អន្តរជាតិ
ការចរចា​រវាង​កូរ៉េ​ទាំងពីរ​អាច​នាំ​ដល់​ការជួបគ្នា​រវាង​កូរ៉េខាងជើង​និង​អាមេរិក​?
11, Jan 2018 , 7:39 pm        
រូបភាព
​អាមេរិក និង​កូរ៉េខាងជើង​អាច​ជួបគ្នា​នៅ​ថ្ងៃ​អនាគត​? នេះ​ជា​សំណួរ​មិនទាន់មាន​ចម្លើយ ក្រោយ​ជំនួប​កម្រ​រវាង​កូរ៉េ​ទាំងពីរ​នៅ​ថ្ងៃទី​៩ ខែមករា ។ ទោះជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​រវាង​កូរ៉េខាងត្បូង និង​ខាងជើង​ផ្ដោតលើ​វិស័យ​កីឡា​ក្ដី ជំនួប​នេះ​អាចជា​ទ្វារ​ទៅកាន់​ការចរចា​លើ​បញ្ហា​ផ្សេងទៀត ឬក៏​ឈានដល់​ជំនួប​រវាង​អាមេរិក និង​កូរ៉េខាងជើង​ក៏​ថា​បាន​។ កន្លងមក ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​អះអាងថា បើ​កាលៈទេសៈ​មកដល់ អាមេរិក​នឹង​ចរចា​ជាមួយ​កូរ៉េខាងជើង​។​



​ជំនួប​អន្តរ​កូរ៉េ​លើកដំបូង​ក្នុងពេល​ជាង​ពីរ​ឆ្នាំ ក្លាយជា​ចំណុច​របត់​ថ្មី​នៅ​ឧបទ្វីប​កូរ៉េ ដែល​ចោមរោម​ដោយ​សង្គ្រាមពាក្យសម្ដី ការគំរាមកំហែង និង​សមយុទ្ធ​យោធា​។ គ្រប់គ្នា​គិតថា ជំនួប​រវាង​កូរ៉េ​ទាំងពីរ ដែល​ហុច​ផល​វិជ្ជមាន​ជាច្រើន​នេះ ក្លាយជា​កាំជណ្ដើរ​ទីមួយ​ដើម្បី​ឈានដល់​ការចរចា​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​មួយ​នេះ​។ ស្របគ្នា​នឹង​ការបន្ទន់​ឥរិយាបថរ​បស់​កូរ៉េខាងជើង ការ​វិវដ្ដ​ថ្មី​ទៀត​អាច​នឹង​កើត​ឡើងជា​បន្តបន្ទាប់​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១០ ខែមករា ជុំវិញ​ការចរចា​រវាង​កូរ៉េ​ទាំងពីរ​។ លោក មូ​ន ចេ​អ៊ី​ន បាន​ប្រា​ប់លោក ត្រាំ ពី​ដំណើការ​រលូន​នៃ​ការចរចា ដែល​ក្នុងនោះ​កូរ៉េខាងជើង​នឹង​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ។ កូរ៉េខាងជើង​ក៏បាន​បើក​ប្រព័ន្ធ​ទំនាក់ទំនង​យោធា​ជាមួយ​កូរ៉េខាងត្បូង​ឡើងវិញ​ផងដែរ​។​

​ការចរចា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥ មកហើយ​ទទួលបាន​លទ្ធផល​ប្រសើរ​បែបនេះ ធ្វើ​ឲ្យ​ក្ដី​រំពឹង​នៃ​ការចរចា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មាន​ដង្ហើម​ម្ដងទៀត​។ មាន​អ្នកខ្លះ​ក៏​លួច​គិតថា ជំនួប​អន្តរ​កូរ៉េ​ពេលនេះ នឹង​នាំ​ដល់​ការជួបគ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ផង​។ នេះ​ក៏​ព្រោះតែ​កន្លងមក អាម​រិ​ក​ក៏​ធ្លាប់បាន​ប្រកាន់​ជំហរ​ចរចា​ដែរ បើ​ពេលវេលា​សក្តិសម​មកដល់​។ តើ​ការប្ដូរ​ឥរិយាបថ​របស់​កូរ៉េខាងជើង​ពេលនេះ​ជា​ពេល​សក្តិសម​? 

​ចំពោះ​លទ្ធភាព​ជួប​ទល់មុខ​គ្នា​ជាមួយ​កូរ៉េខាងជើង លោក ត្រាំ ដែល​ធ្លាប់​គំរាម​កម្ទេច​កូរ៉េខាងជើង​ក្លាយជា​ផេះផង មិនបាន​និយាយ​ឲ្យ​ច្បាស់​ឡើយ​។ ក្រោយ​និយាយ​ទូរ​សព្ទ​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន លោក ត្រាំ បាន​ត្រឹម​លើកឡើងថា​៖ «​នរណា​ទៅ​ដឹងថា​វា (​ជំនួប​កូរ៉េ​ទាំងពីរ​) នឹង​នាំទៅរក​អ្វី​ទៀត​?» ។ ប៉ុន្តែ​លោក​សង្ឃឹមថា ជំនួប​នេះ​នឹង​នាំទៅរក​ជោគជ័យ​សម្រាប់​សន្តិភាព ហើយនឹង​រង់ចាំ​មើល​ស្ថានការណ៍​បន្ត​នៅ​សប្ដាហ៍ និង​ខែក្រោយៗ​ទៀត​។​

​កាលពី​ចុង​សប្ដាហ៍​មុន លោក​ប្រធានាធិបតី​អាមេរិក​ក៏បាន​បង្ហាញ​ជំហរ​ចង់​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប៉ុន្តែ​មាន​លក្ខខណ្ឌ​។ លក្ខខណ្ឌ​នោះ គឺ​កូរ៉េខាងជើង​ត្រូវ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដែល​អាមេរិក​ចាត់ទុកជា​គំរាមកំហែង​សន្តិសុខ​។ យ៉ាងណាមិញ កូរ៉េខាងជើង​ក៏បាន​អះអាង​ជាច្រើនលើក​ដែរ​ថា ផ្លូវ​ចរចា​នៅតែមាន តែ​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន​មិនមែន​សម្រាប់​ចរចា​ឡើយ​៕ 


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com