ជាតិ
កម្ពុជា​នឹង​ប្រើ​បច្ចេកវិទ្យា​របស់​រុស្ស៊ី សម្រាប់​ដំណើរការ​បោះឆ្នោត នៅ​ឆ្នាំ​២០២២ និង​២០២៣
28, Dec 2017 , 2:58 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​រុស្ស៊ី សម្រាប់​ដំណើការ​បោះឆ្នោត​តាមបែប​ទំនើប នៅ​ឆ្នាំ​២០២២ និង​២០២៣ ដើម្បី​ធានា​ពី​សុ​វត្ថិភាព​នៃ​ការបោះឆ្នោត​ឲ្យ​កាន់​ប្រសើរឡើង​ថែមទៀត​។ ការលើកឡើង​របស់​គ​ណៈ​ក​ម្មា​ធិ​ការរៀបចំ​កា​របោះ​ឆ្នោត​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​រុស្ស៊ី សន្យា​ផ្ដល់ជំនួយ​បោះឆ្នោត​ដល់​កម្ពុជា​។



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​សិក្សា​អំពី​បច្ចេកទេស​ទំនើប​នៃ​ការបោះឆ្នោត​របស់​រុស្ស៊ី ដើម្បី​ត្រៀម​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ អគ្គលេខាធិការរង​គ​.​ជ​.​ប លោក សោម សូ​រី​ដា បាន​និយាយថា ការបោះឆ្នោត​ដោយ​ប្រើ​បច្ចេកទេស​របស់​រុស្ស៊ី នឹង​ជួយ​ឲ្យ​ដំណើរការ​បោះឆ្នោត​កាន់​តែមាន​ភាពងាយស្រួល ដែល​ធានា​សុវត្ថិភាព និង​មាន​អ​ព្យា​ក្រឹត​ភាព​ខ្ពស់​ក្នុងការ​រាប់​សន្លឹកឆ្នោត​។ លោក សូ​រី​ដា បន្ថែមថា បច្ចេកវិទ្យា​ទំនើប​ដែល​គ្រោង​អនុវត្តតាម​រុស្ស៊ី​នោះ មានដូចជា​ការរាប់​ស​ន្លឹ​ក​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​បោះឆ្នោត ដើម្បី​ធានា​មិន​ឲ្យ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ជាដើម​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អគ្គលេខាធិការរង​រូបនេះ បាន​និយាយថា​៖«​ការបំពាក់​កាមេរ៉ា សុវត្ថិភាព​នេះ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សម្ងាត់​នៃ​ការ​គូស​សន្លឹកឆ្នោត​របស់​អ្នកបោះឆ្នោត​ឡើយ​។ សម្រាប់​ដំណើរការ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកទេស​នេះ រុស្ស៊ី​បានប្រកាសថា​ខ្លួន​នឹងចូលរួម​ជួយ​កម្ពុជា ដូច​ជាការ​ផ្ដល់នូវ​សម្ភារ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។ ចំពោះ​ការចំណាយ​ទឹកប្រាក់​ដើម្បី​ឲ្យ​មានដំណើរ​ការបោះឆ្នោត​ដោយ​ប្រព័ន្ធ​បច្ចេកទេស​នេះ គ​.​ជ​.​ប នៅ​មិនទាន់​អាច​វាយតម្លៃ​ពី​ការចំណាយ​បាន​នៅឡើយ​ទេ​»​។​

​ទាក់ទង​នឹង​ការបោះឆ្នោត​នេះដែរ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៨ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​។ សម្រាប់​ដំណើការ​បោះឆ្នោត​នេះ រដ្ឋាភិបាល​ចិន បានផ្ដល់​ជំនួយ​ជា​សម្ភារៈ​៣០​មុខ​ហើយ ដល់​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត ខណៈ​ភាគី​ជប៉ុន​គ្រោង​ផ្ដល់​ថវិកា​ជាង​៧​លាន​ដុល្លារ​អាមេរិក​។ ជំនួយ​របស់​រដ្ឋាភិបាល​ចិន និង​ជប៉ុន​នេះ ធ្វើឡើង​ក្រោយពី​សហភាព​អឺរ៉ុប និង​អាមេរិក សម្រេច​ព្យួរ​ជំនួយ​ដល់គ​.​ជ​.​ប ដោយសារ​បញ្ហានយោបាយ​នៅ​កម្ពុជា​។តែយ៉ាងណា រដ្ឋាភិបាលបាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​៥០​លាន​ដុល្លារ​សម្រាប់​ដំណើការ​បោះឆ្នោត​នេះ​។​ នេះ​បើតាម គ​.​ជ​.​ប​៕
 

Tag:
 បោះឆ្នោត​
 ​ គជប​
 ​ រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com