អន្តរជាតិ
ប្រមុខ​ការទូត​រុស្ស៊ី​៖ រដ្ឋបាល​ត្រាំ ចូលចិត្ត​ប្រើ​កម្លាំង ជាជាង​ការប្រើ​នយោបាយ​ការទូត​
26, Dec 2017 , 2:54 pm        
រូបភាព
ប្រមុខការទូតរុស្ស៊ី Sergey Lavrov (រូបភាព៖ Xinhua)
ប្រមុខការទូតរុស្ស៊ី Sergey Lavrov (រូបភាព៖ Xinhua)
​ប្រមុខ​ការទូត​រុស្ស៊ី Sergey Lavrov បាន​និយាយ​រិះគន់​នយោបាយ​ការបរទេស​របស់​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចូលចិត្ត​ប្រើ​ធម៌​ក្ដៅ​ដាក់ទណ្ឌកម្ម​គេឯង ជាជាង​ការប្រើ​នយោបាយ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​។ ប៉ុន្តែ​នយោបាយ​របស់​អាមេរិក មិនមែន​សុទ្ធតែ​ជោគជ័យ​ទាំងអស់​ទេ ហើយ​ថែមទាំង​បង្ក​ជា​បញ្ហា​ឲ្យ​ខ្លួនឯង​ផង និង​អន្តរជាតិ​ផង ព្រោះ​អាមេរិក​មិនអាច​ធ្វើតាម​ការសន្យារ​បស់​ខ្លួន​បាន​។​



​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​សំណុំរឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ គឺជា​បញ្ហា​ចន្លោះប្រហោង​របស់​អាមេរិក​។ នេះ​បើតាម​ការមើលឃើញ​រប​ស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន RT ជុំវិញ​កិច្ចការ​ពិភពលោក​នៅ​ថ្ងៃទី​២៥ ខែធ្នូ​។ លោក Lavrov បានលើកឡើង​ពី​ការផ្លាស់ប្ដូរ​របៀបវារៈ​នយោបាយ​របស់​អាមេរិក ដែល​បោះបង់​ការចរចា ហើយ​ងាក​ទៅរក​ការប្រើប្រាស់​កម្លាំង​វិញ​។​

​ចំពោះ​រឿង​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ប្រមុខ​ការទូត​រុស្ស៊ី​ចាត់ទុកជា​ឧទាហរណ៍​ជាក់ស្ដែង​នៃ​ការផ្លាស់ប្ដូរ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ បានជ្រើសរើស​វិធីសាស្ត្រ​ក្ដៅ​តាមរយៈ​ការដាក់ទណ្ឌកម្ម ជាជាង​ការចរចា​។ កាលពី​ខែកញ្ញា អាមេរិក​ចង់​ចរចា និង​មិន​ធ្វើ​សមយុទ្ធ​ឡើង​រហូតដល់​និ​ទាឃ​រដូវ​ឆ្នាំ​២០១៨ ឯ​កូរ៉េខាងជើង​ក៏​ស្ងប់ស្ងាត់​ដែរ​។ រុស្ស៊ី​ចាត់ទុក​សកម្មភាព​នេះ​ជា​រឿង​ល្អ ដល់​ការចរចា​។

​ប៉ុន្តែ​ក្រោយមក អាមេរិក​បែរជា​ប្រកាស​ធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់​ទៅវិញ ហើយ​កូរ៉េខាងជើង​ក៏​ឆ្លើយតប​វិញ​។ លោក Lavrov យល់ថា នយោបាយ​មិន​ច្បាស់លាស់​របស់​អាមេរិក ពិតជា​មិនអាច​ទាក់ចិត្ត​កូរ៉េខាងជើង​ឡើយ តែ​ធ្វើ​ឲ្យ​ការចរចា​អសារ​បង់​ទៅវិញ​។ ក្រៅពី​កូរ៉េខាងជើង មន្ត្រីការទូត​រុស្ស៊ី​រូបនេះ​ក៏​ឆ្លៀត​និយាយ​ដល់​នយោបាយ​របស់​រដ្ឋ​បាល​លោក ត្រាំ ដែល​ចង់​ហែក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ដែល​សម្រេច​ក្នុង​ឆ្នាំ​២០១៥ ។​

​ហត្ថលេខី​ទាំង​អស់នៃ​កិច្ចព្រមព្រៀង​នេះ មិន​សប្បាយ​ចិត្តនឹង​ជំហរ​របស់លោក ត្រាំ ឡើយ​។ នេះ​ក៏​ព្រោះតែ​ពួកគេ​យល់ថា កិច្ចព្រមព្រៀង​នេះ​ជួយ​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ និង​អាចជា​គម្រូ​សម្រាប់​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផង​។ លោក Lavrov ជឿថា នយោបាយ​របស់លោក ត្រាំ លើក​នេះ ត្រូវ​កូរ៉េខាងជើង​ចាត់ទុកជា​សារ​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​នយោបាយ​ការបរទេស​ពី​ប្រធានាធិបតី​មួយ ទៅ​ប្រធានាធិបតី​មួយទៀត​។​

​ជាមួយនឹង​ការផ្លាស់ប្ដូរ​នយោបាយ​មិនបាន​ព្រាងទុក​របស់​អាមេរិក អ្ន​ការទូត​ជើងចាស់​រុស្ស៊ី​រូបនេះ​អះអាងថា អាមេរិក​មាន​ទំនោរ​ប្រើប្រាស់​ទណ្ឌកម្ម នៅពេលដែល​ការចរចា​មិនបាន​ជោគជ័យ ដោយសារ​ខ្លួន​ជា​មហាអំណាច​លើ​ពិភពលោក ហើយ​មិន​ត្រូវការ​វិធីសាស្ត្រ​ត្រជាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ​។ មិន​ត្រឹម​កូរ៉េខាងជើង និង​អ៊ីរ៉ង់ លោក Lavrov ក៏​រិះគន់​នយោបាយ​អាមេរិក​នៅ​គុយបា និង​ស៊ី​រី ដែល​រេរា​មិន​ច្បាស់លាស់​ដូចគ្នា​៕ 


Tag:
 រុស្ស៊ី​
  អាមេរិក​
  Sergey Lavrov
© រក្សាសិទ្ធិដោយ thmeythmey.com