អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ ការចរចា​រឿង​កីឡា​អូឡាំពិក​នឹង​នាំ​ដល់​ការចរចា​រឿង​នុយក្លេអ៊ែរ​
22, Jan 2018 , 3:41 pm        
រូបភាព
​នៅ​ថ្ងៃទី​២២ ខែមករា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និយាយថា ការចរចា​រវាង​កូរ៉េ​ទាំងពីរ​ស្ដីពី​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នាពេល​កន្លងមក អាចជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ការចាប់ផ្ដើម​ការចរចា​នុយក្លេអ៊ែរ​ឡើងវិញ​។ ប៉ុន្តែ​លោក មូ​ន ចេ​អ៊ី​ន មិនអាច​ធានាថា ស្ថានភាព​សព្វថ្ងៃ​អាច​នៅ​យូរ​បាន​ដល់​ណា​ឡើយ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​ស្នើ​ឲ្យ​ប្រជាជន​ទាំងអស់​គាំទ្រ​វត្តមាន​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​នេះ​។



​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ត្រូវបាន​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ចាត់ទុកជា​ឱកាស​កម្រ​ដើម្បី​ចាប់ផ្ដើម​ឡើងវិញ​នូវ​ការចរចា​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​។ បើតាម​លោក មូ​ន ចេ​អ៊ី​ន ការចរចា​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ប៉ុន្មាន​លើក​នេះ អាច​នាំ​ដល់​ការជួប​តទល់​រវាង​អាមេរិក និង​កូរ៉េខាងជើង ទោះជា​គេ​មិនទាន់​ដឹងថា កិច្ចសន្ទនា​នេះ​អាច​បន្ត​ដល់​ពេលណា​ឡើយ​។​

​ក្នុងជំនួប​ជាមួយ​ទីប្រឹក្សា​នៅ​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃទី​២២ ខែមករា លោក មូ​ន ចេ​អ៊ី​ន បញ្ជាក់ថា សព្វថ្ងៃ យើង​ជួប​ឱកាស​ដ៏​មានតម្លៃ​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ដោយសារតែ​ព្រឹត្តិការណ៍​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង​ព្យុង​ឆាង ទើប​កូរ៉េ​ទាំងពីរ​អាច​អង្គុយ​ចរចា​គ្នា​បាន ហើយ​ការចរចា​គ្នា​នេះ​កើតឡើង ស្រប​ពេលដែល​លទ្ធភាព​ផ្ទុះ​សង្គ្រាម​កាន់តែ​មកដល់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​ការលើកឡើង​របស់​មេ​ដឹកនាំ​កូរ៉េខាងត្បូង​ធ្វើឡើង ក្រោយពេល​សារ​ធាណ​មតិ​កូរ៉េខាងត្បូង​មិនសូវ​សប្បាយចិត្ត​ចំពោះ​ការព្រមព្រៀង​រវាង​កូរ៉េ​ទាំងពីរ​ក្នុង​ការបង្កើត​ក្រុមកីឡា​ហុក​គី​ស្ត្រី​រួមគ្នា​ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ លោក មូ​ន ចេ​អ៊ី​ន បានស្នើ​ឲ្យ​ប្រជាជន​គាំទ្រ​ការសម្រេចចិត្ត​នេះ ព្រោះ​វា​អាចជួយ​ឲ្យ​កូរ៉េ​ជួប​ទល់​គ្នា ក៏ដូចជា​ជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​បាន​ទៀតផង​។​

​លោក មូ​ន ចេ​អ៊ី​ន បាន​ប្រៀបធៀប​កិច្ចសន្ទនា​ជាមួយ​កូរ៉េខាងជើង​ទៅនឹង​ទៀន​កណ្ដាល​ខ្យល់ ដែល​ត្រូវការ​ការគាំទ្រ ដ្បិត​ឱកាស​នេះ​នឹង​មិនអាច​កើតឡើង​ម្ដងទៀត​ស្រួលៗ​ឡើយ​។ លើសពីនេះ ការចរចា​រវាង​កូរ៉េ​ទាំងពីរ​នឹង​ក្លាយជា​ជណ្ដើរ​ទៅកាន់​ការជួប​ទល់មុខ​រវាង​អាមេរិក និង​កូរ៉េខាងជើង ដើម្បី​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ ហើយ​ការរីកចម្រើន និង​សន្តិភាព នឹង​នៅតែ​បន្ត​វត្តមាន​របស់ខ្លួន​ឧបទ្វីប​កូរ៉េ​ដដែល​។

​ផ្ទុយ​ពី​គំនិត​សុទិដ្ឋិនិយម​របស់​កូរ៉េខាងត្បូង កូរ៉េខាងជើង​ហាក់​មិន​អើពើ​រឿង​ចរចា​ស្ដីពី​នុយក្លេអ៊ែរ​ឡើយ​។ កូរ៉េខាងជើង​ព្រម​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​មែនពិត តែ​កូរ៉េខាងជើង​អះអាង​ម្ដង​ហើយ​ម្ដង​ទៀតថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​មិនមែន​សម្រាប់​ចរចា​ឡើយ​។ សម្រាប់​ក្រុង​ព្យុងយ៉ាង នុយក្លេអ៊ែរ​នេះ​ជា​អាយុជីវិត​របស់ខ្លួន ទោះជា​ត្រូវ​រង​ទណ្ឌកម្ម និង​សម្ពាធ​ខ្លាំង​យ៉ាង​ក៏ដោយចុះ ក៏​មិន​ព្រម​បោះបង់​ឡើយ​៕ 


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com