ជាតិ
CAM-ASEAN រៀបចំ​កម្មវិធី​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ «ASEAN Knowledge Line Contest» ដើម្បី​វាស់​ចំណេះ​យុវជន​ពី​អាស៊ាន
31, Dec 2017 , 8:13 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន​(Cam Asean) បានរៀបចំ​ការប្រកួត​ប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ធំ​ប្រចាំឆ្នាំ​២០១៧ ស្តីពី​« ASEAN Knowledge Line Contest »  ។  នេះ​ជា​លើក​ទី​៣ ដែល​សាលា CAM-ASEAN បានរៀបចំ​កម្មវិធី​«ASEAN KNOWLEDGE LINE Contest»​នេះ ។ កម្មវិធី​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ធំ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​។



​លោក ស៊ា​ង សុ​បញ្ញា អគ្គ​នាយ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន​(Cam Asean)​ថ្លែងថា  នេះ​ជា​លើក​ទី​៣ ដែល​សាលា CAM-ASEAN បានរៀបចំ​កម្មវិធី​«ASEAN KNOWLEDGE LINE Contest»​។ លោក​ថ្លែងបន្តថា កម្មវិធី​នេះ​រៀបចំឡើង ដើម្បី​ផ្តល់​ចំណេះដឹង​បន្ថែម ដល់​យុវជន​ពី​បច្ចុប្បន្នភាព​នៃ​អាស៊ាន និង​ការវិវឌ្ឍ​នៃ​សហគមន៍​អាស៊ាន ហើយក៏​ជំរុញ​ឲ្យ​បេក្ខជន​ស្រាវជ្រាវ សរសេរ និង​ជជែក​វែកញែក​បន្ថែមទៀត អំពី​សហគមន៍​អាស៊ាន​។ តាមរយៈ​ការប្រកួត​នេះ លោក ស៊ា​ង សុ​បញ្ញា សង្កេតឃើញថា យុវជន​កម្ពុជា​សុទ្ធសឹង​តែមាន​សមត្ថភាព យល់ដឹងបាន​ស៊ីជម្រៅ ជុំវិញ​ប្រធានបទ​ដែល​ផ្តោតទៅលើ​អាស៊ាន​។



​លោក យ៉ាន ឧ​ត្ត​ម  ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន នៃ​វិទ្យាស្ថាន CAM-ASEAN បាន​លើកឡើងថា មុននឹង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ បេក្ខជន​បាន​ឆ្លងកាត់​បួន​ដំណាក់កាល​។ លោក រៀបរាប់ថា ទី​១ បេក្ខជន​បា​នវ​បំពេញ​ពាក្យ​ចូលរួម​ប្រកួត​, ទី​២ បេក្ខជន​បាន​ចូលរួម​សិក្ខាសាលា​ធំ​ស្តីពី​«​សហគមន៍​អាស៊ាន​» ដែលមាន​ការចែករំលែក​វាគ្មិន​ពី​ក្រសួងការបរទេស ក្រសួង​អប់រំ ក្រសួងពាណិជ្ជកម្ម តំណាង​ស្ថានទូត និង​សាកលវិទ្យាល័យ ដើម្បី​ចែករំលែក​ចំណេះដឹង​ពី​អាស៊ាន​, ទី​៣ បេក្ខជន​បានដាក់​ពាក្យ ហើយ​នៅក្នុង​ដំណាក់​នេះដែរ សាលា​បាន​ជម្រុះ​បេក្ខជន​ទុក​ត្រឹមតែ​៤០​នាក់ ដើម្បី​ធ្វើ​បទ​បង្ហាញ ដល់​គណៈកម្មការ ហើយ​បន្ទាប់មក​សាលា​ជ្រើស​រើសយក​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ ដើម្បី​បន្តទៅ​ដល់​ដំណាក់កាល​ទី​៤, ហើយ​ទី​៤ ជា​ដំណាក់កាល​ធ្វើ​បទ​បង្ហាញ​ខ្លី​ផង និង​ជជែក​វែកញែក​ដេញដោល​ផង​។​



​បេក្ខជន​៤០​នាក់ ដែល​បានដាក់​ពាក្យ​ប្រកួត​កម្មវិធី « ASEAN Knowledge Line Contest »  ត្រូវបាន​ជម្រុះ​ជា​បន្តបន្ទាប់ ហើយ​មាន​បេក្ខជន​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្រោយពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​មាន​រួចមក និស្សិត ហ៊ីម រស្មី មកពី​វិទ្យាស្ថាន​ភាសាបរទេស​បាន​ជ័យលាភី​លេខ​១   និស្សិត សុ​ទ្ធី ពិ​សិទ្ធ មកពី​វិទ្យាស្ថាន​ភាសាបរទេស​បាន​ជ័យលាភី​លេខ​២ និង​និស្សិត គ​ន្ធី វិ​រៈ មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាន​ជ័យលាភី​លេខ​៣​។ បេក្ខជន​ជ័យលាភី​ទាំងបី​រូបនេះ ទទួលបាន​ពាន់រង្វាន់​មួយ មេដាយ​មួយ ទស្សនកិច្ច​សិក្សា​រយៈពេល​ខ្លី​ទៅ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី  ប្រាក់​លើកទឹកចិត្ត  អាហារូបករណ៍​រយៈ​មួយឆ្នាំ នៅ​CAM-ASEAN និង​រង្វាន់​ជាច្រើន​ទៀត​។​





​គួរបញ្ជាក់​ផងដែរ​ថា​មជ្ឍមណ្ឌល​សិក្សា​ពី​អាស៊ាន នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) បានរៀបចំ​កម្មវិធី​ជាច្រើន​។ នេះ​ជា​លើក​ទី​៣ ដែល​សាលា CAM-ASEAN បានរៀបចំ​កម្មវិធី​«ASEAN KNOWLEDGE LINE Contest»​នេះ ពោលគឺ​តាំងពី​ឆ្នាំ​២០១៥​មក​៕


Tag:
 ASEAN Knowledge Line Contest
  CAM-ASEAN
© រក្សាសិទ្ធិដោយ thmeythmey.com