អន្តរជាតិ
តុលាការ​ថៃ​ដាក់ទោស​បុរស​ម្នាក់​ជាប់​គុក ១៣២៧៥​ឆ្នាំ
01, Jan 2018 , 3:52 pm        
រូបភាព
រូបភាព៖ Getty Images
រូបភាព៖ Getty Images
​កាលពី​ចុង​សប្ដាហ៍​មុន តុលាការ​ព្រហ្មទណ្ឌ​របស់​ថៃ​បាន​កាត់ទោស​បុរស​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ដល់​ទៅ ១៣២៧៥​ឆ្នាំ ពីបទ​បោកប្រាស់​លុយ​ចំនួន​៥៧៤​លាន​បាត ស្មើនឹង​ជាង​១៧,៦៦​លាន​ដុល្លារ​ពី​ជនរងគ្រោះ​ចំនួន​២៦០០​នាក់​។ យ៉ាងណាមិញ ទណ្ឌិត​ឈ្មោះ Phudit Kittitradilok នឹងត្រូវ​អនុវត្ត​ទោស​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​ច្បាប់​ថៃ​កំណត់​ឲ្យ​រយៈពេល​អនុវត្ត​ទោស​យូរ​បំផុត​ត្រឹម​១០​ឆ្នាំ មិន​ថា​បទល្មើស​អ្វី​ឡើយ​។



អត្ថបទទាក់ទង

​រាជអាជ្ញា​ថៃ​បាន​ប្រាប់​តុលាការ​ថា ចន្លោះ​ពី​ខែសីហា ឆ្នាំ​២០១៥ ដល់​ខែកញ្ញា ឆ្នាំ​២០១៦ Phudit Kittitradilok រួម​នឹង​គូកន និង​ក្រុមហ៊ុន​ឈ្មោះ The System Plug and Play and Innovision Holding បាន​បើក​សិក្ខា​សិលា​មួយ​ដោយបាន​អញ្ជើញ​ប្រជាជន​ឲ្យ​រកស៊ី​ជាមួយ​ខ្លួន​លើ​មុខ​ជំនួញ​ដូចជា ការថែរក្សា​សម្រស់ ការនាំចេញ ការអភិវឌ្ឍ​អចលនទ្រព្យ និង​ការប្ដូរ​ប្រាក់​បរទេស​។ នេះ​បើ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា ប្រជាជន​ទាំងនោះ​ត្រូវបាន​សន្យាថា នឹង​ទទួលបាន​កម្រៃ​ត្រឡប់​វិញ​ចំនួន​១​ភាគរយ​ក្នុង​មួយ​សប្ដាហ៍ បូក​នឹង​ប្រាក់​វិនិយោគ​ថ្មី​ចំនួន​៥​ភាគរយ សម្រាប់​អ្នក​ដែល​អាច​ស្វែងរក​សមាជិក​ថ្មី​បន្ថែមទៀត​។ ប៉ុន្តែ ជន​ឈ្មោះ Phudit នេះ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​ដាក់​បណ្ដឹង​។ នៅ​ថ្ងៃទី​២៩ ខែធ្នូ តុលាការ​ថៃ​បាន​បើកសវនាការ​ជម្រះក្ដី​លើ​ករណីនេះ​តែម្ដង​។​

​តុលាការ​ថៃ​រកឃើញថា ជន​ខាងលើនេះ​មាន​កំហុស​ចំនួន​២៦៥៣​ករណី​លើ​សំណុំរឿង​បោកប្រាស់​នេះ​។ តុលាការ​ព្រហ្មទណ្ឌ​បាន​កាត់ទោស​ឲ្យ Phudit ដែលមាន​អាយុ​៣៤​ឆ្នាំ ជាប់ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​ក្នុង​មួយ​ករណី ដែល​នេះ​មានន័យថា រូបគេ​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​១៣២៦៥​ឆ្នាំ​។ តុលាការ​ក៏​រកឃើញថា Phudit មាន​កំហុស​លើ​ករណី​លាងលុយកខ្វក់​ដែល​ត្រូវបាន​ជាប់ទោស​១០​ឆ្នាំ​។ ដូចនេះ Phudit ត្រូវបាន​ជាប់ពន្ធនាគា​រ​សរុប​ចំនួន​១៣២៧៥​ឆ្នាំ​។​

​យ៉ាងណាមិញ ដោយសារ​ជនល្មើស​រូបនេះ​សារភាព​កំហុស តុលាការ​ថៃ​ក៏​បន្ថយទោស​ពាក់កណ្ដាល​វិញ គឺ​នៅសល់​ត្រឹម​៦៦៧៣​ឆ្នាំ និង​៦​ខែ​។ ជា​សំណាង Phudit ត្រូវអនុវត្ត​ទោស​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​ក្រមព្រហ្មទណ្ឌ​ថៃ​កំណត់ថា ទោស​អតិបរមា​សម្រាប់​បទល្មើស​ទាំងឡាយ គឺ​១០​ឆ្នាំ​។ ដោយឡែក ក្រុមហ៊ុន​ខាងលើ​ក៏ត្រូវ​រង​ពិន័យ​ទឹកប្រាក់​ចំនួន​ជាង​២០​លាន​ដុល្លារ ខណៈដែល​ទណ្ឌិត Phudit និង​ក្រុមហ៊ុន ក៏ត្រូវ​បញ្ជា​ឲ្យ​សង​ប្រាក់​ចំនួន​ជាង​១៧​លាន​ដុល្លារ​ទៅ​ឲ្យ​ជនរងគ្រោះ​២៦៥៣​នាក់ ជាមួយ​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​ចំនួន​៧​ភាគរយ​។ 

​ក្រោយ​ការកាត់ទោស​នេះ លោក Samart Jenchaijitwanich សកម្មជន​ប្រឆាំង​ការបោកប្រាស់​បែបនេះ អះអាងថា សំណុំរឿង​ខាងលើ​ពាក់ព័ន្ធ​ការបោកប្រាស់​ទឹកប្រាក់​ជាង​១៦២​លាន​ដុល្លារ​ឯណោះ ដោយមាន​សមាជិក​ជាង​៤​ម៉ឺន​នាក់​។ លោក​អះអាងថា ក្រៅពី​ជនរងគ្រោះ​ខាងលើ  ជនរងគ្រោះ​ផ្សេងទៀត​នឹងដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ទារ​សំណង​៕


Tag:
 ថៃ​
  Phudit Kittitradilok
© រក្សាសិទ្ធិដោយ thmeythmey.com