អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ បន្ត​ដង្ហើម​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​១២០​ថ្ងៃ​ទៀត​
13, Jan 2018 , 12:23 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមករា បានសម្រេច​ចិត្ត​លើក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ លោក ត្រាំ បានដាក់​លក្ខខណ្ឌ​ជាច្រើន​ដើម្បី​ដោះស្រាយ​ចន្លោះប្រហោង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ក្នុង​រយៈពេល​១២០​ថ្ងៃ​។ ក្នុងករណី​បញ្ហា​នៅតែមាន អាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​មិន​ខាន ដែល​នេះ​មានន័យ​ស្មើនឹង​ការ​ហែក​កិច្ចព្រមព្រៀង​ចោល​តែម្ដង​។ 



​ទីបំផុត​ទៅ លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ពន្យារ​ពេលវេលា ១២០​ថ្ងៃ​ទៀត​សម្រាប់​ការលើក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​។ ប៉ុន្តែ​លោក​ព្រមាន​ថា នេះ​អាចជា​លើកចុងក្រោយ​ដែល​លោក​ព្យួរ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ បើ​លក្ខខណ្ឌ​ដែល​លោក​ដាក់ចេញ​មិន​ត្រូវបាន​អនុវត្ត​ទេនោះ​។ សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប និង​សភា ត្រូវ​រង​សម្ពាធ​ខ្លាំង​ដោយសារ​ឱសានវាទ​របស់លោក ត្រាំ បើ​មិន​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ នេះ ក្លាយជា​អសារ​បង់​ទេនោះ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១២ ខែមករា លោក ត្រាំ បានប្រកាសថា លោក​មិនទាន់​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ទេ ទោះជា​លោក​មិន​ពេញចិត្ត​ខ្លាំង​ក្ដី​។ ប៉ុន្តែ​លោក​បានផ្ដល់​ជម្រើស​ពីរ​ដើម្បី​បញ្ចប់​បញ្ហា គឺ​ដោះស្រាយ​ចន្លោះប្រហោង​ដ៏​ធំធេង​ក្នុង​កិច្ចព្រមព្រៀង​នេះ ឬក៏​ទុក​ឲ្យ​អាមេរិក​ដើរចេញ​។ អឺរ៉ុប និង​ភាគី​ផ្សេងទៀត​ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​មាន​រយៈ​១២០​ថ្ងៃ​ដើម្បី​ចាត់ការ​តាម​បំណង​លោក ត្រាំ ។​

​កន្លងមក​លោក ត្រាំ បាន​បន្ត​រិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឥតមាន​សំចៃមាត់​ឡើយ ហើយ​លោក​ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​អាក្រក​បំផុត​មួយ​ដែរ​។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ នេះ​មាន​គោលដៅ​ដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការកម្រិត​ការផ្តល់​ថាមពលនុយក្លេអ៊ែរ​រប​ស់​អ៊ីរ៉ង់​ផង​។ យ៉ាងណាក្ដី លោក ត្រាំ ចង់បាន​កិច្ចព្រមព្រៀង​ថ្មី​មួយទៀត​ដើម្បី​រឹតត្បិត​អ៊ីរ៉ង់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ បានដាក់​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​រក្សា​វត្តមាន​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ដូចជា​អ៊ីរ៉ង់​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​ត្រួតពិនិត្យ​បន្ទាន់​ចូលទៅ​កាន់​ទីតាំង​នុយក្លេអ៊ែរ​ទាំងអស់ និង​បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​សំដៅដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នឹងមិន​អស់​សុពលភាព​ជាដើម​។ លោក ត្រាំ ក៏​ចង់​បង្កើត​ច្បាប់​ថ្មី​ដែល​ចងកម្ម​វិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី​ងាយស្រួល​ដាក់ទណ្ឌកម្ម ក្នុងករណី​មានការ​បំពាន​។​

​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក បូក​បន្ថែម​ចិន និង រុស្ស៊ី​ផង​នោះ​សុទ្ធតែ​យល់ឃើញថា ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ ហើយ​វា​ជា​រឿង​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​អ៊ីរ៉ង់​ផលិត​នុយក្លេអ៊ែរ​ដោយ​ប្រើប្រាស់​នយោបាយ​ការទូត​នោះ​។ ជាមួយ​ការដាក់​លក្ខខណ្ឌ​នេះ គេ​ត្រូវ​រង់ចាំ​មើល​នៅ​១២០​ថ្ងៃក្រោយ​ថា កិច្ចព្រមព្រៀង​មួយ​នេះ​នឹងមាន​វាសនា​បន្តជីវិត​ទៀត ឬក៏​ត្រូវអស់​ដង្ហើម​ដោយ​ស្នាដៃ​លោក ត្រាំ ៕


Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  អឺរ៉ុប​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com