អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ សិង្ហ​បុរី​ត្រូវ​ដឹកនាំ​ដោយ​មនុស្ស​ពេញកម្លាំង​ស្វាហាប់​
22, Jan 2018 , 9:39 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Teo Chee Hean (រូបភាព៖ Today Online)
ឧបនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Teo Chee Hean (រូបភាព៖ Today Online)
​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Teo Chee Hean នៅ​ថ្ងៃទី​២២ ខែមករា និយាយថា មេដឹកនាំ​ប្រទេសមួយ​ត្រូវជា​មនុស្ស​ពេញកម្លាំង និង​ស្វាហាប់ ហើយ​មេដឹកនាំ​ប្រទេសមួយ​មិន​អាចជា​មនុស្ស​ចាស់ជរា​បានឡើយ​។ បើតាម​លោក Teo Chee Hean ការផ្លាស់ប្ដូរ​មេដឹកនាំ​ជា​រឿង​សំខាន់​សម្រាប់​ប្រទេសមួយ​។



​ក្នុង​សន្និសីទ​ស្ដីពី Singapore Perspectives 2018 លោក Teo Chee Hean ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី បានលើកឡើង​ពី​ភាពចាំបាច់​សម្រាប់​ប្រទេសមួយ​ក្នុងការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ថ្មី​វ័យក្មេង ជំនួស​មេដឹកនាំ​វ័យ​ចំណាស់​។ ការផ្ទេរ​តំណែង​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ជា​រឿង​សំខាន់ តែ​លោក Teo Chee Hea អះអាងថា ការរក្សា​វត្តមាន​មេដឹកនាំ​ចាស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​ជា​រឿង​មាន​ប្រយោជន៍​ដែរ​។

«​អ្នក​មិន​ចង់​ឲ្យ​ប្រទេសមួយ​ក្លាយជា​ចំណាប់ខ្មាំង​នៃ​សុខភាព​មនុស្ស​មួយក្រុម​ដែលមាន​វ័យ​ចំណាស់ និង​កំពុងតែ​ចាស់​ទៅៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ឡើយ ដូច្នេះ​ការផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី គឺជា​រឿង​ចំ​បាច់​។​» នេះ​ជា​សម្ដី​របស់លោក Teo វ័យ​៦៣​ឆ្នាំ ឆ្លើយ​ទៅនឹង​អ្នកចូលរួម​កម្មវិធី ដែល​សួរ​លោក​ជុំវិញ​តួនាទី​មន្ត្រី​ចាស់ៗ​ក្នុង​រដ្ឋាភិបាល និង​សេវាសាធារណៈ ដើម្បី​ជា​តំណាង​ឲ្យ​មនុស្ស​ចាស់​ដែលមាន​ចំនួន​កើនឡើង​ក្នុង​បុរី​រដ្ឋ​មួយ​នេះ​។

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Strait Times លោក Teo ដែល​ទទួលបន្ទុក​កិច្ចការ​សេវាសាធារណៈ​ដែរនោះ ក៏​សង្ឃឹម​ដែរ​ថា មេដឹកនាំ​ជំនាន់​ក្រោយ​នឹង​មើលឃើញ​ពី​ផលប្រយោជន៍​ក្នុង​រក្សា​មេដឹកនាំ​ចាស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដើម្បី​ធានា​និរន្តរភាព​។ បើតាម​ឧបនាយករដ្ឋមន្ត្រី​រូបនេះ ការរក្សា​មន្ត្រី​ចាស់​គឺជា​ចំណុច​ពិសេស​របស់​ប្រព័ន្ធ​នយោបាយ​សិង្ហ​បុរី​។ នៅ​សិង្ហ​បុរី អតីត​នាយករដ្ឋមន្ត្រី​ទាំងពីរ ត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ប្រឹក្សា​យោបល់ បន្ទាប់ពី​លាលែង​ពី​តំណែង​។​

​លោក លី ក្វាន់​យូ អតីត​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​សិង្ហ​បុរី និង​លោក Goh Chok Tong អតីត​នាយករដ្ឋមន្ត្រី​ទី​ពីរ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រឹក្សា​យោបល់ និង​ជា​ទេសរដ្ឋមន្ត្រី​កិត្តិយស ជា​បន្តបន្ទាប់ ក្រោយ​ចាក​ចេញពី​អំណាច​។ នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក លី សៀន​ឡុង ដែលជា​កូនប្រុស​លោក លី ក្វាន់ យូ បាន​រក្សា​មេដឹកនាំ​ទាំងពីរ​នៅក្នុង​រដ្ឋាភិបាល​របស់​លោក​តាំងពី​កាន់តំណែង​ក្នុង​ឆ្នាំ​២០០៤ មកម្ល៉េះ​។​

​ដោយឡែក លោក លីន សៀន​ឡុង វិញ ក៏​អនុវត្ត​តា​មេដឹកនាំ​ជំនាន់​មុន​ដែរ ដោយ​លោក​នឹង​ចូលនិវត្តន៍​មុន​ឈានដល់​វ័យ​៧០​ឆ្នាំ​។ ពោល គឺ​នាយករដ្ឋមន្ត្រី​ទី​បី​របស់​សិង្ហ​បុរី​នឹង​ចាក​ចេញពី​តំណែង ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ​២០២១ ដែល​គេ​រំពឹងថា បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន (PAP) នឹង​បន្ត​ឈ្នះឆ្នោត​ទៀត​។ មេដឹកនាំ​វ័យក្មេង​ជំនាន់​ទី​បួន នឹង​ដឹកនាំ​ប្រទេស​ជឿនលឿន​នេះ​បន្តទៀត ហើយ​លោក លី ទំនងជា​មានមុខ​ក្នុង​រដ្ឋាភិបាល​តាម​លំ​អាន​ចាស់​៕


Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
  Teo Chee Hean
© រក្សាសិទ្ធិដោយ thmeythmey.com