ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការហាត់​ប្រាណ​អាច​បំបាត់​គ្រោះថ្នាក់​ដោយសារតែ​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​ទេ​?
30, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា មនុស្សពេញវ័យ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ទៀងទាត់ តែ​ហាត់ប្រាណ​ប្រហែល ៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​មិន​ងាយ​ឆាប់​ស្លាប់​ឡើយ​។​



​ការសិក្សា​បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​ប្រហែលជា​អាច​ដោះស្រាយ​បញ្ហា​មួយចំនួន​បាន ប៉ុន្តែ​មិន​ទាំងអស់​ឡើយ ជាពិសេស​ភាពគ្រោះថ្នាក់​ដែល​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​តែម្តង​។ ការសិក្សា​ចុងក្រោយ​បំផុត​នេះ​បាន​ពិនិត្យ​ទៅលើ​ការស្លាប់​ដោយសារតែ​ជំងឺមហារីក និង​ជំងឺ​បេះដូង​សរសៃឈាម ព្រមទាំង​ការ​ឆាប់​ស្លាប់​ជាទូទៅ ឬ​មុន​អាយុ ៧៥​ឆ្នាំ​។​

​អ្នកស្រាវជ្រាវ​បាន​តា​ដាន​ពួកគេ​ប្រហែល ១០​ឆ្នាំ ជាពិសេស​អ្នក​ដែលមាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ​។ អ្វីដែល​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ពួកគេ​បាន​រកឃើញ​ទំនាក់ទំនង​ជាច្រើន​រវាង​មូលហេតុ​ទាំងឡាយ និង​ការស្លាប់​ដោយសារ​ជំងឺមហារីក​លើ​អ្នក​ដែល​មិនមាន​ភាព​សកម្ម​រាងកាយ​។ ប៉ុន្តែ​ពួកគេ​បាន​រកឃើញ​ទៀតថា ការដែល​មាន​ភាព​សក​ម្មខាង​រាងកាយ​កាន់តែច្រើន​ជាទូទៅ​គឺអាច​បំបាត់​ទំនាក់ទំនង​ជាមួយនឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​បាន​។ តាមពិតទៅ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តងម្កាល​ក៏មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​នៃ​ការស្លាប់​គ្រប់​ប្រភេទ​លើ​អ្នក​ដែលមាន​ភាព​សកម្ម​រាង​កាយ​បំផុត​ផងដែរ​។​

​ថ្វីបើ​ការសិក្សា​នេះ​មាន​ភាពរឹងមាំ​ខាង​ការតាមដាន​ទៀងទាត់ និង​មានការ​សិក្សា​ធំ​ក៏ដោយ តែ​យើង​មិនអាច​ច្បាស់​ថា រាល់​ទំនាក់ទំនង​ទាំងអស់​អាច​ប្រើប្រាស់ និង​យកជាការ​បានឡើយ​។ ឧទាហរណ៍ អ្នក​ដែឡមាន​ភាព​សកម្ម​ខាង​រាងកាយ​ក៏​ប្រហែលជា​ត្រូវ​ចៀសវាង​ការជក់បារី និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែរ​។ វា​ពិបាក​ណាស់​ក្នុងការ​គ្រប់គ្រង​ឥទ្ធិពល​ទាំងឡាយ​ទាំងស្រុង​នៅពេល​ធ្វើការ​វិភាគ​មួយ​នេះ​។  ខណៈពេលដែល​ការហាត់​ប្រាណ​ទៀងទាត់​ប្រហែលជា​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​មែន តែ​វា​មិនអាច​ធ្វើ​ឲ្យ​រាងកាយ​ធន់​នឹង​ជំងឺ​បានឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com