កីឡាអន្តរជាតិ
អន្តរជាតិ
Eboue អតីត​កីឡាករ Arsenal ពី​ចំណូល​រាប់លាន ក្លាយជា​មនុស្ស​គ្មាន​ផ្ទះសំបែង​
26, Dec 2017 , 9:51 am        
រូបភាព
Eboue ធ្លាប់លេងឲ្យ Arsenal ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១១។ រូបថត AFP
Eboue ធ្លាប់លេងឲ្យ Arsenal ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១១។ រូបថត AFP
Emmanuel Eboue  អតីត​ខ្សែការពារ Arsenal កំពុង​ធ្លាក់ខ្លួន​វេទនា​ខ្លាំង​ដល់​ថ្នាក់​គ្មាន​ផ្ទះសំបែង រហូតដល់​ពេលខ្លះ​ចង់​សម្លាប់ខ្លួន​ទៀត បន្ទាប់ពី​រូបគេ​បាន​លែងលះ និង​ចាញ់​ក្តីអតីត​ភរិយា​ខ្លួន​។ នេះ​បើតាម​ការរៀបរាប់​នៅក្នុង​បទ​សម្ភាស​ជាមួយ​កាសែត Sunday Mirror​។​



«​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​បោក​ខោអាវ​ដោយ​ខ្លួនឯង​។ ដៃ​របស់ខ្ញុំ​ពិបាក​ណាស់​។ ខ្ញុំ​កំពុងធ្វើការ​នៅ​កសិដ្ឋាន​មួយកន្លែង​»​។ នេះ​ជាការ​រៀបរាប់​របស់ Emmanuel Eboue អាយុ​៣៤​ឆ្នាំ ទាក់ទង​នឹង​ជីវិត​ដ៏​អាប់អួរ​របស់ខ្លួន​។​



​អតីត​ខ្សែការពារ​ជម្រើសជាតិ​កូ​ឌី​វ័រ​រូបនេះ ធ្លាប់​រកលុយ​បាន​រាប់លាន​ដុល្លារ​អាមេរិក​កាលពី​ប្រកប​អាជីព​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​ក្របខណ្ឌ Premier League ប៉ុន្តែ​ឥឡូវនេះ​រូបគេ​គ្នាន​ផ្ទះសំបែង រស់នៅក្នុង​ផ្ទះ​របស់​មិត្តភក្តិ បោក​ខោអាវ​ដោយ​ដៃ​ខ្លួនឯង និង​គេច​ពី​ប៉ូលិស​ទៀតផង​។​

Eboue បាន​បន្ថែមថា​៖«​ជួនកាល​ខ្ញុំ​បិទ​ភ្លើង ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នកដទៃ​ដឹងថា​ខ្ញុំ​នៅទីនេះ​។ ខ្ញុំ​នៅផ្ទះ​តែ​ខ្ញុំ​ភ័យខ្លាច​ពីព្រោះ​ខ្ញុំ​មិនដឹងថា​តើ​ប៉ូលិស​នឹង​មកដល់​នៅពេលណា​នោះទេ​។ ខ្ញុំ​បានគិត​រឿង​កាលពីមុន​ហើយ​សួរ​ខ្លួនឯង​ថា ហេតុអ្វី​ក៏​ខ្ញុំ​ជាម​នុស្ស​ឆោតល្ងង់​? វា​ពិបាក​ណាស់​»​។​

​ក្នុង​បទ​សម្ភាស​ជាមួយ Sunday Mirror អតីត​កីឡាករ Eboue បាន​រៀបរាប់​ពី​ភាព​វេទនា​ក្រោយ​ចាញ់ក្តី​លែងលះ​ភរិយា​បែលហ្ស៊ិក Aurelie អស់ទាំង​ទ្រព្យសម្បត្តិ​ពី​ខ្លួន​គ្មាន​ទីពឹង ថែមទាំង​មិនបាន​ជួប​មុខ​កូន​ទាំងពីរ Clara វ័យ​១៤​ឆ្នាំ និង Maeva វ័យ​១២​ឆ្នាំ ហើយ​រហូត​ឈានដល់​ចង់​ធ្វើអត្តឃាត​ទៀតផង​។​



Eboue ធ្លាប់​លេង​ឲ្យ Arsenal អស់​រយៈពេល​៧​រដូវ​កាល មុនពេល​ផ្លាស់​ទៅ Galatasaray នៃ​លី​ក​កំពូល​របស់​តួ​ក​គី​ក្នុង​ឆ្នាំ​២០១១​។ គេ​បាន​ត្រឡប់មក Premier League វិញ​ដោយ​ចូលរួម​ជាមួយ Sunderland ប៉ុន្តែ​ត្រូវ FIFA ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​រយៈពេល​១២​ខែ ព្រោះ​មាន​ជម្លោះ​ជាមួយ​អតីត​ទីប្រឹក្សា​របស់​ក្លិប​រហស្សនាម​ឆ្មា​ខ្មៅ​។​

​ក្រោយមក Eboue ក៏​ធ្លាក់ខ្លួន​ឈឺ ហើយ​ត្រូវ​ប្រពន្ធ​ប្តឹង​លែង​ដោយ​ទាមទារ​ទ្រព្យសម្បត្តិ​ទាំងអស់ ព្រមទាំង​ផ្តាច់ទំនាក់ទំនង​រវាង​កូនៗ​ជាមួយ​ឪពុក​ទៀតផង​៕


Tag:
 បាល់ទាត់​
  Emmanuel Eboue
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com