កីឡាជាតិ
ជាតិ
ពាក្យ​«​រួមគ្នា​ដើម្បី​បាល់ទាត់​»​ធ្វើ​ឲ្យ​បឹងកេត​ដែល​គ្រោង​បោះបង់​ការប្រកួត​ព្រម​ចូល​ទីលាន​ប្រកួត​
01, Jan 2018 , 2:20 pm        
រូបភាព
លោក បែ មករា លើកពានក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៧
លោក បែ មករា លើកពានក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៧
ដោយ:
​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​បាន​ដើរ​ចេញពី​លាន​ប្រកួត ក្រោយ​មិន​ពេញចិត្ត​នឹង​ការសម្រេច​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​ជាប់​ពិន័យ​ពីររូប​របស់​ក្រសួងការពារជាតិ​មាន​ក្នុង​បញ្ជី​ប្រកួត​។ ប៉ុន្តែ​ពាក្យ​៦​ម៉ាត់​របស់​ថ្នាក់ដឹកនាំ​«​រួមគ្នា​ដើម្បី​បាល់ទាត់​»​បឹងកេត​បានសម្រេច​ដើរចូល​ទីលាន​ប្រកួត​វិញ​។ បឹងកេត​បន្ត​រក្សា​តំណែង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ក្រោយ​យកឈ្នះ​ទ័ព​ដោយ​បាល់​ប៉េ​ណា​ល់​ទី ១០-៩ ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​រកាំរកូស​។ ជ័យជម្នះ​មុខ​អ្នកគាំទ្រ​ជាង​៤​ពាន់​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​នាំ​ឲ្យ​បឹង​ទទួលបាន​កៅអី​សម្រាប់​ពានរង្វាន់ AFC Cup 2018​។​



​បើ​យោងតាម​អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត លោក បែ មករា ការដែល​បឹងកេត​សម្រេចចិត្ត​ដើរចូល​ទីលាន​ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​វិញ ក៏​ដោយសារតែ​ពាក្យ​សម្របសម្រួល​«​រួមគ្នា​ដើម្បី​បាល់ទាត់​»​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ការសម្រេច​ភ្លាមៗ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ក្នុងការ​អនុញ្ញាត​ឲ្យ​កីឡាករ​ជាប់​ពិន័យ​ពីររូប​មាន​ក្នុង​បញ្ជី​របស់​ក្រុម​ទ័ព​បានធ្វើ​ក្រុម​បឹងកេត​មិន​សប្បាយចិត្ត​រហូត​ដើរ​ចេញពី​លាន​ប្រកួត​។ បញ្ហា​រកាំរកូស​នេះ បានធ្វើ​ឲ្យ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ ធ្នូ ដែលមាន​ទស្សនិកជន​ជាង​៥​ពាន់​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ពន្យា​ពេល​រហូត​៤៥​នាទី​។​



«​ដំបូង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានចេញ​លិខិត​ផ្អាក​កីឡាករ​ពីររូប​ដែល​ទទួលបាន​កាត​លឿង​ពីរ​ក្នុង​ការប្រកួត​ពីរ​ផ្សេងគ្នា​។ ប៉ុន្តែ​ក្រោយមក​មុន​ការប្រកួត​ប្រហែលជា​៥​ទៅ​៦​ម៉ោង គាត់​(CNCC)​បាន​ផ្ញើ Email មក​ថា លុប​ការពិន័យ​របស់​កីឡាករ​ទាំងពីរ​នាក់​នេះ​វិញ ដូច្នេះ​ធ្វើ​ឲ្យ​ពួកយើង​មាន​ការមិនសប្បាយចិត្ត ហើយ​ត្រឡប់​ទៅ​ពិភាក្សាគ្នា​រក​ដំណោះស្រាយ ដើម្បី​បន្ត​ការប្រកួត​។ ដោយសារ​ប្រសាសន៍​របស់​ឯកឧត្តម​ប្រធាន​សហព័ន្ធ​ក្នុងការ​រួបរួមគ្នា​ដើម្បី​បាល់ទាត់ យើង​ក៏​សុខចិត្ត​លេង​វិញ​»​។ នេះ​ជា​ហេតុផល​របស់លោក បែ មករា ដែល​បឹងកេត​សម្រេច​ដើរចូល​ទីលាន​ប្រកួត​វិញ​។​

​តាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) កាលពី​ថ្ងៃទី​២៨ ខែធ្នូ ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho និង​ខ្សែការពារ រឿ​ម ចាន់​រឿន មិនអាច​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ ដោយសារតែ​ពួកគេ​ទទួលបាន​កាត​លឿង​ពីរ​ជាប់ៗ ពីរ​ប្រកួត​ចុងក្រោយ​ជាមួយ​អគ្គិសនី​កម្ពុជា និង​ព្រះខ័ន​រាជ​ស្វាយរៀង​។​

​ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា (CNCC) បានចេញ​សេចក្តីជូនដំណឹង​ទៅ​ក្លិប​ទាំងពីរ​អំពី​ការលុបចោល​កាត​លឿង​ចំនួន​១​ពី​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ប្រព័ន្ធ​លី​គ ដែល​ជាការ​អនុវត្តតាម​អនុសាសន៍​របស់​ប្រធាន​សហព័ន្ធ​។ គោលបំណង​ដ៏​សំខាន់ គឺ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​។​



​ទោះបី​មានការ​ពន្យា​ពេល​ជិត​១​ម៉ោង​ក៏ដោយ តែ​ការប្រកួត​ក្រោម​ភាព​រកាំរកូស​មួយ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ជាមួយ​ការប្រកួតប្រជែង​ដ៏​តានតឹង ដែល​ធ្វើ​ឲ្យ​ការប្រកួត​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​ជាង​៤​ពាន់​នាក់​ដែល​មក​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កី​ឡករ សុខ សុវណ្ណ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​បឹងកេត​នៅ​នាទី​ទី​១៤ មុន​ខ្សែការពារ​កូរ៉េខាងជើង Kim Kyong-hun រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ក្រសួងការពារជាតិ​នៅ​នាទី​ទី​៦៨​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​១២០​នាទី ដែល​នាំ​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​កាត់សេចក្តី​។

​នា​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ម្ខាង​១៣​នាក់​ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ១០-៩ ក្រោយ​កីឡាករ ស៊ូ យ៉ា​ទី ជួយសង្គ្រោះ​គ្រាប់​បាល់​ចុងក្រោយ​របស់​កីឡាករ Choe Myong-ho បានសម្រេច​។ ជ័យជម្នះ​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដោយ​ស្វិតស្វាញ​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​បឹងកេត​អាច​រក្សា​តំណែង​ជើងឯក​នោះទេ ថែមទាំង​ជួយ​ក្រុម​នេះ​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ Group Stage នៃ​ពានរង្វាន់ AFC Cup 2018 ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។

​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្រុម​ជើងឯក​បឹងកេត​ទទួលបាន​៦០​លាន​រៀល ក្រសួងការពារជាតិ​បាន​៤៦​លាន​រៀល ក្រុម​លេខ​៣​ស្វាយរៀង​បាន​៣៦​លាន​រៀល និង​ក្រុម​ណាហ្គា​វើ​ល​ទទួលបាន​៣០​លាន​រៀល​៕








Tag:
 បាល់ទាត់​
  Cambodian League 2017
  បែ មករា
© រក្សាសិទ្ធិដោយ thmeythmey.com