អន្តរជាតិ
ត្រាំ ខកចិត្ត ដ្បិត​ចិន​បន្ត​នាំចូល​ប្រេង​ទៅ​កូរ៉េខាងជើង​
29, Dec 2017 , 2:45 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជីនភីង អមដំណើរសមភាគីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ Xinhua)
ប្រធានាធិបតីចិន ស៊ី ជីនភីង អមដំណើរសមភាគីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ Xinhua)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការខកចិត្ត​ខ្លាំង​ចំពោះ​ចិន ដែល​លោក​អះអាងថា បន្ត​នាំចូល​ប្រេង​ទៅកាន់​កូរ៉េខាងជើង ផ្ទុយ​ពី​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​សំដៅ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ប្រេង​របស់​ប្រទេស​នេះ​។ ទង្វើ​បែបនេះ​របស់​ចិន នឹង​ក្លាយជា​ឧបសគ្គ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​មិន​ខាន​។ នេះ​បើតាម​ការ​សំណេរ​លើ​បណ្ដាញ​សង្គម Twitter របស់លោក ត្រាំ ។



​ការផ្ដាច់​ការនាំ​ចូល​ប្រេង​ទៅកាន់​កូរ៉េខាងជើង គឺជា​វិធានការ​ធ្ងន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុងការ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​ងាក​ចូល​តុ​ចរចា​ជាមួយ​គេឯង​វិញ​។ ប៉ុន្តែ​វិធានការ​មួយ​នេះ ត្រូវគេ​មើលឃើញថា មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​គេ​ឃើញ​មានការ​នាំចូល​ប្រេង​ខុសច្បាប់​ទៅកាន់​កូរ៉េខាងជើង​ដដែល​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចង្អុលមុខ​ចិន​ចំៗ​តែម្ដង​ចំពោះ​រឿងនេះ​។​

«​ចាប់បាន​នៅ​ហ្នឹង​កន្លែង​។ ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​ចិន​បន្ត​អនុញ្ញាត​ឲ្យ​ប្រេង​ហូរ​ចូល​កូរ៉េខាងជើង​។ ដំណោះស្រាយ​ល្អប្រសើរ​មួយ​នឹង​មិនអាច​កើតឡើង​ទេ បើ​សកម្មភាព​នេះ​បន្តទៀត​»​។ នេះ​សំណេរ​របៀប​អន់ចិត្ត​នៅលើ Twitter របស់​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី ២៨ ខែធ្នូ​។ 

​នៅក្នុង​សប្ដាហ៍​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​ស្រង់​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ថា ផ្កាយរណប​របស់​អាមេរិក​ចាប់បាន​សញ្ញា​កប៉ាល់​ចិន​បាន​ផ្ទេរ​ប្រេង​រាប់សិប​តោន​ទៅ​ឲ្យ​កប៉ាល់​កូរ៉េខាងជើង​។ ទោះជា​ព័ត៌មាន​លម្អិត​មិនអាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ក្ដី មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​អះអាងថា សកម្មភាព​នៃ​កប៉ាល់​ចិន​អាច​កើតមាន​មែន​។ ខាង​ក្រុង​ប៉េកាំង​ឯណេះ​វិញ​បាន​ចេញមក​បកស្រាយ​ហើយ​ថា កប៉ាល់​ខ្លួន​មិនបាន​បំពាន​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ឡើយ​។​

​កាលពី​សប្ដាហ៍​មុន ក្រុមប្រឹក្សាសន្តិសុខ​បានអនុម័ត​ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​កូរ៉េខាងជើង ដែលមាន​គោលដៅ​រឹតត្បិត​បរិមាណ​ប្រេង​ឆៅ និង​ប្រេង​ចម្រាញ់​រួច​របស់​កូរ៉េខាងជើង​។ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ជា​អ្នកស្នើ​ទណ្ឌកម្ម​លើក​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រឹងប្រែង​របស់​ក្រុង​ព្យុងយ៉ាង​ក្នុងការ​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។ ក្រុង​វ៉ាស៊ីនតោន​ក៏​ទទូច​ឲ្យ​ក្រុង​ប៉េកាំង​ចូលរួម​អនុវត្ត​ទណ្ឌកម្ម​ឲ្យ​ពេញលេញ​ផងដែរ ព្រោះ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ព្យុងយ៉ាង​។​

​ចំណែកឯ​ចិន​វិញ ក៏បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​កំពុង​អនុវត្ត​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​យ៉ាង​យកចិត្តទុកដាក់ តែ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​សង្ស័យថា ចន្លោះប្រហោង​នៅតែមាន​។ ជុំវិញ​រឿង​នាំចូល​ប្រេង​ខុសច្បាប់​ទៅ​កូរ៉េខាងជើង អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​ម្នាក់​លើកឡើងថា ករណីបែបនេះ​មិនមាន​កើតឡើង​ទេ ហើយ​ទាំង​រដ្ឋាភិបាល​ស៊ីវិល ទាំង​យោធា​ចិន​សុទ្ធតែ​គោរព​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​រហូត​៕ 


Tag:
 អាមេរិក​
  ចិន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com