អន្តរជាតិ
ឥណ្ឌា​បង្អួត​ទស្សនីយភាព​រ៉ា​ម៉ា​យ៉ាណៈ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឥណ្ឌា​-​អាស៊ាន​
24, Jan 2018 , 7:59 am        
រូបភាព
ដោយ: ធីតា
​មេដឹកនាំ​ទាំង​អស់ពី​តំបន់​អាស៊ាន ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​នា​ពិធី​ដង្ហែ​ព្យុះ​ហយា​ត្រា​គម្រប់​ខួប​៦៩ឆ្នាំ​នៃ​ថ្ងៃ​សាធារណរដ្ឋ «Republic Day» នៅក្នុង​ក្រុង​ញូ​វ​ដេលី នា​ថ្ងៃទី​២៥ ខែមករា​។ ជាមួយគ្នានេះ​ផងដែរ ឥណ្ឌា​បាន​យក​ទិវា​បុណ្យ​រ៉ា​ម៉ា​យ៉ាណៈ (Ramayana Festival) ជា​មធ្យោបាយ​នៃ​ការពង្រឹង​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​អាស៊ាន ដែលមាន​អាយុកាល​២៥​ឆ្នាំ​។



​ក្រោម​ការរៀបចំ​របស់​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ្ឌា (ICCR) ទិវា​បុណ្យ​រ៉ា​ម៉ា​យ៉ាណៈ ត្រូវបាន​រៀបចំឡើង​នារ​យៈ​៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ រហូតដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា​។ ឈុត​ឆាក​នៃ​ទេវ​កថា «​រ៉ា​ម៉ា​យ៉ាណៈ​» នឹងត្រូវ​បង្ហាញជូន​ភ្ញៀវកិត្តិយស​ទាំងអស់​ដែលជា​ថ្នាក់ដឹកនាំ​ពី​ឥណ្ឌូណេស៊ី សិង្ហ​បុរី ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ ថៃ ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​កម្ពុជា​។

​លោក Norendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​សរសេរ​នៅលើ Twitter របស់ខ្លួន​ថា ទស្សនីយភាព​រ៉ា​ម៉ា​យ៉ាណៈ នឹង​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​កាន់តែ​ជ្រាលជ្រៅ​រវាង​ប្រជាជន និង​ប្រវត្តិសាស្ត្រ​ជាមួយ​តំបន់​អាស៊ាន​ទាំងមូល​។​

​វប្បធម៌​ប្រទេស​នៅ​អាស៊ាន​ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី សុទ្ធតែ​ទទួល​ឥទ្ធិពល​ពី​ទេវ​កថា «Ramayana» របស់​ឥណ្ឌា​។ រឿង «​រាមកេរ្តិ៍​» ជាពិសេស​ឈុត​ឆាក​សង្គ្រាម​រវាង​មនុស្ស យក្ស និង​ទេវៈ បាន​ជ្រាប​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា តាំង​ពីមុន​សម័យ​មហា​នគរ មកម្ល៉េះ​៕


Tag:
 អាស៊ាន​-​ឥណ្ឌា​
  រ៉ា​ម៉ា​យ៉ាណៈ​
  រាមកេរ្តិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com