កីឡាជាតិ
ជាតិ
លោក សំ វ៉ាន់​ដេ​ត ព្យាយាម​ទប់ស្កាត់​ជម្លោះ​លើ​ទីលាន និង​អប់រំ​កីឡាករ​ពី​បញ្ហា​នេះ​
30, Dec 2017 , 7:19 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លោក សំ វ៉ាន់​ដេ​ត បាន​បញ្ជាក់ថា លោក​នឹង​ព្យាយាម​កាត់បន្ថយ​បញ្ហា​ជម្លោះ​នៅលើ​ទីលាន​ក្នុងអំឡុងពេល​ប្រកួត ដើម្បី​សម្រប​ខ្លួន​ឲ្យ​ស្របតាម​សម័យ​បាល់ទាត់​បែប​ទំនើប​។ ក្រៅពី​កាត់បន្ថយ​កំហឹង​ខ្លួនឯង គ្រូបង្វឹក​រូបនេះ​អះអាងថា លោក​នឹង​ពង្រឹង​ផ្នែក​វិន័យ ក៏ដូចជា​អប់រំ​កីឡាករ​ឲ្យ​ចៀសវាង​មាន​បញ្ហា​នៅលើ​ទីលាន​ប្រកួត​។



សូមស្តាប់សំឡេង៖




​ការប៉ះទង្គិច​គ្នា​តិចតួច​នៅលើ​ទីលាន​ប្រកួត​របស់​កីឡាករ​ត្រូវបាន​លោក សំ វ៉ាន់​ដេ​ត ចាត់ទុក​វា​ជា​រឿង​ធម្មតា​សម្រាប់​វិស័យ​កីឡាបាល់ទាត់​។ តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ការប្រើ​អំពើហិង្សា​ដោយ​ចេតនា​របស់​កីឡាករ គ្រូបង្វឹក និង​សមាជិក​ក្លិប ដែល​អាច​ឈានដល់​ការរង​ពិន័យ​ផ្សេងៗ​ពី​សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្លិប​សាមី​។

«​កីឡាបាល់ទាត់​មិនមែនជា​កីឡាប្រដាល់​នោះទេ ការលេង​បាល់ទាត់​តែងតែមាន​ការប៉ះទង្គិច​គ្រាន់តែ​ថា ភាព​ច្រឡោត និង​ភាព​ឆេវ​ឆៅ​តែងតែមាន​នៅលើ​ទីលាន តែបើ​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​កាន់តែ​ល្អ​។ ខ្ញុំ​នឹង​ព្យាយាម​ឈប់​មាន​បញ្ហា​នៅលើ​ទីលាន ហើយ​ខ្ញុំ​នឹង​ព្យាយាម​អប់រំ​កីឡា​ករពី​បញ្ហា​នេះ និង​បញ្ជ្រាប​ចំណេះដឹង​ពី​បាល់ទាត់​ទំនើប​ដល់​ពួកគាត់​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លោក សំ វ៉ាន់​ដេ​ត ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។​

​ទន្ទឹមនេះ​លោក សំ វ៉ាន់​ដេ​ត ក៏បាន​ចាត់ទុក​ការប៉ះទង្គិច​រវាង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ដែល​បណ្តាល​ឲ្យ​កីឡាករ សុក សំណាង រងរបួស​បាក់​ក្តោងច្រមុះ​ជា​រឿង​ធម្មតា​ផងដែរ​។ ពោលគឺ​កំហុស​នេះ​កើតចេញពី​អ​ចេតនា​របស់​កីឡាករ​មិនមាន​អ្នកណាម្នាក់​ចង់​ឲ្យ​បញ្ហា​នេះ​កើតឡើង​នោះទេ​។​

​ខ្សែប្រយុទ្ធ​ព្រះខ័ន​រាជ​ស្វាយរៀង សុក សំណាង ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​និង​ព្យាបាល​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្រោយ​ប៉ះទង្គិច​ជាមួយ​កីឡាករ​ណាហ្គា​វើ​ល​ដែល​បណ្តាល​ឲ្យ​រងរបួស​បាក់​ក្តោងច្រមុះ​។ កីឡាករ សុក សំណាង បា​នរក​គ្រាប់​បាល់​ពីរ​គ្រាប់​មុន​កីឡាករ ហួយ ផល្លី​ន រកបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​ជួយ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ជាមួយ​ជ័យជម្នះ ៣-០ លើ​ក្រុម​ណាហ្គា​វើ​ល​៕ 


Tag:
 សំ វ៉ាន់​ដេ​ត​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com