អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទិញ​ម៉ូតូ​ធំ​ផលិត​ក្នុងស្រុក​ដើម្បី​លើកស្ទួយ​តម្លៃ​«​ម៉ាក​ម៉ូតូ​របស់​ជាតិ​»
23, Jan 2018 , 8:39 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ទិញ​ម៉ូតូ​ធំ​មួយគ្រឿង​ក្នុងតម្លៃ​ពិសេស ដែលជា​ផលិតផល​ក្នុងស្រុក​តែម្តង ។ ការណ៍ ដែល​លោក​ប្រធានាធិបតី​រូបនេះ សម្រេច​ទិញ​ម៉ូតូ មិនមែន​ដោយសារ​លោក​ចូលចិត្ត​ជិះ​ម៉ូតូ​ធំ​នោះទេ តែ​ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ប៉ុណ្ណោះ​។



​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ​ចុង​សប្តាហ៍​មុន បានទទួល​ម៉ូតូ​ធំ​ពណ៌​មាស​ម៉ាក Royal Enfield Bullet ម៉ាស៊ីន 350 cc បន្ទាប់ពី​លោក បានឃើញ​នៅក្នុង​កម្មវិធី​តាំងពី​ពណ៌​មួយ​កាលពីពេល​ថ្មី​នេះ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post  នៅ​ថ្ងៃ​២១ មករា ដែល​បាន​ដកស្រង់​ចេញពី​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ផ្ទាល់​ប្រធានាធិបតី​តែម្តង ។

​លោក​ប្រធានាធិបតី បាន​អះអាងថា ម៉ូតូ​ដែល​លោក​ទិញ​មានតម្លៃ ៩,៨០០ ដុល្លារ ហើយ​វា​ជាត​ម្លៃ​ពិ​សេសមួយ​សម្រាប់​លោក ដ្បិត​មុនពេល​លោក​ចរចា​បញ្ចុះតម្លៃ​ជាមួយនឹង​ក្រុមហ៊ុន តម្លៃ​ម៉ូតូ​គឺ​រហូតដល់ ១១,២៦១​ដុល្លារ​។ ហើយ​គោលដៅ នៃ​ការទិញ​នេះ ដើម្បី​ផ្តល់​តម្លៃ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ។

​លោក បន្ថែមទៀតថា វា​មិនមែនជា​លើកដំបូង​ឡើយ​ដែល​លោក​ទិញ​ផលិតផល​ក្នុងស្រុក​ដើម្បី​ផ្តល់​តម្លៃ​ដល់​ផលិត​ក្នុងស្រុក​។ កន្លងមក លោក ក៏​ធ្លាប់​ទិញ​កាហ្វេ​ល្បី​ដែលជា​ផលិត​ឥណ្ឌូណេស៊ី​ផងដែរ ។​

​ជុំវិញ​ម៉ាក​ម៉ូតូ​ឥណ្ឌូណេស៊ី​នេះដែរ លោក​ប្រធានាធិបតី ដែល​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​ពី​ក្រុមហ៊ុន ជឿជាក់ថា ម៉ូតូ​នេះ​មិន​ត្រឹម​ទទួលបាន​ការបញ្ជាទិញ​ពី​សំណាក់​អ​ថិ​ជន​ក្នុងស្រុក​ប៉ុណ្ណោះ​នោះទេ វា​ក៏​អាច​ទាក់ទាញ​អតិថិជន​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង ។ ទីផ្សារ​ដែល​លោក រំពឹង​នោះ រួមមាន ថៃ ម៉ាឡេស៊ី និង ហ្វីលីពីន​ជាដើម ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  ម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com