អន្តរជាតិ
អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ ថា ចិន​លេប​យក​កោះ​ខ្លួន​ជាច្រើន តែ​រដ្ឋាភិបាល​ឲ្យ​បង្ហាញ​ភស្តុតាង
23, Jan 2018 , 2:54 pm        
រូបភាព
អតីតប្រធានាធិបតីម៉ាល់ឌីវ Mohamed Nasheed (រូបភាព៖ AFP)
អតីតប្រធានាធិបតីម៉ាល់ឌីវ Mohamed Nasheed (រូបភាព៖ AFP)
​អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ Mohamed Nasheed បាន​ចោទ​ចិន​ថា កំពុង​លេប​យក​កោះ​របស់​ម៉ា​ល់​ឌី​វ​ជាច្រើន ដែលមាន​ទីតាំង​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ បើតាម​លោក Nasheed សកម្មភាព​របស់​ចិន​បង្ក​ជាការ​គំរាមកំហែង​ទៅលើ​សន្តិភាព និង​ស្ថិរភាព​នៃ​មហាសមុទ្រ​មួយ​នេះ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​ឯណោះ បាន​ទាត់​ចោលការ​ចោទ​របស់លោក Nasheed ហើយ​ទាមទារ​ភស្តុតាង​ថែមទៀត​។​



​មេដឹកនាំ​និរទេស​ខ្លួន​របស់​ម៉ា​ល់​ឌី​វ Mohamed Nasheed បាន​រិះគន់​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​របស់លោក ដែល​គ្មាន​តម្លាភាព និង​មិន​គោរព​នីតិវិធី​អ្វី​ឡើយ​។ ដោយ​ហៅ​ការវិនិយោគ​របស់​ចិន​ជា​ទិញ​អធិបតេយ្យ​របស់​ម៉ា​ល់​ឌី​វ លោក Nasheed បានស្នើ​ឲ្យ​ប្រជាជន​ម៉ា​ល់​ឌី​វ​ទាំងអស់​ប្រើប្រាស់​ឱកាស​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៨ ដើម្បី​រើ​បម្រាស​ខ្លួន​ពី​ឥទ្ធិពល​របស់​ចិន មុន​នឹងមាន​វាសនា​ដូច​ស្រីលង្កា​។​

​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ស្រីលង្កា​នៅ​ថ្ងៃទី​២២ ខែមករា លោក Nasheed ដែល​ត្រូវ​តុលាការ​ម៉ា​ល់​ឌី​វ​កាត់ទោស​ជាប់គុក​១៣​ឆ្នាំ​ពីបទ​ភេរវកម្ម និយាយថា ការ​លេប​យក​កោះ​បាន​កើតឡើង​ក្រោមរូបភាព​វិនិយោគ​តាមរយៈ​ការទិញ​ដី និង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ  ហើយក៏​ទិញ​អធិបតេយ្យ​ម៉ា​ល់​ឌី​វ​តែម្ដង​។ លោក​អះអាងថា កោះ​តូចៗ​យ៉ាងតិច​ចំនួន​១៦ ទៅ​១៧ ត្រូវ​លេប​យក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​ការចោទប្រកាន់​របស់​អតីត​ប្រធានាធិបតី​រូបនេះ ត្រូវបាន​អគ្គរដ្ឋទូត​ម៉ា​ល់​ឌី​វប្រ​ចាំ​ស្រីលង្កា Mohamed Hussain Shareef ទាត់ចោល​។ តំណាង​ម៉ា​ល់​ឌី​វ​និយាយថា រដ្ឋធម្មនុញ្ញ​បាន​ហាម​ការគ្រប់គ្រង​កោះ​ណាមួយ បើ​មិនបាន​បោះទុន​វិនិយោគ​ធំ​ទេនោះ​។ លោក​បន្តថា​៖ «​យោងតាម​ច្បាប់ វិនិយោគិន​អាច​គ្រប់គ្រង​កោះ​បាន លុះត្រា​បោះទុន​លើស​មួយ​ពាន់​លាន​ដុល្លារ​។ មកទល់ពេលនេះ មិនទាន់មាន​ការរក​ស៊ី​ទ្រង់ទ្រាយ​ធំ​បែបនេះ​ឡើយ​។ ចំពោះ​ការជួល​វិញ ក្រុមហ៊ុន​ចិន​បាន​ជួល​រី​សត​ជាច្រើន​មែន​»​។​

​លោក Shareef បាន​ប្រាប់​ឲ្យ​លោក Nasheed បញ្ចេញ​ភស្តុតាង​ដើម្បី​គាំទ្រ​អំណះអំណាង​របស់ខ្លួន ដោយ​យ៉ាងហោចណាស់​ក៏​ប្រាប់​ឈ្មោះ​កោះ​ដែល​ចិន​លេប​យក​ដែរ​។ ប៉ុន្តែ​លោក Nasheed លើកឡើងថា សកម្មភាព​របស់​ចិន​មិន​ត្រឹមតែ​គំរាម​ម៉ា​ល់​ឌី​វ​ឡើយ តែ​ប៉ះពាល់​សន្តិសុខ​តំបន់​ទាំងមូល​។ ក្នុងន័យនេះ អតីត​ប្រមុខរដ្ឋ​ម៉ា​ល់​ឌី​វ​ដដែល​នេះ​បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​ងើបឡើង​ប្រឆាំង​ចិន ជាពិសេស​ប្រឆាំង​ការលក់​អធិបតេយ្យ​ម៉ា​ល់​ឌី​វ​តែម្ដង​។​

​សូមបញ្ជាក់ថា លោក Nasheed គឺជា​ប្រធានាធិបតី​ឆ្លងកាត់​តាម​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​មុនគេ​របស់​ប្រទេស​កោះ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ ។ លោក​ត្រូវបាន​បណ្ដេញ​ពី​អំណាច​ក្នុង​ឆ្នាំ​២០១២ ។ ក្រោយមក​លោក​ត្រូវបាន​កាត់ទោស​រយៈពេល​១៣​ឆ្នាំ ដែល​រឿងនេះ​បាន​រារាំង​លោក​ពី​ការចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៨ ។ លោក​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត​ឡើងវិញ​៕


Tag:
 ម៉ា​ល់​ឌី​វ​
  Mohamed Nasheed
  Yameen Abdul Gayoom
© រក្សាសិទ្ធិដោយ thmeythmey.com