កីឡាជាតិ
ជាតិ
បឹងកេត​រក្សា​តំណែង​ជើងឯក​លី​គ​កំពូល ក្រោយលទ្ធផលប៉េណាល់ទី ១០-៩
30, Dec 2017 , 9:54 pm        
រូបភាព
ដោយ: ថ្មីៗ
បឹងកេត​រក្សា​តំណែង​ជើងឯក​ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ក្រោយឈ្នះក្រសួងការពារជាតិ ដោយគ្រាប់បាល់ប៉េណាល់ទីសម្រេចក្តី​​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​រកាំរកូស​ និងតឹងតែង​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ សុខ សុវណ្ណ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​បឹងកេត​នៅ​នាទី​១៤ ហើយ Kim Kyong-hun តាម​ស្មើ ១-១ នៅ​តង់​ទី​ពីរ​។ ការបន្ថែម​ម៉ោង​១៥​នាទី​ពីរដង​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ឡើយ ដែល​នាំ​ឲ្យ​មានការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី​។​



​ទីបំផុត បាន​យកឈ្នះ​ក្នុង​លទ្ធផល ១០-៩ ក្រោយ​ការ​ស៊ុត​ម្ខាង​១៣​គ្រាប់​រៀងៗ​ខ្លួន​។​

​ការប្រកួត​ដែលមាន​អ្នកទស្សនា​សរុប​ជាង៤០០០​នាក់ ត្រូវបាន​ពន្យា​ពេល​រហូតដល់​ទៅ​៤៥​នាទី ដោយសារតែ​បឹងកេត តវ៉ា​ចំពោះ​ការអនុញ្ញាត​ឲ្យ​កីឡាករ​ពីររូប​របស់​ក្រសួងការពារជាតិ​មានឈ្មោះ​ក្នុង​បញ្ជី​។ តាម​លិខិត​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៨ ខែធ្នូ លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រាប់​ទៅ​ក្រុម​ក្រសួងការពារជាតិ​ថា ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho និង​ខ្សែការពារ រឿ​ម ចាន់​រឿន មិនអាច​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ ដោយសារតែ​ពួកគេ​ទទួលបាន​កាត​លឿង​ជាប់ៗ នា​ការប្រកួត​ពីរលើក​ចុងក្រោយ​ជាមួយ​អគ្គិសនី​កម្ពុជា និង​ព្រះខ័ន​រាជ​ស្វាយរៀង​។​

​ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា (CNCC) បានចេញ​សេចក្តីជូនដំណឹង​ទៅ​ក្លិប​ទាំងពីរ អំពី​ការលុបចោល​កាត​លឿង​ចំនួន​១​ពី​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ប្រព័ន្ធ​លី​គ ដែលជា​ការអនុវត្តន៍​តាម​អនុសាសន៍​របស់​ប្រធាន​សហព័ន្ធ​។ គោលបំណង​ដ៏​សំខាន់​គឺ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​។​

​ដោយសារតែ​ឃើញ Choe Myong-ho ស្ថិតក្នុង​ជម្រើស​ដំបូង ហើយ រឿ​ម ចាន់​រឿន ស្ថិតក្នុង​ចំណោម​កីឡាករ​បម្រុង ថ្នាក់ដឹកនាំ​បឹងកេត​បានធ្វើ​ការតវ៉ា ដែល​នាំ​ឲ្យ​មានការ​ពន្យា​ពេល​រហូតដល់​ទៅ​៤៥​នាទី មុន​ពេលដែល​ពួកគេ​សម្រេច​ចូលកាន់​ទីលាន​វិញ​។​

ទោះបីជាយ៉ាងណា ការប្រកួតបាន​ដំណើរការធម្មតា ដោយក្នុងជំនួប១២០នាទី បញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ឈាន​ដល់ការទាត់បាល់ប៉េណាល់ទី ក្រុមទាំងពីរ បាន​ស៊ុត​ម្ខា​ង១៣គ្រាប់រៀងខ្លួន ហើយការស៊ុត​ចុងខុសគោលដៅ​របស់ Choe Myong-ho នាំឲ្យបឹងកេតទទួលជ័យជម្នះក្នុងលទ្ធផល ១០ ទល់នឹង​៩ ៕




Tag:
 Cambodian League 2017
  បឹងកេត​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com