អន្តរជាតិ
ប៉ា​ឡេ​ស្ទី​ន​ចង់​ឲ្យ​ចិន​ជំនួស​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីស្រាអែល​
27, Dec 2017 , 11:27 am        
រូបភាព
លោក Nabil Shaath ទីប្រឹក្សាប្រធានាធិបតីប៉ាឡេស្ទីនទទួលបន្ទុកកិច្ចការបរទេស (រូបភាព៖ AP)
លោក Nabil Shaath ទីប្រឹក្សាប្រធានាធិបតីប៉ាឡេស្ទីនទទួលបន្ទុកកិច្ចការបរទេស (រូបភាព៖ AP)
​ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ប្ដូរ​ទីតាំង​ស្ថានទូត​អាម​រិ​ក​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​មក អាមេរិក​លែងមាន​ទឹក​មាត់ប្រៃ​ក្នុង​ការជួយ​សម្រុះសម្រួល​ភាគី​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​ទៀតហើយ​។ នេះ​ក៏​ដោយសារ​ការសម្រេចចិត្ត​របស់​អាមេរិក​បង្ហាញ​ពី​ភាពលម្អៀង​របស់ខ្លួន​ក្នុង​ការគាំទ្រ​អ៊ីស្រាអែល​យ៉ាងច្បាស់​ក្រឡែត​។ នៅពេលនេះ ប៉ា​ឡេ​ស្ទី​ន​ទំនងជា​រកឃើញ​តួអង្គ​សម្របសម្រួល​ថ្មី​ដែល​អាច​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នេះ​បាន ហើយ​គ្មាន​នរណា​ក្រៅពី​ចិន​ឡើយ​។​



​មន្ត្រីជាន់ខ្ពស់​ប៉ា​ឡេ​ស្ទី​ន​បានស្នើ​ឲ្យ​ចិន​ដើរតួ​ជា​អ្នកដោះស្រាយ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល ជំនួស​អាមេរិក​ដែល​ប្រកាន់​ជំហរ​ទៅរក​អ៊ីស្រាអែល​។ ប៉ា​ឡេ​ស្ទី​ន​លែង​ជឿជាក់ និង​ឈប់​ទទួល​ក្រុង​វ៉ាស៊ីនតោន​ជា​សន្ធាន​ការី​អ​ព្យា​ក្រឹត្យ​ដែល​ជួយ​សម្រុះសម្រួល​ការចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ទៀត ព្រោះតែ​លោក ដូ​ណា​ល់ ត្រាំ ហ៊ាន​ទទួលស្គាល​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជា​ឯកតោភាគី បំពាន​ច្បាប់​អន្តរជាតិ​។​

​ទីប្រឹក្សា​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​ផ្នែក​កិច្ចការ​អន្តរជាតិ​លោក Nabil Shaath បាន​ប្រាប់​ទូរទស្សន៍​ចិន CGTN ថា ចិន​សក្តិសម​ណាស់​សម្រាប់​សន្ធាន​ការី​ដោះស្រាយ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល ហើយ​ទាំង​ប៉ា​ឡេ​ស្ទី​ន ទាំង​អ៊ីស្រាអែល​សុទ្ធតែ​មិនអាច​បដិសេធ​តួនាទី​ដ៏​សំខាន់​របស់​ចិន​ឡើយ​។ លោក Shaath និយាយ​បែបនេះ បន្ទាប់ពី​ចូលរួម​សន្និសីទ​ស្ដីពី​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល ដែល​ក្រុង​ប៉េកាំង​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​លោក Shaath អះអាងថា ទស្សនកិច្ច​របស់លោក​នៅ​ទីក្រុង​ប៉េកាំង មាន​គោលដៅ​ធំ​ដើម្បី​អញ្ជើញ​ចិន​ឲ្យ​ក្លាយជា​ភាគី​មួយ​នៃ​យន្តការ​អន្តជាតិ​ដើម្បី​គាំទ្រ​ដំណើការ​ស្វែងរក​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​។ សន្និសីទ​ខាងលើនេះ​ពិតជា​សំខាន់ ហើយ​បង្ហាញថា ចិន​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​មិន​លម្អៀង​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​។

​លទ្ធភាព​ដែល​ចិន​អាច​អង្គុយ​កន្លែង​អាមេរិក​ក្នុងនាម​ជា​តួអង្គ​កណ្ដាល បាន​កើនឡើង​ខ្លាំង ខណៈដែល​តួនាទី​របស់​អាមេរិក​លែង​មានន័យ​ទៅហើយ​។ ប្រធាន​ធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas បានប្រកាស​ជា​ចំហ​លែង​ទទួលស្គាល់​អាមេរិក​ជា​តួអង្គ​អ​ព្យា​ក្រឹត្យ​រួចស្រេច​ហើយ ក្រោយ​ការសម្រេចចិត្ត​ថ្ងៃទី​៦ ខែធ្នូ របស់លោក ត្រាំ ។ ខុសពី​អាមេរិក ចិន​ហាក់​ប្រកាន់​ជំហរ​កណ្ដាល និង​ជាពិសេស​ប្រកាន់ខ្ជាប់​ដំណោះស្រាយ​រដ្ឋ​ពីរ​។​

​ជុំវិញ​ដំណោះស្រាយ​វិបត្តិ​នៅ​មជ្ឈិមបូព៌ា ចិន​គាំទ្រ​ការបង្កើត​រដ្ឋ​របស់​ប៉ា​ឡេ​ស្ទី​ន ដែលមាន​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មខាង​កើតជា​រដ្ឋធានី​ផ្លូវការ​របស់ខ្លួន ស្របតាម​ខ្សែ​ព្រំដែន​ឆ្នាំ​១៩៦៧ ។ ក្នុង​សន្និសីទកាសែត​ថ្ងៃទី​២៦ ខែធ្នូ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា បើ​ប៉ា​ឡេ​ស្ទី​ន​ក្លាយជា​ពេញលក្ខណៈ អ៊ីស្រាអែល​ក៏មាន​សន្តិភាព​ដែរ ហើយ​បើ​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​ក៏​ប្រសើរឡើង​ដែរ​៕


Tag:
 ចិន​
  អាមេរិក​
  ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល​
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com