អន្តរជាតិ
លោក Navalny ដែលជា​អ្នក​រិះគន់​លោក Putin នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​រុស្ស៊ី​
25, Dec 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Alexei Navalny ដែលជា​មេដឹកនាំ​ក្រុមប្រឆាំង​នៅក្នុង​ប្រទេស រុស្ស៊ី និយាយថា លោក​បានទទួល​ជ័យជម្នះ​នៅក្នុង​វគ្គ​ដំបូង ដែល​ចាំបាច់​សម្រាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដើម្បី​ប្រកួតប្រជែង​នឹង​លោក Vladimir Putin ដែលជា​ប្រធានាធិបតី​រុស្ស៊ី​នាពេល​បច្ចុប្បន្ន​។​



​លោក Navalny ដែលជា​អ្នក​រិះគន់​ជា​យូរ​មកហើយ​ទៅលើ​លោក Putin បានទទួល​ការគាំទ្រ​ពី​មនុស្ស​ចំនួន​៧៤២​នាក់​កាលពី​ថ្ងៃអាទិត្យ ដែល​តម្រូវ​ឲ្យ​ទទួលបាន​ត្រឹមតែ​៥០០​ប៉ុណ្ណោះ ដើម្បី​អាច​ចាប់ផ្តើម​ដំណើរការ​ឈរឈ្មោះ​ជា​ផ្លូវការ​បាន​។ ក៏ប៉ុន្តែ​លោក​Navalny ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោតរ​បស់​រុស្ស៊ី​ប្រកាសថា លោក​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ឈរឈ្មោះ​បាន​នោះទេ ដោយសារតែ​លោក​ពាក់ព័ន្ធ​នឹង​ការកាត់ទោស​ដាក់ពន្ធនាគា​រ​។ លោក Navalny និយាយថា ការរារាំង​នេះ​មាន​លក្ខណៈ​នយោបាយ​។​

​លោក Navalny វ័យ​៤១​ឆ្នាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា «​មិនមាន​ការគាំទ្រ​ទ្រង់​ទ្រាយ​ធំ​ដល់​លោក Putin និង​ការដឹកនាំ​របស់លោក​នៅ​ក្នុងប្រទេស​នេះនោះ​ទេ​»​។ លោក Navalny បាន​និយាយ​ដូច្នេះ ដោយ​ពណ៌នា​ខ្លួនឯង​ថា​ជា «​បេក្ខជន​ពិតប្រាកដ​»​សម្រាប់​ការបោះឆ្នោត​នេះ ហើយ​លោក​ក៏បាន​គំរាមថា លោក​នឹងធ្វើ​ពហិការ​មិន​ព្រម​ចូលរួម​បោះឆ្នោត​ទេ ប្រសិនបើ​លោក​ត្រូវបាន​គេ​ហាមឃាត់​មិន​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នោះ​។​

​អ្នកគាំទ្រ​លោក Navalny បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីក្រុង​មួយចំនួន​នៅ​ទូទាំងប្រទេស ដោយ​រួមទាំង​ទីក្រុង មូ​ស្គូ និង​ទីក្រុង St. Petersburg ផងដែរ​។ ពួកគេ​បាននាំគ្នា​ដាក់​បង្ហាញ​សន្លឹកឆ្នោត​ពណ៌​ក្រហម ដើម្បី​ជ្រើសរើស​លោក Navalny ឲ្យ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​នៅ​ឆ្នាំក្រោយ ដែល​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ខែមីនា ឆ្នាំ​២០១៨​ខាងមុខនេះ​។ លោក Putin ត្រូវបាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា នឹង​ឈ្នះ​នៅក្នុង​បោះឆ្នោត​នេះ​។​

​លោក Navalny ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ចំនួន​៣​ដង កាលពី​ឆ្នាំមុន ចំពោះ​ការរៀបចំ​ការប្រជុំ​សាធារណៈ​និង​ការប្រមូលផ្តុំ​នានា ដែល​បំពាន​នឹង​ច្បាប់​រុស្ស៊ី​នាពេល​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ​លោក Navalny និយាយថា ការចាប់ខ្លួន​ទាំងនេះ​គឺមាន​គោលបំណង​បំបាត់​មហិច្ឆតា​នយោបាយ​របស់លោក​ទៅវិញ​ទេ​។

​ការស្ទង់មតិ​បង្ហាញថា លោក​ប្រធានាធិបតី Putin ទទួលបាន​ការគាំទ្រ​ចំនួន​៨០​ភាគរយ​។ ប៉ុន្តែ​ការប្រមូលផ្តុំ​សាធារណៈ​កាលពី​ថ្ងៃអាទិត្យ​បង្ហាញថា ការគាំទ្រ​ចំពោះ​លោក Navalny បាន​កើនឡើង ជាពិសេស​ក្រោយពី​យុទ្ធនាការ​រយៈពេល​មួយឆ្នាំ​នៅតាម​មូលដ្ឋាន​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​រុស្ស៊ី​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com