វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
YouTube ដាក់​លក្ខខណ្ឌ​កាន់តែ​តឹងរឹង​ចំពោះ​ការរកចំណូល​
20, Jan 2018 , 8:59 am        
រូបភាព
ដោយ: ធីតា
​ដោយសារ​តែមាន​ភាពមិន​ប្រក្រតី​មួយចំនួន​បានកើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០១៧ បណ្តាញ​សង្គម​វីដេអូ YouTube បានកំណត់​លក្ខខណ្ឌ​ថ្មី និង​តឹងរឹង​បន្ថែមទៀត សម្រាប់​អ្នក​ដែល​ត្រូវ​បានទទួល​ចំណូល (Monetization) ពី​កម្មវិធី YouTube Partner Program (YPP)​។​

 
 
​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ តទៅ គណនី​ដែល​អាច​រកលុយ​បាន​ពី YouTube ទាល់​តែមាន​ចំនួន Subscriber យ៉ាងតិច​បំផុត​១០០០ និង​ការ​ទស្សនា​យ៉ាងហោច ៤០០០​ម៉ោង នា​អំឡុង​រយៈពេល​១២​ខែ ខណៈ​គោលការណ៍​បច្ចុប្បន្ន តម្រូវ​ឲ្យ​មាន​ចំនួន​ទស្សនា​សរុប ១០​ម៉ឺន​ដង​។​
 
​លោក Neal Mohan ប្រធាន​ផ្នែក​ផលិតកម្ម និង​លោក Robert Kyncl ប្រធាន​ផ្នែក​អាជីវកម្ម​របស់ YouTube បាន​សរសេរ​រួមគ្នា​នៅលើ​ប្លក់​របស់ YouTube  ថា គោលការណ៍​របស់ YouTube ចាប់ពី​ឆ្នាំ​២០១៨​នេះ គឺ​ដើម្បី​ការពារ​អ្នក​ផលិត​វីដេអូ​ថ្មីៗ និង​មាន​ប្រយោជន៍ ហើយ​មិន​ប៉ះពាល់​ដល់​អារម្មណ៍​មនុស្ស​ទូទៅ​។​
 
​ចំពោះ​គណនី​ចាស់ YouTube នឹង​វាយតម្លៃ​ក្រោម​លក្ខខណ្ឌ​ដ៏​តឹងរឹង​បំផុត នៅពេលដែល​ពួកគេ​ទទួលបាន Subscriber ចំនួន​១០០០ និង​ការ​ទស្សនា​៤០០០​ម៉ោង​ក្នុង​រយៈពេល​១​ឆ្នាំ មុននឹង​សម្រេច​ឲ្យ​ពួកគេ​ទទួលបាន​ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម​។ រីឯ​គណនី​ថ្មី ត្រូវ​ឆ្លងកាត់​ដំណាក់​ស្នើសុំ​។​
 
​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ YouTube បន្ត​រំលឹក​ដល់​ម្ចាស់​គណនី​គោរព​ឲ្យ​បាន​តាម​លក្ខខណ្ឌ​នានា ដូចជា YouTube’s Community Guidelines, Monetization Basics & Policies, Terms of Service និង​កម្មវិធី Google AdSense​។ អ្នក​ដែល​រំលោភ​លក្ខខណ្ឌ ប្រឈម​នឹង​ការ​លុបចេញ​៕
 

Tag:
 ​បណ្តាញ​សង្គម​
  YouTube
© រក្សាសិទ្ធិដោយ thmeythmey.com