ជាតិ
ក្រៅពីអាពាហ៍ពិពាហ៍រវាង «កម្លោះ» និង «ក្រមុំ» សម្តេច ហ៊ុន សែន មិនចូលរួមឡើយ
× អ្នកដែលធ្លាប់មានប្រវត្តិការរួចហើយ អាចអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី បាន ប៉ុន្តែលោកអ្នកនឹងមិនឃើញវត្តមានរបស់សម្តេចឡើយ! សម្តេច ហ៊ុន សែន ទំនងជាចង់លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរចេះរក្សាចំណងអាពាហ៍ពិពាហ៍របស់ខ្លួន ពីព្រោះវាជារឿងដ៏លំបាក មុនឈានដល់ដំណាក់កាលនេះ។
ថ្លែងនាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅ ព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេច ហ៊ុន សែន បានប្រកាសថា សូម្បីតែក្មួយបង្កើតរបស់ខ្លួន ឲ្យតែធ្លាប់មានប្រវត្តិរៀបការ សម្តេចនឹងមិនទៅចូលរួមដោយផ្ទាល់នោះឡើយ ព្រោះសម្តេច មិនចង់អង្គុយយូរក្នុងពិធី ដោយទុកពេលបំពេញការងារដ៏មមាញឹករបស់ខ្លួនផ្សេងទៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងត្រូវប្រារព្ធខួប៤២ឆ្នាំនៃពិពាហ៍ ពិពាហ៍ក្នុងរបបខ្មែរក្រហម ជាមួយសម្តេច ប៊ុន រ៉ានី (ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦) បានរំលឹកពីប្រវត្តិស្នេហ៍ដ៏លំបាករបស់ខ្លួន។ ក្នុងន័យនេះ សម្តេចទំនងជាចង់ឲ្យមនុស្សទាំងអស់ត្រូវចេះរក្សាចំណងអាពាហ៍ពិពាហ៍ ដោយមិនត្រូវបែកបាក់រហូតដល់មានការលែងលះនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ សម្តេចក៏មិនភ្លេចចំណងដៃដែរ!
© រក្សាសិទ្ធិដោយ thmeythmey.com