អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ថា សេ​អ៊ូ​លយ​ល់ពី​ព្យុងយ៉ាង​ជាង​នរណា​ទាំងអស់​
19, Jan 2018 , 8:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា (រូបភាព៖ AFP)
​ទន្ទឹមនឹង​ការចរចា​ជា​បន្តបន្ទាប់​រវាង​កូរ៉េ​ទាំងពីរ ប្រទេស​ជាច្រើន​និយាយ​ឲ្យ​ចំ​អាមេរិក និង​ជប៉ុន បានបង្ហាញ​ការសង្ស័យ​លើ​អាកប្បកិរិយា​ទន់ភ្លន់​ខុសប្លែក​របស់​កូរ៉េខាងជើង និង​ចាត់ទុក​ជាការ​ពង្វាង​ភ្នែក​អន្តរជាតិ​ឲ្យ​ឆ្ងាយ​ពី​កម្មវិធី​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រមុខ​ការទូត​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា និយាយថា ការចរចា​នឹង​បន្ត​ទៅមុខទៀត ហើយ​កូរ៉េខាងត្បូង​ក៏មាន​ភ្នែក​ភ្លឺ ដែលអាច​​យល់ដឹង​ជំហរ​របស់​កូរ៉េខាងជើង​បាន​។​



​ចាប់តាំងពី​ជួបគ្នា​លើកដំបូង​នៅ​ថ្ងៃទី​៩ ខែមករា កូរ៉េ​ទាំង​ពីរបាន​ជួបគ្នា​បី​ដង​ហើយ ដោយបាន​ពិភាក្សា​លើ​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ។ ការបន្ទន់​ជំហរ​ភ្លាមៗ​របស់​កូរ៉េខាងជើង បង្ក​ជាការ​សង្ស័យ​ជាច្រើន និង​ចាត់ទុក​សកម្មភាព​កូរ៉េខាងជើង គឺជា​ការបិទបាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​។ អាមេរិក និង​ជប៉ុន បានស្នើ​ឲ្យ​កូរ៉េខាងត្បូង​ប្រុងប្រយ័ត្ន​ចំពោះ​កូរ៉េខាងជើង​ទៀតផង​។​

​ចំពោះមុខ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​កូរ៉េខាងជើង កូរ៉េខាងត្បូង​ពិតជា​រីករាយ និង​បាន​ចរចា​ជាមួយ​បងប្អូន​កូរ៉េ​របស់ខ្លួន ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន BBC ថា កូរ៉េខាងត្បូង​នឹង​ប្រើប្រាស់​ឱកាស​ពេលនេះ​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​វា​ជា​ឱកាស​កម្រ​ដែល​កូរ៉េខាងជើង​កែប្រែ​ជំហរ​រឹងរូស ហើយ​សុខចិត្ត​ជ្រើសរើស​ផ្លូវ​ចរចា​ឡើងវិញ​។

«​ខ្ញុំ​គិតថា យើង​យល់​ពី​កូរ៉េខាងជើង​ជាង​នរណា​ទាំងអស់ ព្រោះ​ធ្លាប់​ជួបចរចា​ជាមួយ​កូរ៉េខាងជើង​រាប់​ទសវត្សរ៍ ខណៈ​ការចរចា​ខ្លះ​ទៅមុខ ខ្លះ​ថយក្រោយ​ក៏មាន​»​។ នេះ​ជា​សម្ដី​របស់​លោកស្រី កាង ដែល​ទំនងជា​ឆ្លើយតប​ទៅនឹង​ការសង្ស័យ​របស់​អន្តរជាតិ​លើ​ការចរចា​រវាង​កូរ៉េ​ទាំងពីរ​។ លោកស្រី​ក៏​ទទួលស្គាល់ថា មានការ​គន់គូរ​លើស​កម្ម​ភាព​របស់​កូរ៉េខាងជើង​ដែល​សម្រេចចិត្ត​ចូល​តុ​ចរចា​វិញ តែ​ចុងក្រោយ​កូរ៉េខាងត្បូង​ត្រូវតែ​ចាប់យក​ឱកាស​នេះ​។ 

​យ៉ាងណាមិញ ប្រមុខ​ការទូត​កូរ៉េខាងត្បូង​រូបនេះ​ក៏​បញ្ជាក់ដែរថា ជំហរ​របស់​ក្រុង​សេ​អ៊ូ​ល​មិនមាន​ការផ្លាស់ប្ដូរ​ឡើយ គឺ​នៅតែ​បន្ត​ដើរ​លើផ្លូវ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ ការដាក់ទណ្ឌកម្ម​នឹង​នៅតែ​បន្ត​ធ្វើតាម​យន្តការ​ក្រុមប្រឹក្សាសន្តិសុខ និង​យន្តការ​ឯកតោភាគី សំដៅ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន និង​ងាក​ចូល​តុ​ចរចា​ជាមួយ​អន្តរជាតិ​វិញ​ផងដែរ​។​

​ងាក​ទៅ​រឿង​ចរចា​រវាង​កូរ៉េ​ទាំងពីរ​បន្តិច កូរ៉េខាងជើង​ប្រកាស​ហើយ​ថា ខ្លួន​នឹង​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​ខ្ទង់រយ​នាក់​ចូលរួម​កម្មវិធី​អូឡាំពិក​នៅ​ទី​ក្រង​ព្យុង​ឆាង ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ កូរ៉េ​ទាំងពីរ​នឹង​ប្រើ​ទង់​រួមគ្នា​ក្នុង​ពិធី​បើក​កម្មវិធី ហើយ​បង្កើត​ក្រុមកីឡា​ហុក​គី​ស្ដ្រី​រួម​ដើម្បី​ប្រជែង​ក្នុងនាម​កូរ៉េ​តែមួយ​។ ប៉ុន្តែ​គេ​ក៏ត្រូវ​រង់ចាំ​ការសម្រេចចិត្ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ​សិន​ដែរ ព្រោះ​កូរ៉េខាងជើង​មិនបាន​ចុះឈ្មោះ ហើយ​អត្ត​ព​លិ​ក​ខ្លះ​គ្មាន​សិទ្ធិ​ប្រកួត​ឡើយ​៕ 


Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  Kang Kyung-wha
© រក្សាសិទ្ធិដោយ thmeythmey.com