អន្តរជាតិ
ប៉ា​ឡេ​ស្ទី​ន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ទទួលស្គាល់​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ឆ្លើយតប ដូ​ណា​ល់ ត្រាំ​
23, Jan 2018 , 8:39 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ប្រញាប់ប្រញាល់រ​ត់រក​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប ខណៈ​ខ្លួន​កំពុងមាន​បញ្ហា​ជាមួយ​សហរដ្ឋអាមេរិក​។ គេ​រំពឹងថា លោក ម៉ា​មូ​ត អាបាស ទំនងជា​នឹង​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​ជា​រដ្ឋ​ផ្លូវការ ដូចដែល​អាមេរិក​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ដែរ​។



​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​មូ​ត អាបាស ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​សហភាព​អឺរ៉ុប​ដើម​សប្តាហ៍​នេះ ដើម្បី​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​អង្គការ​តំបន់​ដ៏​មាន​ឥទ្ធិពល​នេះ​។ ទស្សនកិច្ច​របស់លោក​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជា​ផ្លូវការ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក អាបាស នឹង​ជួបពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​សហភាព​អឺរ៉ុប​ជាមួយ​ប៉ា​ឡេ​ស្ទី​ន ក៏ដូចជា​បញ្ហា​ពាក់ព័ន្ធ​នឹង​ការកសាង​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​។

​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​ប៉ា​ឡេ​ស្ទី​ន Riad al-Malki បាន​ថ្លែង​ពី​ក្រុង​ព្រុ​ច​សែ​ល​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ប្រមុខរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នឹង​ឆ្លៀតឱកាស​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​ជា​រដ្ឋ​ឯករាជ្យ ដើម្បី​ឆ្លើយតប​នឹង​ការ​សហរដ្ឋអាមេរិក​ដែល​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​ផ្លូវការ​កន្លងមក​។ លោក​ក៏​រំពឹង​ទទួលបាន​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហ​ភាព​អឺរ៉ុប​ផងដែរ ក្នុងឋានៈ​ជា​រដ្ឋ​ផងដែរ​។​

​យ៉ាងណា​ក៏ដោយចុះ មន្ត្រី​ទូត​សហភាព​អឺរ៉ុប​បាន​លួច​បង្ហើប​ថា ទោះជា​មានការ​អំពាវនាវ​ពី​ខាង​ប៉ា​ឡេ​ស្ទី​ន​ក៏ដោយ ការទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​ជា​រដ្ឋ​ឯករាជ្យ​នោះ​មិនមែនជា​គោលដៅ​របស់​សហភាព​អឺរ៉ុប​ឡើយ​។ មកដល់​បច្ចុប្បន្ន សហភាព​អឺរ៉ុប​មិនមាន​ជំហរ​ក្នុងការ​ធ្វើ​បែប​នោះឡើយ ប៉ុន្តែ​អង្គការ​តំបន់​នេះ​បើកផ្លូវ​ទុក​ឲ្យ​រដ្ឋ​សមាជិក​របស់ខ្លួន​នីមួយៗ​ពិចារណា​ទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​តាមចិត្ត​របស់ខ្លួន​ចុះ​។ ចំណែក​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​នោះ វា​ប្រហែលជា​មិនអាច​ទៅរួច​ឡើយ​ព្រោះ​ប៉ា​ឡេ​ស្ទី​ន​មិនមាន​សមត្ថភាព​ពេញលេញ​ឡើយ​។​    ​
​តាម​សម្តី​ប្រមុខ​ការទូត​ប៉ា​ឡេ​ស្ទី​ន​ខាងលើ លោក អាបាស ក៏​នឹង​ជជែក​ពី​ដំណើរ​កសាង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ផងដែរ​។​លោក អាបាស បង្ហាញ​ការប្តេជ្ញាចិត្ត​ពេញលេញ​ក្នុងការ​ចូលរួម​កសាង​សន្តិភាព ហើយ​លោក​ក៏​នឹង​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​បង្កើន​តួនាទី​របស់ខ្លួន​ឲ្យ​ធំ​ជាង​មុន​ក្នុង​ការជួយជ្រោមជ្រែង​ការកសាង​សន្តិភាព​នេះដែរ​។
​    ​
​កន្លងមក​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​បានបញ្ជាក់​ច្បាស់​ហើយ​ថា ខ្លួន​នឹងមិន​ទទួលយក​អាមេរិក​ជា​សន្ធាន​ការី​ជួយ​សម្រុះសម្រួល​ការដោះស្រាយ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ទៀតឡើយ​។ អាមេរិក​លែង​ជា​ភាគី​ឯករាជ្យ និង​មិន​លម្អៀង​ទៀតហើយ ក្រោយ​ការទទួលស្គាល់​ហ្ស៊​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​នោះ​៕

Tag:
 ប៉ា​ឡេ​ស្ទី​ន​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  ម៉ា​មូ​ត អាបាស​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com