អន្តរជាតិ
ហេតុអ្វី​ឥណ្ឌូណេស៊ី នៅតែ​បន្ត​នាំចូល​អំបិល​រាប់លាន​តោន​ពី​បរទេស ?
24, Jan 2018 , 9:23 am        
រូបភាព
ដោយ:
«​បងធំ​អាស៊ាន​» ជា​ពាក្យ ដែល​គេប្រើញឹកញាប់​ដើម្បី​សំដៅលើ​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​ផ្ទៃដី​ធំជាងគេ​របស់​អាស៊ាន ។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​មួយ ពាក់ព័ន្ធ​នឹង​បងធំ​មួយ​នេះ គឺ ឥណ្ឌូណេស៊ី មិនទាន់​អាច​ផលិត​អំបិល​ដើម្បី​ផ្គត់ផ្គង់​ស្របតាម​តម្រូវការ​របស់​ប្រជាជន​ក្នុងស្រុក​បានឡើយ ។ មាន​មូល​ហេតុអ្វី​បាន​ឥណ្ឌូណេស៊ី នៅតែ​ពឹង​ផ្អែកលើ​ការនាំ​ចូល​អំបិល​បរទេស ?



​តាមពិតទៅ ឥណ្ឌូណេស៊ី មិនមែនជា​ប្រទេស ដែល​មិនមាន​សមុទ្រ​ឡើយ​។ ឥណ្ឌូណេស៊ី តំបន់ឆ្នេរ​ប្រវែង​ប្រមាណ​ជាង ប្រាំ​ម៉ឺន​គីឡូ​ម៉ែត​ដែរ ក៏ប៉ុន្តែ​រៀងរាល់ឆ្នាំ បងធំ​អាស៊ាន​មួយ​នេះ ត្រូវ​នាំចូល​អំបិល​ពី​ក្រៅប្រទេស​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​រហូតដល់ ១,៦ លាន​តោន​ក្នុង​មួយឆ្នាំៗ​ឯណោះ ។

​ការណ៍ ដែល​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី ត្រូវ​នាំចូល​អំបិល​ពី​ក្រៅ​នោះ ក៏​ព្រោះតែ ការផលិត​ក្នុងស្រុក​តិច​ដែលមាន​មួយចំនួន​ជាការ​ផលិត​បែប​ប្រពៃណី និង​តាម​ផ្ទះ និង គុណភាព​នៃ​ការផលិត​ក្នុងស្រុក មិនមាន​គុណភាព​ខ្ពស់​តាម​ស្តង់ដារ​របស់​រោងចក្រ ។ អ្វីដែល​សំខាន់​នោះ អំបិល​ឥណ្ឌូណេស៊ី មិនសូវមាន​សា​ធាតុ សូ​ដ្យូ​ម​ក្ល​រ៉ា​ត (sodium chloride) ។

​មួយវិញទៀត​នោះ ការទទួល​ឥទ្ធិពល​អាកាស​ត្រជាក់ និង​សើម​ក្នុង​រយៈពេល​យូរ ក៏​ជា​ផ្នែក​មួយ​នៃ​បញ្ហា ដែល​ធ្វើ​ឥណ្ឌូណេស៊ី មិនអាច​ផលិត​អំបិល​បាន​ផងដែរ ។ ជាក់ស្តែង​នោះ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧ កន្លងទៅ ឥណ្ឌូណេស៊ី ក៏បាន​ជួប​វិបត្តិ​ខ្វះ​អំបិល ដោយសារតែ​អាកាសធាតុ​មួយ​នេះ ដែល​ពេលនោះ ធ្វើ​ឲ្យ​តម្លៃ​នៃ​អំបិល​នៅ​ទីផ្សារ​ត្រូវ​ឡើងថ្លៃ​ទ្វេដង ។

​យ៉ាងណាក៏ដោយ នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បាន​អះអាងថា នៅ​ឆ្នាំ​២០២០ ឥណ្ឌូណេស៊ី នឹង​ឈប់​នាំចូល​អំបិល​ពី​ក្រៅ​ទៀតហើយ ។ លោក ថ្លែងថា រដ្ឋាភិបាល នឹង​បន្ត​រិះរក​មធ្យោបាយ​ដើម្បី​បង្កើន​ផលិតផល​អំបិល​របស់​ជាតិ ដែល​រួមមាន​តាមរយៈ​ការពង្រីក​ដី​មាន​សក្តានុពល​អំបិល​ជាដើម ៕

Tag:
 ឥណ្ឌូណេស៊ី​
  អំបិល​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com