ជាតិ
ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុ​ជាថ្មី ស្នើ​ឲ្យ EU និង​សហរដ្ឋអាមេរិក​យោគយល់​ពី​បញ្ហា​នៅ​កម្ពុជា​
02, Jan 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុ​ជាថ្មី ស្នើ​ឲ្យ​សហភាព​អឺរ៉ុប (EU)  និង​សហរដ្ឋអាមេរិក​យោគយល់​ពី​បញ្ហា​នៅ​កម្ពុជា ដោយ​ងាក​មក​បន្ត​ការទិញ​ទំនិញ​បន្ថែម និង​ផ្ដល់​កូតា​ផ្សេងៗ ដែលជា​អត្ថប្រយោជន៍​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ការអំពាវនាវ​របស់​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​នេះ ធ្វើឡើង​ក្រោយពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​ទូទៅ​ដល់​ទំនិញ​កម្ពុជា ដែល​នាំចូល​ទីផ្សារ​សេដ្ឋកិច្ច​ពួកគេ​។​



​លោក សំ សឿន ដែល​ទើបតែ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​អាណត្តិ​ទី​៣ (CCNU) បានស្នើ​ឲ្យ​អគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប និង​អាមេរិក ពិនិត្យមើល​ពី​ស្ថានភាព និង​សភាពការណ៍​សេដ្ឋកិច្ច​ឲ្យ​បាន​ច្បា​ស់សិន មុននឹង​ដាក់ទណ្ឌកម្ម​ចំពោះ​វិស័យ​កាត់ដេ​នៅ​កម្ពុជា​។ ត្រង់ចំណុច​នេះ​លោក សំ សឿន បាន​រំ​ឮ​ក​ពី​ការដំឡើង​ប្រាក់ខែ​កម្មករ និយោជិត ១៧០​ដុល្លារ និង​ការថែទាំ​សុខភាព រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗ នៅក្នុង​ឆ្នាំ​២០១៨​។​

​លោក សំ សឿន បាន​និយាយថា បញ្ហា​អសកម្ម​ដែល​បាន​កើតឡើង​កន្លងមក មិនមែនជា​ការទាមទា​រ​ប្រាក់​ឈ្នួល​នោះទេ តែ​ជា​បញ្ហានយោបាយ​។ ជាមួយគ្នានេះ លោក​ស្នើ​ឲ្យ EU និង​អាមេរិក នៅតែ​បន្ត​ទិញ​បន្ថែម និង​ផ្ដល់​កូតា​ផ្សេងៗ​សម្រាប់​កម្ពុជា ដោយ​កុំ​យក​បញ្ហានយោបាយ​មក​រឹតត្បិត​ដល់​លំហូ​សេដ្ឋកិច្ចកម្ពុជា ដែល​នាំចេញ​ក្រៅប្រទេស​បែបនេះ​។​

​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុ​ជាថ្មី​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​ការទាមទារ​កន្លងមក​ដើម្បី​កេងចំណេញ​នយោបាយ​រប​ស់ បក្ស​(CNRP) ដែលមាន​ចេតនា​បង្កើត​ប​ដិ​វត្ដ​ន៍​ពណ៌ មាន​គម្រោង​ចលនា​ក្បត់ជាតិ លទ្ធិប្រជាធិបតេយ្យ និង​ប៉ះពាល់​ផលប្រយោជន៍​របស់​កម្ម​ករ​»​។​

​ការលើកឡើង​របស់​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​នេះ ធ្វើឡើង​ក្រោយពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​ទូទៅ​ដល់​ទំនិញ​កម្ពុជា ដែល​នាំចូល​ទីផ្សារ​សេដ្ឋកិច្ច​ពួកគេ​។ មូលហេតុ​ដែល​នាំ​ឲ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ព្រមាន​បែបនេះ ដោយ​សារភាព​តានតឹង​នយោបាយ នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការឃាត់ខ្លួន​មេបក្ស និង​ផ្អាក​សកម្មភាព​នយោបាយ​បក្សប្រឆាំង និង​ការ​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល​ជាដើម​។​

​បើ​ក្រឡេកមើល​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន ៦២៥៩ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ ទំនិញ​ដែល​ទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​។​
អត្ថបទទាក់ទង

​រីឯ​ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក​វិញ គឺមាន​ទំហំ​ប្រាក់ ២៩១៦ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​អាមេរិក​បាន​បង់ពន្ធ​ស្ទើរ​ទាំងស្រុង លើកលែងតែ​ផលិតផល travelling goods ដែល​រដ្ឋាភិបាល​អាមេរិក​អនុគ្រោះ​ដល់​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៦  ។ ផលិតផល​របស់​កម្ពុ​ជា​ចូល​ទីផ្សារ​នេះ​រួមមាន សំលៀកបំពាក់ ស្រោម​និង​ស្បែកជើង ប្រដាប់​ក្មេង​លេង វត្ថុ​ធ្វើ​ពី​ស្បែក ស្រោមពូក និង​គ្រឿង​សង្ហា​រឹម ជាដើម​។​

​បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦ លាន​ដុល្លារ សម្រាប់​ទីផ្សារ​សហភាព​អឺរ៉ុប ។ ចំណែក​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ​មធ្យម ១២​ភាគរយ​)​។ ប៉ុ​ន្ត​បើ​កម្ពុជា​ត្រូវ​បង់ប្រាក់​ពន្ធ​លើ​ទំនិញ​នេះ គឺមាន​ទឹកប្រាក់​ប្រមាណ ១០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ ៥​ភាគរយ​)​។ ដូច្នេះ​បានន័យថា កម្ពុជា​ទទួលបាន​ផលចំណេញ​ច្រើន ពី​ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក​៕


Tag:
 សំ សឿន​
 ​ សហជីព​ជាតិ​
  CCNU
© រក្សាសិទ្ធិដោយ thmeythmey.com