អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​៖​អាមេរិក​មិន​ជ្រៀតជ្រែក​កិច្ចការ​ប្រទេស​អាស៊ី​
22, Jan 2018 , 11:37 am        
រូបភាព
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បាន​ចាក​ចេញពី​អាមេរិក​នៅ​ថ្ងៃទី ២១ ខែមករា ដើម្បី​ផ្ដើម​ទស្សនកិច្ច​រយៈពេល​៧​ថ្ងៃ នៅ​តំបន់​អាស៊ី​។ លោក ម៉ា​ធី​ស គ្រោង​ទស្សនកិច្ច​នៅ​រដ្ឋ​អាស៊ាន​ចំនួន​ពីរ គឺ​វៀតណាម និង​ឥណ្ឌូណេស៊ី ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​យោធា​ទ្វេភាគី ឲ្យ​កាន់តែ​ប្រសើរឡើង ខណៈដែល​ចិន កំពុង​ពង្រីក​ឥទ្ធិពល​យោធា​របស់ខ្លួន​យ៉ាងខ្លាំង ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នេះ ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​



​ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស នឹង​ទៅដល់​រដ្ឋធានី​ហ្សា​ការ​តា ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២២ ខែមករា​។ លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ និង​រដ្ឋមន្ត្រី​ការពារជាតិ Ryamizard Ryacudu នៅ​ថ្ងៃទី​២៣ ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ស​មុ​ទ្រ ព្រោះ​ឥណ្ឌូណេស៊ី​ជា​ទឹកដី​ដ៏​ធំ លាតសន្ធឹង​ពី​មហាសមុទ្រ​ឥណ្ឌា ដល់​ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឯណោះ​។ នៅ​វៀតណាម លោក​នឹង​ជួប​សម​ភាគី​វៀតណាម​ជុំវិញ​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​លើ​យន្តហោះ​យោធា​ក្នុង​ដំណើរ​ទៅកាន់​តំបន់​អាស៊ី លោក ម៉ា​ធី​ស និយាយថា​៖ «​យើង​មាន​ចំណែក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ឈ្មោះ​របស់​វា​មានន័យថា សន្តិភាព ។ យើង​ចង់ឃើញ​ប៉ាស៊ីហ្វិក​មាន​សន្តិភាព​ដើម្បី​ឲ្យ​ប្រទេស​ទាំងអស់​ដែល​ប្រើប្រាស់ និង​រស់នៅ​ជាមួយ​មហាសមុទ្រ​នេះ​រីកចម្រើន​»​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ទស្សនកិច្ច​របស់លោក ម៉ា​ធី​ស នៅ​តំបន់​អាស៊ី​លើក​នេះ មាន​គោលដៅ​បង្ហាញ​ប្រទេស​អាស៊ី​ពី​នយោបាយ​យោធា​របស់​អាមេរិក ដែល​ខុសប្លែក​ពី​ចិន និង​រុស្ស៊ី​។ មហា​យក្ស​ចិន​មាន​នយោបាយ​ការពារជាតិ​កោងកាច​តាមរយៈ​ការធ្វើ​ទំនើបកម្ម​យោធា​បន្តបន្ទាប់ និង​ពង្រីក​អានុភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ភាគ​ត្បូង ដែលមាន​ជម្លោះ​ជាមួយ​វៀតណាម និង​ឥណ្ឌូណេស៊ី​។ ឯ​រុស្ស៊ី​វិញ​ក៏​មិនធម្មតា​ដែរ ការ​លេប​ត្របាក់​តំបន់​គ្រី​មេ ការ​លូកដៃ​ក្នុង​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​នៅ​ច​ច​ជី ជា​ឧទាហរណ៍​ស្រាប់​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម​រិ​ក​រូបនេះ​លើកឡើង​ពី​ជំហរ​របស់​អាមេរិក​ថា អាមេរិក​គោរព​អធិបតេយ្យ​ប្រទេស​អាស៊ី ជាមួយនឹង​សំឡេង​អធិបតេយ្យ និង​ការសម្រេចចិត្ត​អធិបតេយ្យ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិន ឬ​រុស្ស៊ី លោក ម៉ា​ធី​ស បន្តថា ប្រទេស​ផ្សេង​មិនគួរ​មានអំណាច​វ៉េតូ​លើ​សេដ្ឋកិច្ច ការទូត ឬក៏​ការសម្រេចចិត្ត​ផ្នែក​សន្តិសុខ​របស់​ប្រទេស​នៅ​អាស៊ី​ឡើយ ឯ​អាមេរិក​ប្រកាន់​ជំហរ​គោរព​អធិបតេយ្យ​រដ្ឋ​ទាំងនេះ​។

​ដូច​ដឹង​ស្រាប់ អាមេរិក និង​ចិន​កំពុង​ប្រជែង​ឥទ្ធិពល និង​អូសទាញ​ប្រទេស​អាស៊ី​ឲ្យ​ចូល​ជំរំ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​មួយឆ្នាំ​នៅក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ក្រុង​វ៉ាស៊ីនតោន​មិនសូវ​យកចិត្តទុកដាក់​លើ​អាស៊ី​ឡើយ ខណៈដែល​ក្រុង​ប៉េកាំង​វិញ​ប្រឹងប្រែង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា​។ នៅ​សមុទ្រ​ចិន​ខាងត្បូង ក្រុង​ប៉េកាំង​បាន​ពង្រីក​យោធា​របស់ខ្លួន​ខ្លាំង ដែល​បង្ក​ជា​ព្រួយបារម្ភ​ដល់​ប្រទេស​ទន់ខ្សោយ​ក្នុង​តំបន់​៕ 


Tag:
 អាស៊ី​
  អាមេរិក​
  វៀតណាម​
  ឥណ្ឌូណេស៊ី​
  ជេ​ម ម៉ា​ធី​ស
© រក្សាសិទ្ធិដោយ thmeythmey.com