អន្តរជាតិ
អាមេរិក​៖​រដ្ឋាភិបាល​សហព័ន្ធ​ប្រឈម​ការផ្អាក​ដំណើរការ​បណ្តោះអាសន្ន ព្រោះ​សភា​មិនអាច​អនុម័ត​ថវិកា​បាន​
20, Jan 2018 , 11:54 am        
រូបភាព
 ​សេចក្តីព្រាងច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មានការ​ផ្តល់​កញ្ចប់​ថវិកា​សម្រាប់​រដ្ឋាភិបាល​ដំណើរការ​ក្នុង​រយៈពេល​ខ្លី​នោះ​ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​បដិសេធ​នៅ​ថ្ងៃ​សុក្រ​ទី ១៩ ខែមករា​។ ដោយសារ​ពេលវេលា​កាន់តែ​ខើច រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ទំនងជា​ចៀស​មិន​រួច​ពី​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ឡើយ ទម្រាំ​មានការ​ឯកភាពគ្នា​រវាង​សមាជិកសភា​ក្នុងការ​អនុម័ត​ច្បាប់​ថវិកា​គាំទ្រ​រដ្ឋាភិបាល​ឲ្យ​ដំណើរការ​វិញ​នោះ​។​

 
​ដោយសារ​ការខ្វែងគំនិត​គ្នា សមាជិក​ព្រឹទ្ធសភា​អាមេរិក​សម្រេច​បដិសេធ​សេចក្តីព្រាងច្បាប់​ផ្គត់ផ្គង់​ថវិកា​បណ្តោះអាសន្ន​ដែល​ធានា​ដំណើរការ​ប្រក្រតី​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ទី ១៩ ខែមករា​។ សមាជិកសភា​កំពុង​ខ្វែងដៃខ្វែងជើង​គ្នា​ដើម្បី​រៀបចំ​គម្រោង​ថ្មី​ដើម្បី​ដាក់​ឲ្យ​សភា​អនុម័ត​ដើម្បី​ការពារ​ការបិទ​ដំណើរការ​រដ្ឋាភិបាល​មួយរយៈ ខណៈ​កាលបរិច្ឆេទ​ផុតកំណត់​ត្រឹម​ពាក់កណ្តាល​យប់​ថ្ងៃ​សុក្រ​។​
 
​បើតាម​សារព័ត៌មាន​អាមេរិក Politico សេចក្តីព្រាង​ដែល​ច្បាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​មិនបាន​នេះ​ត្រឹម​ជួយ​ឲ្យ​រដ្ឋាភិបាល​ដំណើរការបាន​បួន​សប្តាហ៍​ទៅមុខ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​បាន សមាជិក​ព្រឹទ្ធសភា​ត្រូវការ​សំឡេង​សរុប ៦០ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ត្រូវការ​សំឡេង​សមាជិក​បក្ស​ប្រជាធិបតេយ្យ​យ៉ាងហោចណាស់​ដប់​សំឡេង​ដើម្បី​បង្គ្រប់​។  
 
​ប៉ុន្តែ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែលជា​ក្រុម​ភាគតិច​នោះ​មិន​បោះ​គាំទ្រ​ឡើយ​។ មូលហេតុ​នោះ​គឺ ពួកគេ​ខ្នើស​ចិត្តនឹង​សមាជិក​បក្ស​សា​ធាណរ​ដ្ឋ និង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ រឿង​វិធានការ​អនុវត្ត​លើ​ជនអន្តោប្រវេសន៍​។ ក្រៅពីនេះ​ពួកគេ​ក៏​មិន​ពេញចិត្ត​ចំពោះ​ការបន្ត​អនុវត្ត​នីតិវិធី​អនុម័ត​បទបញ្ញត្តិ​ជួយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ខ្លី ជាជាង​ចេញ​វិធានការ​រយៈពេល​វែង​និង​មាន​ស្ថិរភាព​ជាង​បច្ចុប្បន្ន​ដែរ​។​
 
​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​មានកា​អនុម័ត​បទបញ្ញត្តិ​ថ្មី​ដែល​ការពារ​យុវជន​ដែល​រស់នៅ​អាមេរិក​មិនមាន​ឯកសារ​គ្រប់គ្រាន់​រាប់ពាន់នាក់​ឲ្យ​រួច​ផុតពី​ការបណ្តេញចេញ​ដែរ​។ ដូច្នេះហើយ ពួកគេ​យក​បញ្ហា​ហិរញ្ញវត្ថុ​ផ្គត់ផ្គង់​ដំណើរការ​រដ្ឋាភិបាល​នេះ​ដើម្បី​ធ្វើ​ដាក់​សម្ពាធ​ឲ្យ​មានការ​ចរចា​គ្នា​សិន​បញ្ហា​ជនអន្តោប្រវេសន៍​ដែលមាន​ការឯកភាព​គ្នា​រវាង​បក្ស​ទាំងពីរ​។  
 
​តាមពិតទៅ បើសិនជា​មិនមាន​ការអនុវត្ត​ច្បាប់​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​គាំទ្រ​ដំណើរការ​ជា​ប្រក្រតី​របស់​រដ្ឋាភិបាល​តាម​ការកំណត់​ទេ វា​នឹង​ក្លាយជា​ការបិទ​ដំណើរការ​រដ្ឋាភិបាល​ជា​លើកទីមួយ​ចាប់ពី​ឆ្នាំ ២០១៣ អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​៕ 

Tag:
 ​អាមេរិក​
  Government Shutdown
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com