ជាតិ
ឆ្នាំ​២០១៧ កម្ពុ​ជាមាន​ព្រះសង្ឃ​ជិត​៧​ម៉ឺន​អង្គ និង​វត្ត​ជិត​៥​ពាន់
31, Dec 2017 , 4:59 pm        
រូបភាព
រូបភាព៖ មន្រ្តីសង្ឃទូទាំងប្រទេស ចូលរួមក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៦ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​
រូបភាព៖ មន្រ្តីសង្ឃទូទាំងប្រទេស ចូលរួមក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៦ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​
ដោយ: ថ្មីៗ
​នាពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ព្រះសង្ឃ​ចំនួន ៦៩១៩៩​អង្គ ក្នុងនោះ​គណៈមហានិកាយ មាន​ចំនួន ៦៤៤០៧​អង្គ ហើយ​គណៈធម្មយុត្តិកនិកាយ​មាន​ចំនួន ៤៧៩២​អង្គ​។ រីឯ វត្តមាន​ចំនួន ៤៨៧២ ក្នុងនោះ​វត្ត​ខាង​គណៈមហានិកាយ មាន​ចំនួន ៤៦៥៦ និង​វត្ត​ខាង​គណៈធម្មយុត្តិកនិកាយ មាន​ចំនួន ២១៦​។



​ចំណែក វិស័យ​អប់រំ​ផ្នែក​ព្រះពុទ្ធសាសនា មាន​តាំងពី​ថ្នាក់​ពុទ្ធិកបឋមសិក្សា រហូតដល់​ថ្នាក់​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​។ ពុទ្ធិកបឋមសិក្សា​មាន​ជាង​៧​រយ ពុទ្ធិក​អនុវិទ្យាល័យ​មាន​ប្រមាណ​៤០ ពុទ្ធិកវិទ្យាល័យ​មាន​ជិត​២០ និង​ពុទ្ធិក​សាកលវិទ្យាល័យ​មាន​ចំនួន​៣​។​

​ពុទ្ធិកសិក្សា គឺជា​សាលា​សម្រាប់​អប់រំ​និង​បណ្តុះបណ្តាល​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​។ វិស័យ​អប់រំ​ផ្នែក​ពុទ្ធចក្រ​នេះ មាន​លក្ខណៈ និង​ប្រព័ន្ធ​ដូច​វិស័យ​អប់រំ​ខាង​អាណាចក្រ ពោលគឺ ពុទ្ធិកបឋមសិក្សា​, ពុទ្ធិក​អនុវិទ្យាល័យ​, ពុទ្ធិកវិទ្យាល័យ​, និង​ពុទ្ធិក​សាកលវិទ្យាល័យ ស្មើនឹង​បឋមសិក្សា​, អនុវិទ្យាល័យ​, វិទ្យាល័យ​, សា​លក​វិទ្យាល័យ ខាង​គ្រហស្ថ​ដែរ​។ ប៉ុន្តែ​អ្វីដែល​ខុសប្លែក​នោះ​គឺ កម្រិត​បឋមសិក្សា​ខាង​ព្រះសង្ឃ គឺ​សិក្សា​តែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ខាង​គ្រហស្ថ​វិញ ត្រូវ​សិក្សា​រយៈពេល ៦​ឆ្នាំ​។ ម្យ៉ាងទៀត ប្រព័ន្ធ​អប់រំ​ខាង​ព្រះសង្ឃ មានមុខ​វិទ្យា​ច្រើនជាង​គ្រហស្ថ​មួយចំនួន ដូច​ភាសាបាលី ភាសាសំស្ក្រឹត និង​មុខ​វិទ្យា​ផ្នែក​សាសនា ជាដើម​។

​ទិន្នន័យខាងលើ ​ស្តីពី​ចំនួន​ព្រះសង្ឃ វត្ត​អារាម និង​សាលារៀន​ផ្នែក​ពុទ្ធចក្រ​ ត្រូវបាន​ផ្សព្វផ្សាយ ក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៦ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​។ អនុ​សំ​វច្ចរ​មហាសន្និបាត គឺ​សំដៅ​ដល់​កិច្ចប្រជុំ​របស់​ព្រះសង្ឃ​ទូទាំងប្រទេស ដែល​តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀលរាល់​ឆ្នាំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com