ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារធាតុមានក្នុងស្រាក្រហមអាចជួយប្រឆាំងភាពចាស់បាន
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា ស្រាក្រហមអាចទប់ស្កាត់ ឬជួយប្រឆាំងនឹងភាពចាស់បាន ប៉ុន្តែតើអ្នកគួរញ៉ាំវាច្រើនប៉ុណ្ណាទៅ? រឿងនេះកើតឡើងក្រោយពីការសិក្សារបស់អាមេរិកមួយបានបញ្ជាក់ថា សារធាតុ Resveratrol ដែលមានក្នុងសម្បករបស់ទំពាំងបាយជូរពណ៌ក្រហម ប្រហែលជាជួយថែរក្សាសាច់ដុំ និងសរសៃប្រសាទឲ្យនៅមានសុខភាពល្អថែមទៀតនៅពេលអ្នកអាយុកាន់តែច្រើន។
ប៉ុន្តែការសិក្សានេះក៏បានសួរបន្ថែមទៀតថា តើអ្នកជាសត្វកណ្តុរមែនទេ? ព្រោះការសិក្សានេះមិនបានធ្វើទៅលើមនុស្សឡើយគឺធ្វើលើសត្វកណ្តុរ។
អ្នកស្រាវជ្រាវបានឲ្យកណ្តុរស៊ីអាហារដែលមានសារធាតុ Resveratrol រយៈពេលមួយឆ្នាំ បន្ទាប់មកធ្វើការប្រៀបធៀបទៅលើកោសិកាសាច់ដុំ និងសរសៃប្រសាទរបស់កណ្តុរទាំងនោះជាមួយកណ្តុរដែលមានរបបអាហារធម្មតា។ កណ្តុរដែលឲ្យស៊ីសារធាតុ Resveratrol ត្រូវបានគេរកឃើញថាមិនសូវមានការប្រែប្រួលអ្វីច្រើនទាក់ទងនឹងភាពចាស់របស់វាឡើយ។
ថ្វីបើស្រាក្រហមមានសារធាតុ Resveratrol តែចំនួនរបស់វាមានការប្រែប្រួលច្រើនចាប់តាំងពី ០,២មីលីក្រាមទៅ ១២,៦មីលីក្រាមក្នុងមួយលីត្រ។ ដូច្នេះវាដូចជាមិនមានភាពគ្រប់គ្រាន់ក្នុងការទទួលបានដើម្បីសមស្របនឹងអ្វីដែលការសិក្សានេះបានបង្ហាញឡើយ។
កណ្តុរត្រូវបានគេឲ្យស៊ីសារធាតុ Resveratrol ៤០០មីលីក្រាមក្នុងមួយគីឡូនៃរាងកាយរបស់វាក្នុងមួយថ្ងៃ។ ជាមធ្យមស្ត្រីជនជាតិអង់គ្លេសទម្ងន់ប្រហែល ៧០គីឡូក្រាមនឹងត្រូវការសារធាតុនេះ ២៨ក្រាមក្នុងមួយថ្ងៃឬអាចត្រូវការផឹកស្រាក្រហមដែលមានសារធាតុនេះរហូតដល់ ២០០០លីត្រឯណោះខណៈពេលដែលបុរសអាចនឹងត្រូវការច្រើនជាងនេះថែមទៀត។
អ្នកស្រាវជ្រាវក៏បានពិនិត្យទៅលើសារធាតុគីមីផ្សេងទៀត Metformin ប៉ុន្តែបានរកឃើញថាវាមានឥទ្ធិពលតិចជាងទៅវិញ។ យ៉ាងណាមិញ ពួកគេពិតជាបានរកឃើញនូវរបបអាហារមានកាឡូរីទាបដែលវាហាក់បីដូចជាបន្ថយការប្រែប្រួលសាច់ដុំ និងសរសៃប្រសាទដែលទាក់ទងនឹងការចាស់របស់អាយុ។ ការញ៉ាំអាហារតិច និងហាត់ប្រាណច្រើនក៏ជារឿងដ៏ល្អមួយសម្រាប់សុខភាព ហើយក៏ល្អជាងការញ៉ាំគ្រឿងស្រវឹងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com