អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ថា រដ្ឋ​អាស៊ាន​ខ្លះ​ចង់​ទិញ​ខែល​ការពារ​មី​ស៊ី​ល S-400
23, Jan 2018 , 4:21 pm        
រូបភាព
​ពី​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ឧ​ត្ត​ម​សេនីយ៍ Sergei Shoigu បាន​និយាយថា ប្រទេស​ជាច្រើន​បាន​ចាប់អារម្មណ៍​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល S-400 ក្នុងនោះ​មាន​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​តំបន់​អាស៊ាន​។ ប៉ុន្តែ លោក Shoigu មិនបាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​ឡើយ តែ​បាន​ព្រលយ​ថា ការចរចា​កំពុង​បន្ត​នៅឡើយ​។​



​គុណភាព​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស៊េរី​ទំនើប S-400 កំពុង​ទាក់ទាញ​អតិថិជន​បាន​យ៉ាងច្រើន​។ តួ​ក​គី​ទើបតែ​បញ្ជា​ទិញ​ប្រព័ន្ធ​នេះ​រួចរាល់ ហើយ​ការផ្គត់ផ្គង់​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២០​។ ប្រមុខ​ការពារជាតិ​រុស្ស៊ី Sergei Shoigu នៅ​ថ្ងៃទី​២៣ ខែមករា លើកឡើងថា រដ្ឋ​នៅ​មជ្ឈិមបូព៌ា និង​អាស៊ីអាគ្នេយ៍​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះដែរ​។​

​លោក Shoigu ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម បាន​និយាយ​អួតអាង​ពី​អានុភាព​របស់​ប្រព័ន្ធ​ការពារ S-400 ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​អះអាងថា S-400 ជា​ប្រព័ន្ធ​ដ៏​ពិសេស និង​មាន​ឥទ្ធិពល​ដែល​ប្រព័ន្ធ​ការពារ​អាកាស​ផ្សេងទៀត មិនអាច​ប្រៀបធៀប​បានឡើយ​។ លោក​ចាត់ទុក​ការ​កុម្ម៉ង់​ទិញ​របស់​តួ​ក​គី​ជាការ​ទទួលស្គាល់​គុណភាព​នៃ​ប្រព័ន្ធ​នេះ​។​

​ទន្ទឹមគ្នា​នោះ ក្រុង​មូ​ស្គូ នឹង​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ទៅកាន់​អតិថិជន​ដែល​ទិញ S-400 ទៀតផង​។ មូ​ស្គូ​បាន​ពង្រាយ​ប្រព័ន្ធ​ការពារ​ធុន S-400 ចំនួន​ពីរ​នៅ​ស៊ី​រី​ដើម្បី​ការពារ​ដែនអាកាស​ស៊ី​រី​ផង និង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវកម្ម​ផង ហើយក៏​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ប្រព័ន្ធ​ការពារ​នេះ​ក៏ត្រូវ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ការពារ​អាកាស​របស់​រុស្ស៊ី​ផងដែរ ព្រម​គ្នា​នឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផ្សេងទៀត​ដូចជា Pantsir និង S-300 ជាដើម​ផង​។

​យ៉ាងណាមិញ ប្រមុខ​ការពារជាតិ​រុស្ស៊ី​មិនបាន​បង្ហើប​ឈ្មោះ​រដ្ឋ​អាស៊ីអាគ្នេយ៍ ដែល​ចង់​ទិញ​ប្រព័ន្ធ S-400 នេះ​ទេ​។ ប៉ុន្តែ​មុន​ទៅដល់​វៀតណាម លោក Shoigu ក៏​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ថ្មីៗ ដែល​រុស្ស៊ី​បានសម្រេច​ចិត្ត​លក់​ឲ្យ​មី​យ៉ាន់​ម៉ា​នូវ​យន្តហោះ​ចម្បាំង​ធុន Su-30 ចំនួន​៦​គ្រឿង​។ ក្រៅពី​ប្រទេស​ទាំងពីរ​នេះ ឥណ្ឌូណេស៊ី និង​ថៃ​ក៏​ជា​ម៉ូយ​អាវុធ​របស់​រុស្ស៊ី​ដែរ ខណៈ​ហ្វីលីពីន​ក៏​ចាប់ផ្ដើម​ងាក​រក​ផលិតផល​របស់​រុស្ស៊ី​ដូចគ្នា​។​

S-400 ជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Rostec របស់​រុស្ស៊ី​ផ្ទាល់ និង​ចូល​បម្រើ​យោធា​ក្នុង​ឆ្នាំ​២០០៧ ។ ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​បាញ់​ទម្លាក់​យន្តហោះ មី​ស៊ី​ល​នាំ​ផ្លូវ និង​មី​ស៊ី​ល​បាលី​ស្ទិ​ករាប់​ទាំង​មី​ស៊ី​ល​ចម្ងាយ​មធ្យម ក៏ដូចជា​គោលដៅ​លើគោក​ផង​។ ខែល​ការពារ S-400 នេះដែរ អាច​ចំ​គោលដៅ​ដែល​នៅ​ចម្ងាយ​៤០០​គីឡូម៉ែត្រ និង​រយៈកម្ពស់​៣០​គីឡូម៉ែត្រ​បាន​។ ចិន ជា​ប្រទេស​ដំបូង​គេ​ដែល​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​ធុន​នេះ​៕


Tag:
 រុស្ស៊ី​
  អាស៊ាន​
  S-400
  Sergei Shoigu
© រក្សាសិទ្ធិដោយ thmeythmey.com