បំពាក់អាវុធ​អ៊ុយ​ក្រែ​ន​ដើម្បី​បន្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​ដែល​លោកខាងលិច​ចោទថា ជា​ក្រុម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នោះ​។ ម៉ូស្គូ​ជឿជាក់ថា ការផ្តល់​អាវុធ​បន្ថែម​ជាការ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង និង​បង្ក​សង្គ្រាម​បង្ហូរឈាម​គ្នា​កាន់តែខ្លាំង​ថែមទៀត​នៅពេល​ខាងមុខ​។ 



​កាលពី​ថ្ងៃ​សុក្រ​ទី ២២ ខែធ្នូ ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាសថា សហរដ្ឋអាមេរិក​មាន​បំណង​ផ្ត​ល់ស​ពា្វ​វុ​ធ​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ ស្រប​ពេលដែល​ប្រទេស​នេះ​កំពុង​បន្ត​ប្រឈម​ចលនា​ផ្តាច់ខ្លួន​ភាគ​ខាងកើត​នោះ​។  ការប្រកាស​នេះ​ត្រូវបាន​រុស្ស៊ី​ថ្កោលទោស​ខ្លាំង​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Grigory Karasin បានចាត់ទុក​ការផ្គត់ផ្គង់​អាវុធ​របស់​អាមេរិក​ឲ្យ​អ៊ុយ​ក្រែ​ន​ជា​រឿង​អាក្រក់​បំផុត​មួយ​ព្រោះ​វា​ប្រៀបបាន​ដូចជា​ជំរុញ​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​កម្លាំង​បន្ថែម​ដើម្បី​ធ្វើសង្គ្រាម​ដូច្នេះ​ដែរ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​សង្កត់ធ្ងន់ថា អ៊ុយ​ក្រែ​ន​នឹងមិន​រារែក​ក្នុង​ការប្រើ​កម្លាំង​បាយឡើយ ហើយ​វា​ក៏​បំផ្លាញ​ដំណើរ​ការកសាង​សន្តិភាព​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ដែល​ចូល​ជា​ធរមាន​ដើមឆ្នាំ ២០១៥​ផងដែរ​។​

​ដោយឡែក​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី Franz Klintsevich ដែលជា​សមាជិក​គណៈកម្មកា​រ​ធិ​ការ​សន្តិសុខ​សភា​ផង​នោះបាន​លើកឡើងថា អ៊ុយ​ក្រែ​ន​នឹង​ឈានទៅ​ប្រើ​កម្លាំង​ធ្វើសង្គ្រាម ដោយសារ​ការគាំទ្រ​ផ្នែក​សព្វាវុធ​ពី​ក្រុង​វ៉ាស៊ីនតោន​បែបនេះ​នោះ​។

​ត្រឡប់មក​ផ្តោតលើ​បញ្ហា​អាវុធ​វិញ​។ បើសិនជា​សភា​អាមេរិក​យល់ព្រម សព្វាវុធ​ច្រើន​ប្រភេទ​នឹងត្រូវ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​នៅពេល​ខាងមុខ​។ ក្នុងចំណោម​អាវុធ​ទាំងនោះ​មាន​កាំភ្លើង​ប្រឆាំង​រថក្រោះ ដែល​វា​ជា​ប្រភេទ​អាវុធ​ដែល​អ៊ុយ​ក្រែ​ន​សុំ​ទិញ​ពី​អាមេរិក​តាំងពី​ពេល​សង្គ្រាម​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១៤​មកម្ល៉េះ​។ កន្លងមក​អាមេរិក​ផ្តល់​ការហ្វឹកហ្វឺន​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន និង​ជួយ​ផ្តល់ជំនួយ​ជា​សម្ភារ​យោធា​ធម្មតា​ប៉ុណ្ណោះ ហើយ​អ៊ុយ​ក្រែ​ន​ត្រូវ​ទិញ​អាវុធ​ពី​ក្រុមហ៊ុន​ឯកជន​របស់​អាមេរិក បើសិនជា​ខ្លួន​ចង់​ប្រើប្រាស់​នោះ​។​

​បើ​គិត​មកដល់​បច្ចុប្បន្ន សង្គ្រាម​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ដែលជា​ការប្រយុទ្ធ​គ្នា​រវាង​ក្រុមគាំទ្រ​រុស្ស៊ី​និង​កម្លាំង​រដ្ឋាភិបាល​នោះបាន​អូសបន្លាយ​ជាង​បី​ឆ្នាំ​មកហើយ​។ មនុស្ស​យ៉ាងហោចណាស់ មួយ​ម៉ឺន​នាក់​បាន​ស្លាប់ ខណៈ​មនុស្ស​១,៧​លាន​នាក់​ផ្សេងទៀត​នោះបាន​រត់​ភៀសខ្លួន​ផងដែរ​។ បើតាម​របាយការណ៍​អង្គការ​សហប្រតិបត្តិកា​រ​និង​សន្តិសុខ​អឺរ៉ុប ក្នុង​ចន្លោះ​ពី​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំ ២០១៧​នេះ មនុស្ស​យ៉ាងហោចណាស់​៤៥០​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​នេះ​៕





Tag:
 ​អ៊ុយ​ក្រែ​ន​
  រុស្ស៊ី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com